ពីនេះ ពីនោះ
តម្លៃ​របស់​មនុស្ស​៖ តម្លៃ​បួន ក្នុងចំណោម​តម្លៃ​ទាំង​ប្រាំបី ជា​តម្លៃ​បញ្ជាក់​ពី​កម្រិត​ខ្ពង់ខ្ពស់​របស់​មនុស្ស​
01, Dec 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សីល​តម្លៃ គឺជា​គោលដៅ​របស់​សីល​ញាណ ហើយ​ទាក់ទង​ផ្ទាល់ ទៅនឹង​អំពើ សកម្មភាព ឬ​ចរិយា​របស់​មនុស្ស​។ សីល​តម្លៃ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សុជីវធម៌ សីលធម៌ គុណធម៌ ឧត្ដមគតិ និង គតិ​វិញ្ញូ ។ ដើម្បី​ឲ្យ​មាន​សីល​តម្លៃ​សម្រាប់​ខ្លួនឯង មនុស្ស​គ្រប់រូប​ត្រូវតែ​ស្គាល់​ថា​អ្វី​ទៅជា​តម្លៃ​របស់ខ្លួន​ជាមុន​។ ខាងក្រោម​នេះ​គឺជា​តម្លៃ​ទាំង​៨​យ៉ាង​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ស្គាល់ ត្រូវ​ដឹង​៖



១. តម្លៃ​ជីវសាស្ដ្រ​៖ តម្លៃ​នេះ​គឺមាន​ជាប់​ខ្លួន​មនុស្ស​តាំងពី​កំណើត មានន័យថា​មនុស្ស​មានតម្លៃ​ខាង​រូបរាង ពណ៌​សម្បុរ សាច់ឈាម កម្លាំង សុខភាព​។​

២. តម្លៃ​សេដ្ឋកិច្ច​៖ មានន័យថា ជា​តម្លៃ​ខាង​សំភារៈ ទ្រព្យសម្បត្ដិ​។ ទ្រព្យសម្បត្តិ​ក៏​ជា​កត្តា​ដែល​បានកំណត់​តម្លៃ​របស់​មនុស្ស​ដែរ​។ ទោះបីជា​របស់​ក្រៅ​ខ្លួន ប៉ុន្តែ​អ្នក​ដែល​អាចធ្វើ​ឲ្យ​ខ្លួនឯង​មាន​សេដ្ឋកិច្ច​ល្អ ទ្រព្យសម្បត្តិ​ច្រើន នោះ​ចាត់ទុកថា បុគ្គល​នោះ​មានតម្លៃ​បានដែរ​។​

៣.​តម្លៃ​អារម្មណ៍​៖ មានន័យថា ជា​តម្លៃ​ខាង​សតិ​ស្មារតី និង​ចិត្ត​សុខ​ស្ងប់​ជាដើម​។ បុគ្គល​ណា​ដែល​អាចធ្វើ​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ស្ងប់​សុខ មានចិត្ត​មិន​រវើរវាយ​ចាត់ទុកថា​ជា​បុគ្គល​ដែលមាន​តម្លៃ​បាន​។​

៤.​តម្លៃសង្គម​៖ មានន័យថា ជា​តម្លៃ​នៃ​ការចូលរួមចំណែក និង តម្លៃ​ទទួលបាន​ពី​សង្គម​នូវ​មុខងារ តួនាទី ភារកិច្ច កាតព្វកិច្ច សិទ្ធិអំណាច សេរីភាព   ក្នុង​វិស័យ​នយោបាយ​,  អរិយធម៌​,  របៀបរៀបរយ​សន្តិសុខ យុត្ដិធម៌  វឌ្ឍនធម៌​សង្គម​ជាដើម​។

៥.​តម្លៃ​បញ្ញា​៖ មានន័យថា ជា​តម្លៃ​ដែល​កើតចេញពី​គំនិត​ប្រាជ្ញា​ក្នុងការ​ប្រើប្រាស់​ចំណេះដឹង​ទូទៅ​និង​ការសម្រេចចិត្ត​ធ្វើអំពើ សកម្មភាព ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដើម្បី​ឈានទៅដល់​កំរិត​ពុទ្ធិ​សច្ច ពុទ្ធិ​ត្រឹមត្រូវ​។​

៦.​តម្លៃ​សោភ័ណ​វិជ្ជា​៖ មានន័យថា ជា​តម្លៃ​ខាង​សិល្បៈ​តុបតែង​ច្នៃប្រឌិត និង​សោភ័ណភាព​។ តម្លៃ​នៃ​សោភ័ណ​វិជ្ជា កន្លែង​នេះ​មិនមែន​សំដៅ​ទៅលើ​ភាពស្រស់ស្អាត​នៃ​រាងកាយ​នោះទេ ប៉ុន្តែ​ជាត​ម្លៃ​បង្ហាញ​ពី​គុណភាព​បញ្ជាក់​ន័យ​ឲ្យ​គុណភាព​នៃ​វត្ថុ  ឥរិយាបថ អាកប្បកិរិយា របស់​មនុស្ស​។ តម្លៃ​នេះ​គឺ​សំដៅ​ទៅលើ​គុណភាព​ផ្នែក​ខាងក្នុង​របស់​បុគ្គល​។​

 ៧.​សីល​តម្លៃ​៖ មានន័យថា ជា​តម្លៃ​ទទួលបាន​ពី​ការ​ស្គាល់ និង ប្រតិបត្តិ​អំពើ​ល្អ បុណ្យ កុសល

៨. តម្លៃ​សាសនា​៖ មានន័យថា ជា​តម្លៃ​នៃ​ចិ​ត្ដ​ស្នេហា​មោះមុត​ទៅលើ​ស្មារតី​នៃ​គោល​គំនិត ទស្សនៈ​ទ្រឹស្តី​អប់រំ​ទូន្មាន​ត្រឹមត្រូវ​។​
​តម្លៃ​ទាំង​ប្រាំបី​នេះ គឺ​បុគ្គល​គ្រប់រូប​គួរណា​ស់ត្រូវ​សិក្សា​ស្វែងយល់​ពី​លក្ខណៈសម្បត្តិ​របស់ខ្លួន​ឯង​ថា មាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? ហើយ​ត្រូវ​សិក្សា​ពី​ខ្លួន​វិញ​ថា តើ​ខ្លួនឯង​មានតម្លៃ​មួយណា ជាប់​ខ្លួន​ប្រចាំថ្ងៃ ហើយ​នៅ​ខ្វះ​តម្លៃ​មួយណា​? ប៉ុន្តែ​ក្នុងចំណោម​តម្លៃ​ទាំង​ប្រាំបី​នេះ បុគ្គល​ត្រូវ​ដឹងថា​តម្លៃ​ផ្នែក​បញ្ញា តម្លៃ​សោភ័ណ​វិជ្ជា សីល​តម្លៃ និង​តម្លៃ​សាសនា គឺជា​តម្លៃ​បញ្ជាក់​ពី​កម្រិត​ខ្ពង់ខ្ពស់​របស់​មនុស្ស​៕

​ដកស្រង់​ពី​៖ (​ទ្រឹស្ដី​សីលធម៌​, សាស្ត្រាចារ្យ ញឹម បាក់ង​ន​) មេរៀន​សម្រាប់​និស្សិត​ទស្សនវិជ្ជា​


© រក្សាសិទ្ធិដោយ thmeythmey.com