អន្តរជាតិ
កូរ៉េខាងជើង ត្អូញត្អែរ ថា ក្រុមប្រឹក្សាសន្តិសុខ​រក​រឿង​តែ​ខ្លួន​...​ខណៈ​សមាជិក​អចិន្ត្រៃយ៍ ក៏​ធ្វើ​ដូចគ្នា​ដែរនោះ
02, Dec 2016 , 1:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ថា​នឹងមាន​ការឆ្លើយតប​មួយ​ឲ្យ​កាន់តែ​ខ្លាំងក្លា​«​ក្រោម​គោលការណ៍​ស្វ័យការពារ​» ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​ដំណោះស្រាយ​ថ្មី​របស់​អង្គការសហប្រជាជាតិ​ដែលជា​ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​ដែល​បាន​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ និង​កម្មវិធី​នុយក្លេអ៊ែរ​នោះ​។ ក្រុង​ព្យុងយ៉ាង ក៏​សម្តែង​ការខកចិត្ត​ចំពោះ​ទណ្ឌកម្ម​នោះ ដែលមាន​លក្ខណៈ​មិន​ស្មើភាព​។



​ក្រសួងការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​០១ ខែធ្នូ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​ហៅ​ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ «​បំពាន​អំណាច និង​រំលោភ​អធិបតេយ្យ​របស់​កូរ៉េខាងជើង​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera  ដែល​បាន​ដក​ចេញពី​ប្រភពព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្រសួងការបរទេស​ដ​ដែល ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​ជាច្រើន រាប់បញ្ចូល​ទាំង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បាន​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ និង​រ៉ុក្កែត​រាប់ពាន់​គ្រាប់ ប៉ុន្តែ​ក្រុមប្រឹក្សាសន្តិសុខ មិនបាន​ហាមឃាត់​ប្រទេស​ទាំងនោះ​ម្តងណា​ឡើយ​»​។ សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មាន ដូចជា ចិន បារាំង រុស្ស៊ី អង់គ្លេស និង អាមេរិក​។

​សូម​ជម្រាប​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បានអនុម័ត​ជា​ឯកច្ឆន្ទ​លើស​ម្រេច​ដំណោះស្រាយ​ថ្មី​មួយ​បន្ថែម​ដើម្បី​ឆ្លើយតប ក៏ដូចជា​ប្រឆាំងនឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ដែល​បាន​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៥​នៅ​ថ្ងៃទី​០៩ ខែកញ្ញា​កន្លងទៅ ដែល​នោះ​គឺជា​សាកល្បង​មួយ​ដ៏​ខ្លាំងក្លា​បំផុត​។ ដំណោះស្រាយ​លេខ​២៣២១​នោះ គឺជា​ប្រភេទ​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែលមាន​ទិសដៅ​បិទ​ដង្ហើម​សេដ្ឋកិច្ច​ដើម្បី​ទ្រទ្រង់​រដ្ឋាភិបាល​ក្រុង​ព្យុង​នោះ​។

​តាមរយៈ​សេចក្តីសម្រេច​ជា​ដំណោះស្រាយ​នោះ សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ បាន​អះអាង​ជាថ្មី​ថា កូរ៉េខាងជើង​មិនគួរ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ បច្ចេកវិទ្យា​មី​ស៊ី​ល​បាលី​ស្ទីក ឬ​សកម្មភាព​បង្កហេតុ​ផ្សេង​បន្ថែម​ទៀតឡើយ​។ យោងតាម​ប្រការ​២៦​នៃ​សេចក្តីសម្រេច ដំណោះស្រាយ ២៣២១ កូរ៉េខាងជើង មិនអាច​ផ្គត់ផ្គង់ លក់ ឬ​ដឹកជញ្ជូន​ទាំង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​ទឹកដី​របស់ខ្លួន ឬ​នាវា​ដឹកជញ្ជូន​ដែលមាន​ទង់ជាតិ​កូរ៉េខាងជើង​នូវ ធ្យូង និង​ថ្ម​ទៀត​បានឡើយ ហើយ​សមាជិក​ទាំងអស់ ក៏​ត្រូវបាន​ហាមឃាត់​ក្នុង​ការធ្វើ​លទ្ធកម្ម​ពី​កូរ៉េខាងជើង​លើ​មុខទំនិញ​ទាំងនោះ​ផងដែរ​។​

​តាម​ប្រការ​២៦ នៃ​ដំណោះស្រាយ ២២៧០ ដដែល​នោះ សេចក្តីសម្រេច មាន​ទិសដៅ​ធានា​បិទ​ច្រក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ការលក់​ធ្យូងថ្ម​ដែលជា​ដង្ហើម​របស់​កូរ៉េខាងជើង​តែម្តង​។ បញ្ញត្តិ​នោះ បង្ហាញ​យ៉ាងច្បាស់​ពី​ការ​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​រួមមាន​ទាំង​ចិន ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​ដែរនោះ បានសម្រេច​ផ្ដាច់ការ​នាំចេញ​របស់​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ក្នុង​បរិមាណ​ធ្យូងថ្ម ៧.៥​លាន​តោន​សម្រាប់​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ប្រមាណ​៤០០​លាន​ដុល្លារ​៕


Tag:
 ​កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com