ពីនេះ ពីនោះ
ប្រជាធិបតេយ្យ​៖ មិនមែន​របប​ដឹកនាំ​រដ្ឋ​ល្អឥតខ្ចោះ ប៉ុន្តែ​ក៏​ពុំទាន់​មាន​របប​ណា​ដែល​ល្អ​ជាង​ដែរ​
01, Dec 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជា​ទ្រឹស្ដី និង​គំនិត របៀប​នៃ​ការដឹកនាំ គ្រប់គ្រង​សង្គម គឺមាន​ចាប់តាំងពី​សម័យបុរាណ​។ ជាពិសេស​គឺ​សម័យកាល​ល្បីល្បាញ​របស់​ទស្សនវិទូ​ក្រិ​ក​បុរាណ ដូចជា​សូ​ក្រា​ត ប្លា​តុង អា​រី​ស្តូ​ត និង​ទស្សនវិទូ​ក្រោយៗ​មកជា​បន្តបន្ទាប់​។ ការគិត​របស់​ជន​ល្បី​ទាំងនោះ បាន​បែងចែក​ទម្រង់​រដ្ឋាភិបាល​ជា​បួន​ប្រភេទ​គឺ រាជាធិបតេយ្យ អភិជនាធិបតេយ្យ ប្រជាធិបតេយ្យ និង ទម្រង់​រដ្ឋាភិបាល​បែប ផ្ដាច់ការ​។ តើ​អ្វី​ជា​ភាពខុសគ្នា​របស់​ទម្រង់​រដ្ឋាភិបាល​ទាំងនេះ​?



​ចំពោះ​ទម្រង់​រដ្ឋាភិបាល​រាជាធិបតេយ្យ គឺជា​ទម្រង់​មួយ​របស់​រដ្ឋាភិបាល ដែល​អំណាច​ខ្ពស់បំផុត​នៅក្នុង​កណ្ដាប់ដៃ​របស់​ម​នុស្ស​តែ​ម្នាក់​។ ចំពោះ​មេដឹកនាំ​ក្នុង​ទម្រង់​រដ្ឋាភិបាល​បែបនេះ គឺ​គេ​មិន​គិតពី​តំណែង ដែល​ទទួលបាន​យ៉ាងដូចម្ដេច​ឡើយ ទោះបី​តាមរយៈ​ការដណ្ដើម​រាជ្យ ជ្រើសតាំង ឬ​តំណពូជ​ក៏ដោយ​។ ក្នុង​ទម្រង់​រដ្ឋាភិបាល​នេះ  អ្នកគ្រប់គ្រង​អនុវត្ត​អំណាច​ផ្ដាច់ការ​។ ស្ដេច​ជា​ប្រធាន​នីតិបញ្ញត្តិ​ផង នីតិប្រតិបត្តិ​ផង និង​តុលាការ​ផង​។ ចំណែក​ឆន្ទៈ​ផ្ទាល់​របស់​ស្ដេច គឺជា​កត្ដា​លុប​លើ​ការគ្រប់គ្រង​របស់​រដ្ឋ​ទាំងមូល​។​

​ចំណែក អភិជនាធិបតេយ្យ គឺជា​ទម្រង់​មួយ​របស់​រដ្ឋាភិបាល ដែល​អំណាច​នយោបាយ ស្ថិតនៅលើ​មនុស្ស​មួយចំនួន​តូច ដែល​គេ​ហៅថា អភិជន​។ សមាជិក​ទាំងឡាយ​នៃ​សង្គម​នេះ ត្រូវ​កំណត់​លើ​មូលដ្ឋាន កំណើត ទ្រព្យសម្បត្តិ ការអប់រំ​យោធា ឬ​អំណាច​ជា​ពុ​ប្វ​ជិត ឬ​ជាការ​រួមផ្សំ​កត្តា​ទាំងអស់នេះ​។ ក្រុម​នេះ​ជា​វណ្ណៈ​គ្រប់គ្រង ដែល​អាច​ជ្រើសតាំង​ឲ្យ​ឡើងអំណាច​គ្រប់គ្រង​ធំធេង​។ ចំណែកឯ​មហាជន ប្រជាជន មិនមាន​ការចូលរួម​ចំណែក​ក្នុងការ​គ្រប់គ្រង ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។ យ៉ាងណា​ម៉ិ​ញ សាធារណៈមតិ​មិនមាន​ឥទ្ធិពល​លើ​អ្នកគ្រប់គ្រង​ទាំងនេះ​ឡើយ  ហើយ​សិទ្ធិ​សម្រេច​ភាគច្រើន ត្រូវបាន​កំណត់ដោយ​អ្នកដឹកនាំ​ភាគតិច​នេះ​តែប៉ុណ្ណោះ​។​

​ទម្រង់​រដ្ឋាភិបាល​មួយទៀត គឺ អំណាច​ផ្ដាច់ការ​។ ទម្រង់​រដ្ឋាភិបាល​នេះ បដិសេធ​រាល់​លទ្ធិ​ភាគច្រើន ដែលមាន​លក្ខណៈ​ជា​ប្រជាធិបតេយ្យ​។ វា​ជា​ប្រព័ន្ធ​រដ្ឋាភិបាល​មួយ ដែលមាន​គណបក្ស​តែមួយ​រួមផ្សំ​ដោយ​មនុស្ស​ភាគតិច មាន​វិន័យ​ល្អ និង​បុគ្គល ដែលមាន​អំណាច​ជា​ប្រធាន​រដ្ឋាភិបាល​។ ក្នុង​ទម្រង់​រដ្ឋាភិបាល​នេះ រាល់​ទស្សនៈ​នយោបាយ និង​ការសំដែង​មតិ​របស់​សាធារណជន ត្រូវ​គ្រប់គ្រង​យ៉ាង​តឹងរឹង តាមរយៈ​បញ្ចុះបញ្ចូល ឃោសនា និង​ប៉ូលីស​យាមល្បាត ។ ទម្រង់ រដ្ឋាភិបាល​បែប​ផ្ដាច់ការ គឺ​រដ្ឋ​មានតម្លៃ​ជាង​បុគ្គល ហើយ​គោរព​កាតព្វកិច្ច និង​ភារកិច្ច ជាង​សិទ្ធិ និង​សេរីភាព​។ បន្ថែម​ពីនេះ​ចំពោះ​សិទ្ធិ និង​សេរីភាព​ត្រូវបាន​គេ​គាបសង្កត់​។​

​យ៉ាងណា​ម៉ិ​ញ ចំពោះ​ទម្រង់​រដ្ឋាភិបាល​បែប  ប្រជាធិបតេយ្យ អាច​និយាយបានថា ជា​ទម្រង់​រដ្ឋាភិបាល​មួយ​ដែល​ល្អ​ជាងគេ ក៏ប៉ុន្តែ​មិនមែន​មានន័យថា ឥតខ្ចោះ​នោះទេ​។ ប្រជាធិបតេយ្យ គឺជា​ទម្រង់​របស់​រដ្ឋា​ភិ​បាល ដែល​សំឡេង​របស់​ប្រជាជន​ភាគច្រើន មាន​ឥទ្ធិពល និង​អំណាច​នៅក្នុង​ការគ្រប់គ្រង​រដ្ឋ​។ ទម្រង់​រដ្ឋាភិបាល​បែបនេះ គាំទ្រ​សមភាព​ខាង​នយោបាយ ហើយ​ប្រឆាំង និង​ទស្សន​វណ្ណៈ​សង្គម​ណាមួយ ដែលមាន​អភ័យឯកសិទ្ធិ​ពិសេស ឬ​មានអំណាច​នយោបាយ​ផ្ដាច់មុខ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ ប្រជាជន​គឺជា​ម្ចាស់​ប្រទេស ហើយ​ច្បាប់​ដែល​សម្ដែង​នូវ​មនោសញ្ចេតនា​របស់​សាធារណជន គឺជា​មាគ៌ា​សម្រាប់​ទំនាក់ទំនង​រវាង​ពលរដ្ឋ​របស់​រដ្ឋ រួមទាំង​អ្នក​ដែល​បានប្រគល់​អំណាច​ឲ្យ​ចាត់ចែង​កិច្ចការ​ទាំងអស់​របស់​រដ្ឋ​៕

​ដកស្រង់​ពី​សៀវភៅ​៖ (​ទស្សនវិជ្ជា​, សាស្ត្រាចារ្យ ញ៉ឹម បាក់ង​ន​)


© រក្សាសិទ្ធិដោយ thmeythmey.com