អន្តរជាតិ
រជ្ជទាយាទ Maha Vajiralongkorn យាង​ចូល​ស្រុក​ដើម្បី​ឡើង​សោយរាជ្យ
01, Dec 2016 , 12:42 pm        
រូបភាព
រជ្ជទាយាទ Maha Vajiralongkorn បាន​យាង​ត្រឡប់​ពី​អាល្លឺម៉ង់​មក​ថៃ​វិញ​ហើយ​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ដើម្បី​ត្រៀម​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ​ថ្មី។ ការយាងត្រឡប់​មកពី​បរទេស​នេះ កើតឡើង​ពីរ​ថ្ងៃក្រោយ​ប្រធានសភា​ថៃ បាន​សុំ​យាង​រជ្ជទាយាទ​អង្គ​នេះ មក​ស្នងរាជ្យ​បន្ត​ពី​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ជា​បិតា។



នៅ​ល្ងាច​ថ្ងៃទី១ ខែវិច្ឆិកា រជ្ជទាយាទ Maha Vajiralongkorn នឹង​ជួប​ជាមួយ​បណ្ដា​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ទាំងបី​របស់​ប្រទេស ដែល​ដឹកនាំ​ដោយ​ស្ដេច​រា​ជានុ​សិទ្ធិ Prem Tinsulanonda ។ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា, ប្រធានសភា Pornpetch Wichitcholachai និង​ប្រធាន​តុលាការ​កំពូល Veerapol Tungsuwan នឹងមាន​វត្តមាន​ក្នុងជំនួប​ដែល​ធ្វើឡើង​នៅក្នុង​រាជវាំង​ថៃ​ម៉ោង ៦៖៣០នាទី​ល្ងាច។

កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ក្នុងជំនួប​នោះ ប្រធានសភា Pornpetch Wichitcholachai នឹង​យាង​រជ្ជទាយាទ Maha Vajiralongkorn ឡើង​សោយរាជ្យ​ជា​ផ្លូវការ​តែម្ដង។ គេ​រំពឹងថា រជ្ជទាយាទ​ក៏​នឹង​យល់ព្រម​លើ​សំណើ​យាង​នេះដែរ ដើម្បី​ក្លាយជា​មហាក្សត្រ​ទី១០ នៃ​រាជវង្ស​ចក្រី ដែល​គ្រប់គ្រង​ប្រទេស​ថៃ​អស់​ជាង​ពីរ​រយ​ឆ្នាំ​មកហើយ។ យោងតាម​កម្មវិធី​នៃ​ពិធីការ​រាជវាំង ការប្រកាស​ផ្លូវការ​នឹងធ្វើ​ឡើង​ក្រោយ​ជំនួប​នេះ។

តាមពិតទៅ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon បានបញ្ជាក់​ហើយ​ថា រជ្ជទាយាទ ព្រម​តាម​សំណើសុំ​យាង​របស់​ប្រធានសភា​រួចហើយ និង​រង់ចាំតែ​សំណើ​ផ្លូវការ​ប៉ុណ្ណោះ។ សំណើ​ផ្លូវការ​នេះ នឹងត្រូវ​ប្រគល់​នៅ​ជំនួប​នៅ​ល្ងាច​ថ្ងៃទី១ ខែធ្នូ នេះដែរ​ហើយ។

រាជបល្ល័ង្គ​ថៃ​ទំនេរ ក្រោយ​ការចូល​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត នៅ​ថ្ងៃទី១៣ ខែតុលា។ នេះ​ក៏​ដោយសារតែ​រជ្ជទាយាទ Maha Vajiralongkorn បាន​បដិសេធ​ឡើង​សោយរាជ្យភ្លាមៗ និង​បានប្រកាស​កាន់ទុក្ខ​ជាមួយ​ប្រជារាស្ត្រ​សិន។ អំឡុង​ពេលនេះ ប្រធាន​ក្រុមទី​ប្រឹក្សា​មហាក្សត្រ Prem Tinsulanonda ទទួលបន្ទុក​ជា​ស្ដេច​រាជា​នុ​សិទ្ធិ​បណ្ដោះអាសន្ន។

ព្រះអង្គម្ចាស់ Maha Vajiralongkorn មិនសូវមាន​ប្រជាប្រិយភាព​ប៉ុន្មាន​ឡើង​ក្នុងចំណោម​ប្រជាជន​ថៃ ខុសពី​បិតា។ ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ត្រូវបាន​ប្រជាជន​ថៃ​គោរព​ស្រឡាញ់​ដូច​អាទិទេព និង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ឆាកនយោបាយ​របស់​ថៃ។ មិនតែប៉ុណ្ណោះ ទាំង​មហាក្សត្រ សមាជិក​រាជវង្ស​ផ្សេងទៀត ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ទៀតផង។ ជន​ណា​ដែល​ជាប់ទោស​ប្រមាថ​មហាក្សត្រ ឬ​សមាជិក​រាជវង្ស​ណាមួយ អាច​ត្រូវ​ជាប់ទោស​ដល់៣០ឆ្នាំ​ឯណោះ៕   



Tag:
 ថៃ
 Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com