ពីនេះ ពីនោះ
នយោបាយ​ជ្រុលនិយម និង​បណ្ដាញ​សង្គម បានធ្វើ​ឲ្យ​សីលធម៌​កូន​ខ្មែរ​ធ្លាក់ចុះ​ឬ​?
30, Nov 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ពេញ​បណ្ដាញ​សង្គម ឲ្យ​តែមាន​ចរន្ត​ប្រែប្រួល​ផ្នែក​នយោបាយ និង​កម្ដៅ​នយោបាយ​កើនឡើង​ម្ដងៗ គេ​សង្កេតឃើញថា សន្ទុះ​អ្នក​ប្រតិកម្ម និង​បញ្ចេញមតិ​យ៉ាងសកម្ម​ជាពិសេស​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការបញ្ចេញមតិ​នេះ​មាន​ទាំង​ការជេរប្រមាថ មាន​ទាំង​រិះគន់​ស្ថាបនា និង​ពាក្យពេជន៍​គ្មាន​សីលធម៌​គ្រប់​រូបភាព​។



​ជា​ប្រវត្តិសាស្ត្រ​មកហើយ ដែល​ដូនតា​ខ្មែរ​ស្ទើរ​គ្រប់រូប​បាន​ថែរក្សា​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​របស់​ខ្មែរ​។ ជាពិសេស​ក្បួនច្បាប់​នានា​ដែល​តែងតែ​អប់រំ និង​ណែនាំ​ឲ្យ​កូន​ខ្មែរ​ឲ្យ​ចេះរ​ស់មាន​សីលធម៌​ល្អ​បែប​ខ្មែរ ចេះ​ប្រើប្រាស់​ពាក្យសម្ដី​សមរម្យ មាន​កាយវិការ​សុភាពរាបសារ​សមជា​ពូជពង្ស​អ្នក​ថ្លៃថ្នូរ​។ ព្រោះតែ​កត្តា​នេះ​គួរ​ណាស់​តែ កូន​ខ្មែរ​ចេះ​រួមគ្នា ក្នុងការ​រៀបចំ​សង្គមជាតិ ឲ្យ​មាន​សីលធម៌​ថ្លៃថ្នូរ សន្តិភាព​ពិត និង​សុភមង្គល​ពិត​។​

​ផ្ទុយ​មកវិញ ក្នុង​បរិបទ​សង្គម​ថ្មី​នេះ កូន​ខ្មែរ​ជំនាន់​ថ្មី​ហាក់​បាត់បង់​នូវ​ស្មារតី​រក្សា​សីលធម៌​សង្គម​ទៅវិញ​។ អ្វីដែល​អាច​និយាយ​បែបនេះ​បាន ព្រោះតែ​រាល់​ពាក្យសម្ដី​របស់​កូន​ខ្មែរ ដែល​បាន​បញ្ចេញមតិ បង្ហាញ​គំនិត នៅក្នុង​បណ្ដាញ​សង្គម​ភាគច្រើន គឺជា​ភាសា​ជេរប្រមាថ ពាក្យពេជន៍​គ្មាន​សីលធម៌ ការកាត់ត​រូបភាព​អាសអាភាសន៍ ដែល​មើលទៅ​ហាក់បីដូចជា​មិនមែនជា​បុគ្គល ដែល​ទទួលបាន​ការអប់រំ​។ ចំណែក​ការជេរប្រមាថ​ថ្នាក់ដឹកនាំ អ្នកនយោបាយ កើតមាន​រាងរាល់ថ្ងៃ​នៅតាម​បណ្ដាញ​សង្គម​នេះ​ព្រោះតែ​កត្តា ការប្រកាន់​នយោបាយ​ជ្រុលនិយម​ផង និង​ការមើលឃើញ​ពី​ចំណុច​អវិជ្ជា​មាន​របស់​ថ្នាក់ដឹកនាំ និង​អ្នកនយោបាយ​ផង​។ បន្ថែម​ពីនេះ មិន​ត្រឹមតែ​រឿង​ពាក់​ពាក់ព័ន្ធ​នយោបាយ​ទេ សូម្បី​រឿង​ផ្ទាល់ខ្លួន ក៏ត្រូវ​បានកូន​ខ្មែរ​សម័យថ្មី​យក​បណ្ដាញ​សង្គម​មក​ធ្វើជា​វេទិកា ជេរ​គ្នា រិះគន់​គ្នា ផងដែរ ហើយ​មើលទៅ​ដូចជា​គ្មាន​សណ្ដាប់​ទាល់តែសោះ​។

​ចំណែក​យុវជន យុវនារី កុលបុត្រ​កុលធីតា ខ្មែរ​មួយចំនួន​ផ្សេងទៀត ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហាញ​រូបរាង​ស្លៀក​ខ្លី​បញ្ចេញ​សាច់ អួត​សម្រស់ ខុសពី​ច្បាប់​ប្រពៃណី​របស់ខ្លួន​។ ការ​ស្លៀកពាក់ មិនមែនជា​កំហុស​នោះទេ ប៉ុន្តែ​រូបភាព​មួយចំនួន​របស់​កូន​ខ្មែរ​ជំនាន់​ថ្មី​នេះ​ពិតជា​មើល​មិន​សម​ភ្នែក​ពិតមែន​។

​សកម្មភាព​របស់​យុវជន​ខ្មែរ​បែបនេះ ចង់​មិន​ចង់​គឺ​កំពុងតែ​បំផ្លាញ​សីលធម៌​សង្គម បង្កើត​វប្បធម៌​ជេរប្រមាថ បង្កើត​វប្បធម៌​គ្មាន​តម្លៃ​ចំពោះ​ជាតិ​មាតុភូមិ​ហើយ​។​

​ថ្វី​ដ្បិតថា សង្គម​បច្ចុប្បន្ន​មាន​រឿងរ៉ាវ​មួយចំនួនធំ​គឺជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម ថ្នាក់ដឹកនាំ​មួយចំនួន​មិនល្អ អ្នកនយោបាយ​មិនល្អ ដែល​ត្រូវតែ​កែប្រែរ​តាមរយៈ​ការផ្ដល់​យោបល់​។ ប៉ុន្តែ​កូន​ខ្មែរ​ក៏​មិនគួរ​យក​វិធីសាស្ត្រ​របៀប​មនុស្ស​ពាល និង​ខ្វះ​ការអប់រំ​មក​បញ្ចេញ​គំនិត​នោះទេ​។ ព្រោះថា​ការធ្វើ​បែប​នោះ​វា​មិនបាន​ផ្ដល់​ផល​ល្អ​អ្វី​សម្រាប់​ជាតិ​នោះទេ ប៉ុន្តែ​វា​បែប​ជា​ធ្វើ​ឲ្យ​ខ្លួនឯង​បាត់បង់​តម្លៃ​ក្នុងនាម​ជា​អ្នកចេះដឹង​ទៅវិញ​។​

​ហេតុដូច្នេះ កូន​ខ្មែរ​ជំនាន់​ថ្មី​ត្រូវ​បណ្ដុះ​នូវ​ការគិត​ជា​វិជ្ជមាន ការគោរព ការទទួលស្គាល់ និង​ការផ្ដល់​តម្លៃ​គ្នា​ទៅវិញទៅមក នោះ​ខ្មែរ​ទាំងអស់គ្នា​ជា​អ្នកឈ្នះ ហើយ រួមគ្នា​រៀបចំ​សង្គម កែលម្អ​និង បំពេញបន្ថែម នូវ​ចំណុច​ខ្វះខាត ភាព​អសកម្ម និង​ភាពអវិជ្ជមាន​ដែល​មិនទាន់បាន​ដោះស្រាយ​ទើប​ជាការ​ប្រសើរ​។​

​យុវជន​ខ្មែរ​គួរ​នាំគ្នា ស្វះ​ស្វែងរក​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ ចេះ​ពិចារណា ប្រកបដោយ​វិចារណញ្ញាណ ឧ​ត្ត​មតិ និង​គុណធម៌​។ បន្ទាប់មក​ប្រើប្រាស់​ចំណេះ​ទាំងនោះ ចូលរួម​រៀបចំ​សង្គម​ឲ្យ​មាន​យុត្តិធម៌ សង្គម​សុភមង្គល សង្គម​ប្រជាធិបតេយ្យ សង្គម​សីលធម៌​ថ្លៃថ្នូរ​ជឿនលឿន ក្នុងនាម​ជា​ពលរដ្ឋ​ថ្លៃថ្នូរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com