ពីនេះ ពីនោះ
សាធារណជន​៖ និយាយ​ឲ្យ​តម្លៃ​សីលធម៌ ប៉ុន្តែ​ម្ដេច​មិន​គិតគូ​ធ្វើយ៉ាងណា​ឲ្យ​មាន​សីលធម៌​?
30, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សីលធម៌​គឺជា​បញ្ញត្តិ​មួយ​ដែលមាន​តម្លៃ​បំផុត​ចំពោះ​ភាវៈ​ជាម​នុស្ស​។ ព្រោះថា សត្វ​មិន​ស្គាល់​អ្វី​ទៅជា​សីលធម៌ ឬ​អសីលធម៌​នោះទេ គឺ​មានតែ​មនុស្ស​ទេ​ដែល​អាច​យល់បាន​។ ចុះ​ហេតុអ្វី​មនុស្ស​ចាំបាច់​ត្រូវមាន​សីលធម៌​? ហើយ​ហេតុអ្វី​មនុស្ស​ចាំបាច់​ស្វែងយល់​ពី​សីលធម៌​រស់នៅ​?



​ជាការ​ពិតណាស់ នៅពេលដែល​បុគ្គល​ម្នាក់​មាន​សីលធម៌ វា​នឹងធ្វើ​ឲ្យ​បុគ្គល​នោះ​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​វិន័យ​នៅក្នុង​ជីវិត​។ បន្ថែម​ពីនេះ នៅពេលដែល​មនុស្ស​ម្នាក់​មាន​វិន័យ នោះ​វា​ងាយ​នឹង​ជួយ ឲ្យ​បុគ្គល​នោះ​មាន​ភាពជោគជ័យ​ក្នុង​ការងារ ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ ជីវិត​សង្គម និង​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល មិន​ថា​ស្ថិតនៅក្នុង​លក្ខខណ្ឌ​បែបណា​នោះទេ​។ លើសពីនេះទៅទៀត​នោះ នៅពេលដែល​បុគ្គល​ម្នាក់ កាន់​តែមាន​ភាពជោគជ័យ​ក្នុង​ការងារ គឺ​បុគ្គល​នោះ​កាន់​តែមាន​សីលធម៌ ។ ហើយ បុគ្គល​ម្នាក់​កាន់​តែមាន​សីលធម៌ នោះ​នឹង​នាំ​ឲ្យ​បុគ្គល​នោះ​កាន់​តែមាន​សេចក្ដីថ្លៃថ្នូរ​ក្នុង​ជីវិត​។​

​ផ្ទុយ​មកវិញ នៅពេលដែល​បុគ្គល​ម្នាក់​អសីលធម៌ នោះ​នឹង​ងាយ​ទាញ​ទម្លាប់​ជីវិត​របស់​ជន​នោះ​ឲ្យ​ក្លាយជា​មនុស្ស​ដែល​គ្មាន​វិន័យ​។ នៅពេលណា​ដែល​មនុស្ស​ម្នាក់​គ្មាន​វិន័យ​នៅក្នុង​ជីវិត​មិនថាតែ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ កន្លែង​ការងារ នោះ​វា​ងាយ​នឹងធ្វើ​ឲ្យ​ជន​នោះ​ក្លាយជា​មនុស្ស​ដែល​គ្មាន​សណ្ដាប់ធ្នាប់ ខ្វះ​ការទទួលខុសត្រូវ បរាជ័យ​ក្នុង​ជីវិត​ទំនាក់​ទង​ប្រចាំថ្ងៃ អ្នក​នៅ​ជុំវិញខ្លួន​អស់ជំនឿ​ចិត្ត និង​ជាពិសេស​ធ្វើ​ឲ្យ​គេ​ក្លាយជា​មនុស្ស​បរាជ័យ​ក្នុង​ការងារ​ជាដើម​។ នៅ​ទីបំផុត បុគ្គល​នោះ​កាន់តែ​បន្ទាបបន្ថោក​ខ្លួនឯង និង​ក្លាយជា​បុគ្គល​ដែល​គ្មាន​តម្លៃ​។​

​ជារួម​មក មនុស្សម្នា​ក់មាន​សីលធម៌ មិនមែន​រាប់​ត្រឹមតែ​សកម្មភាព​ប្រកបដោយ​សីលធម៌​ឡើយ​។ ប៉ុន្តែ​សីលធម៌​មួយ ដែល​អាច​និយាយបានថា​ជា​សីលធម៌​ពិត​បាន គឺ​ត្រូវ​ចេញ​មកពី​គំនិត និង​ស​ញ្ចេ​ត​នា​ខាងក្នុង​ចិត្ត និង​បេះដូង​របស់​បុគ្គល​នោះ​។ សីលធម៌ ត្រូវ​ផ្សាភ្ជាប់​ជាមួយ​ចំណេះដឹង ព្រោះ​បើ​គ្មាន​ចំណេះដឹង បុគ្គល​នោះ​ពិបាក​បែងចែក​អ្វី​ជា​សីលធម៌ អ្វី​ជា​អសីលធម៌​ណាស់​។ ហេតុនេះ​បើ​ឲ្យ​តម្លៃ​ទៅលើ​សីលធម៌ គឺ​ត្រូវ​ទៅ​សិក្សា​រក​មាគ៌ា​ធ្វើយ៉ាងណា​ទើប​មាន​សីលធម៌ ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com