អន្តរជាតិ
អតីត​នាយក​រដ្ឋ​ម​ន្រី្ត​ម៉ាឡេស៊ី ចោទ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន ថា​«​កំពុង​បំផ្លាញ​ជាតិ​»​តាម​ការដឹកនាំ​បែប​ពុករលួយ
08, Dec 2016 , 3:22 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad បាន​បន្ត​ប្រើពាក្យ​វាយប្រហារ​ខ្លាំងៗ ​ប្រឆាំង​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន​លោក Najib Razak ដោយ​ចោទថា លោក Najib កំពុងបំផ្លាញ​ប្រទេស​ តាមរយៈ​ការ​ក្រាញននៀល​នឹង​អំណាច បើទោះបី​ជាមាន​ចលនា​ប្រឆាំង និង​ទាមទារ​ឲ្យ​ចុះ​ពី​តំណែង ​ដោយសារ​រឿងអាស្រូវ​ពុករលួយ​​ក៏ដោយ​។ ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ថែមទាំង​សន្យា​ចូលរួម​ផ្តួល​លោក Najib ដែលជា​មេបក្ស​កាន់អំណាច​បច្ចុប្បន្ ន​ក្នុងការ​បោះឆ្នោត​នា​ឆ្នាំក្រោយ​ផងដែរ​។



« លោក Najib កំពុងតែ​បំផ្លាញ​ប្រទេស​ម៉ាឡេស៊ីហើយ ជំរុញ​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​។ លោក Najib ក៏បាន​ប្រព្រឹត្ត​បទល្មើស​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​»​។ នេះ គឺជា​ការលើកឡើង​រប​ស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ក៏​ជា​អតីត​មេដឹកនាំ​ស្នូល​នៃ​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​ប​ច្ចុ្ប​ប្បន្ន លោក Mahathir ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន AFP ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែធ្នូ។

​ក្នុង​កិច្ចសម្ភាសន៍​នោះ លោក Mahathir លើកឡើងថា ការទម្លាក់​លោក Najib ចេញពី​តំណែង ​ពិតជា​សំខាន់​ជាង​អារម្មណ៍ និង​បញ្ហា​បុគ្គល​ ដែល​លោក មាន​ទៅទៀត​។ លោក លើកឡើង​បែបនេះ ដោយ​សំដៅទៅ​លើក​ការរួមដៃគ្នា ​រវាង​រូបលោក ជាមួយមេបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ម៉ាឡេស៊ី គឺ​លោក Anwar Ibrahim ដែលជា​សត្រូវ​ដ៏​ធំ​របស់លោក ក្នុងពេលដែល​លោក Mahathir កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នោះ​។

​លោក Mahathir ដែលមាន​អាយុ​៩១​ឆ្នាំ​ហើយ​នោះ បាន​បន្តទៀតថា ប្រសិនបើ​ទុក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Najib បន្ត​ដឹកនាំ​ប្រទេស នោះ​ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ជាង​មុន​ទៅទៀត​។ លោកបន្ត​ពន្យល់តាមន័យ​សេដ្ឋកិច្ច​ថា ម៉ាឡេស៊ី នឹង​ជួប​​វិបត្តិ​តម្លៃ​ទំនិញ​កើនឡើង​ខ្ពស់ ខណៈសេដ្ឋកិច្ច​ដើរ​យឺត​។

​ជុំវិញការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨​វិញ លោក Mahathir ជឿជាក់​យ៉ាងខ្លាំង​ថា គណបក្ស​របស់លោក ដែល​បង្កើត​ឡើងដោយមាន​ការចូលរួម​សម្ព័ន្ធ ​ជាមួយនឹង​បក្សប្រឆាំង​នោះ នឹង​ឈ្នះ​ការបោះឆ្នោត ដ្បិតលោក យល់ឃើញថា ​ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន ​មិន​គាំទ្រ​ការដឹកនាំ​ដោយ​មេដឹកនាំ​ពុករលួយ​បច្ចុប្បន្ន​នោះទេ​។ លោក សង្កត់ធ្ងន់ថា ទាំង​រូបលោក និង​ក្រុម​បក្សប្រឆាំង ​សុទ្ធសឹងតែ​ចាត់ទុក​លោក Najib  «​ជា​អ្នក​បំផ្លាញ​ប្រទេស​» ហើយត្រូវតែ​ផ្លាស់ប្តូ​រដែរ​។ សម្រាប់​លោក Mahathir លោក Najib អាច​ឈ្នះ​ការបោះឆ្នោត​ទៅបាន លុះ​ត្រា​មានការ​បន្លំ​​ប៉ុណ្ណោះ​​។​

​សូម​ជម្រាបថា គិត​ចាប់ពី​មាន​របាយការណ៍​ពុករលួយ ​នៃ​ការប្រើប្រាស់​ថវិកា​សារ​ធា​រណៈ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន ដែល​ស្គាល់​ថា «1MDB» របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០១៥​មក​ មាន​បាតុកម្ម​ជា​បន្តបន្ទាប់​ប្រឆាំងនឹងលោក Najib​។ បាតុកម្ម​ដែល​ភាគច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ​នោះ ​ដឹកនាំ​ដោយ​ក្រុម​អាវ​លឿង ​ឈ្មោះថា «Bersih» ហើយក៏មាន​ការចូលរួម​ពី​លោក Mahathir ផងដែរ​។

​អ្វី​គួរកត់សម្គាល់​នោះ ដោយយល់ឃើញ​ពី​ប្រព័ន្ធ​ដឹកនាំ​ពុករលួយ​ខ្លាំង លោក Mahathir ​អតីត​នាយក​រដ្ឋ​ម៉ាឡេស៊ី ដែល​ដឹកនាំ​ប្រទេស​យូរ​ជាងគេ បាន​ចូល​ដៃ​ជាមួយ​មេដឹកនាំ​ប្រឆាំង ដែល​ធ្លាប់តែ​ជាស​ត្រូវ​នឹង​គ្នា គឺ​លោក Anwar Ibrahim​ណ ដើម្បី​ផ្តួល​បក្ស​កាន់អំណាច​របស់លោក Najib​។

​នៅ​ដើមឆ្នាំ​២០១៦​កន្លងទៅ ​លោក Anwar Ibrahim បាន​ថ្លែង​ទាំង​នៅក្នុង​ពន្ធនាគារ​ ក្នុងការ​គាំទ្រ​ជំហរ​របស់លោក Mahathir ដើម្បី​ទម្លាក់​លោក Najib ចេញពី​តំណែង​។ ពេលនោះ លោក Anwar សង្កត់ធ្ងន់ថា វា​ដល់ពេល​ហើយ​ សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ ​ក្រោកឈរ​ទាំងអស់គ្នា និង​ទុក​រឿង​គំនុំ​បុគ្គល ដើម្បី​សង្គ្រោះ​ប្រជាជាតិ​ម៉ាឡេស៊ី​នោះ​។ នៅ​ឆ្នាំ​១៩៩៨ ក្នុងពេលដែល​លោក Mahathir ជា​នាយករដ្ឋមន្ត្រី លោកបាន​បង្ខំ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី Anwar ចុះ​ចេញពី​តំណែង និង​ថែមទាំង​​កាត់ទោស​ ពីបទ​រួមភេទ​ជាមួយ​មនុស្សប្រុស​ដូចគ្នា​៕


Tag:
 ម៉ាឡេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com