អន្តរជាតិ
ពូ​ទីន ត្រៀម​សហការ​ជាមួយ ត្រាំ ដោះស្រាយ​បញ្ហា​ស៊ី​រី និង​ប្រឆាំង​ភេរវកម្ម​
02, Dec 2016 , 9:30 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បន្ទន់ឥរិយាបថ​និង​មិន​រិះគន់​សហរដ្ឋអាមេរិក​ដូច​សព្វមួយដង​ក្នុងពេលដែល​លោក​ផ្ទល់​សុន្ទរកថា​ថ្នាក់ជាតិ​ចំពោះមុខ​សមាជិកសភា​និង​មន្ត្រី​រដ្ឋាភិបាល​។​លោក​ប្រកាសថា រដ្ឋាភិបាល​លោក ត្រៀមខ្លួន​សហការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់លោក​ដូ​ណា​ល់ ត្រាំ ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​រី​និង​ប្រឆាំង​ភេរវកម្ម​រួមគ្នា​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ក្នុងពេល​ផ្តល់​សុន្ទរកថា ប្រចាំឆ្នាំ​នៅ​ចំពោះមុខ​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ហាក់​បន្ធូរបន្ថយ​សម្តី​រិះគន់​សហរដ្ឋអាមេរិក​ខុសប្លែក​ពី​ពេលមុន​។ លោក​ថែមទាំង​ប្រកាសថា លោក​ត្រៀមខ្លួន​សហការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក​ថែម​ទៀតផង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ពូ​ទីន បាន​អំពាវនាវ​ឲ្យ​មានការ​លើកស្ទួយ​ទំនាក់ទំនង​និង​កិច្ចសហការ​រវាងរ​ស្ស៊ី​ជាមួយ​អាមេរិក​នៅពេល​ខាងមុខ​ផង​។​

​លោក​បាន​ថ្លែងថា ៖«​យើង​ត្រៀមខ្លួន​រួចហើយ​ដើម្បី​សហការ​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី​។ វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ស្តារ​និង​ចាប់ផ្តើម​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រួមគ្នា​ដោយ​ឈរលើ​គោលការណ៍​ស្មើភាព​គ្នា​និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​»​។

​បន្ថែម​ពីនេះ​ប្រធានាធិបតី​លោក ពូ​ទីន ក៏​លើកឡើង​ពី​បំណង​របស់​រដ្ឋាភិបាល​លោក​ក្នុង​ការសហការ​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​រី និង​រូ​ម​គ្នា​ប្រយុទ្ធប្រឆាំង​ចលនា​ភេរវកម្ម​អន្តរជាតិ​ផងដែរ​។​លោក​ពន្យល់ថា សហរដ្ឋអាមេរិក​និង រុស្ស៊ី​មាន​ទំនួល​ខុសត្រូវ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​រួមគ្នា និង​ធានា​ពី​សន្តិសុខ និង​ការមិន​រីកសាយ​ភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន រុស្ស៊ី បាន​បន្ត​ទាក់ទង​គ្នា​រួចហើយ​ជាមួយ​ក្រុម​អន្តរកាល​របស់លោក​ដូ​ណា​ល់ ត្រាំ រួចរាល់​ហើយ​ពាក់ព័ន្ធ​បញ្ហា​ស៊ី​រី​នេះ​។ ហើយ គេ​រំពឹងថា វា​នឹងមាន​ផ្លែផ្កា​ច្រើន​ក្នុង​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ ក្រោយ​លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ ២០​ខែមករា​ខាងមុខនេះ​។

​តាមពិតទៅ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​បំផុត ក្រោយ​ពេលដែល​រុស្ស៊ី​ឈ្លានពាន​និង​ក្រសោប​យក​ទឹកដី Crimea កាលពីដើមឆ្នាំ ២០១៤ ហើយ​ជា​លទ្ធផល​អាមេរិក​បានដាក់​ទណ្ឌកម្ម​ជាច្រើន​ជំហាន​ប្រឆាំងរ​ស្ស៊ី​ផងដែរ​។ ក្រោយមក​ទំនាក់ទំនង​នេះ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់មាន​ឡើយ​ចាប់ពី​សង្គ្រាមត្រជាក់​បិទ​បញ្ចប់ទៅ ក្រោយពេល​រុស្ស៊ី​ចូល​អន្តរាគមន៍ ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​កាលពី​ចុង​ឆ្នាំមុន​។

​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែងតែ​បន្ត​ចោទថា រដ្ឋាភិបាល​រុស្ស៊ី​ចូល​ដៃ​ចូល​ជើង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ដោយ​បន្ត​ទម្លាក់​គ្រាប់បែក​សម្លាប់​ជន​ស៊ីវិល​ច្រើន​នាក់​។ ហើយ​រុស្ស៊ី​និង​ស៊ី​រី អាច​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម​ថែម​ទៀតផង​។
 
​ប៉ុន្តែ លោក ដូ​ណា​ល់ ត្រាំ មាន​និ​ន្ន​ការ​ផ្ទុយស្រឡះ​ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី និង​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​រួមគ្នា​។ លោក ត្រាំ សរសើរ​លោក ពូ​ទីន ក្នុងពេល​ឃោសនាបោះឆ្នោត ហើយ​លោក​បាន​ទូរ​សព្ទ​ទៅ​ជជែក​ជាមួយ​លោក ពូ​ទីន ថែមទៀត​ក្រោយពេល​លោក​ជាប់ឆ្នោត​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com