ជាតិ
ទិវា​សិទ្ធិមនុស្ស៖ទូត​អឺរ៉ុប បន្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​រឿង​សម្លាប់​លោក កែម ឡី ដោយ​តម្លាភាព​
10, Dec 2016 , 10:04 am        
រូបភាព
ដោយ:
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក George Edgar នៅតែមាន​សង្ឃឹមថា ថ្ងៃ​ណាមួយ​អាជ្ញាធរ​កម្ពុជា នឹង​ចាប់​ជនល្មើស​សម្លាប់​លោក កែម ឡី មក​ផ្តន្ទាទោស​ឲ្យ​បាន​។ ទន្ទឹម​នឹងមាន​ក្តីសង្ឃឹម​លោក ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ករណីនេះ ដោយ​តម្លាភាព​ដែរ​។​


 
​រឿង​ជនល្មើស​បាញ់សម្លាប់​លោក កែម ឡី មិនទាន់​ត្រូវបាន​តុលាការ​រកមុខ​ឃើញ ក៏ត្រូវ​បាន​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា George Edgar ឆ្លៀត​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ កាលពី​ព្រលប់​ថ្ងៃទី ០៩ ធ្នូ​។ នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្បែរ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក George Edgar លើកឡើងថា បញ្ហា​ឃាតកម្ម​លើ​លោក កែម ឡី សហភាព​អឺរ៉ុប​ចង់ឃើញ​តម្លាភាព​នៃ​ការស៊ើបអង្កេត​របស់​អា​ជ្ញា​ធរ​កម្ពុជា​។  «​ជាទូទៅ​យើង​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ប្រកបដោយ​តម្លាភាព​» ។ នេះ​ជាការ​បញ្ជាក់​របស់លោក​មន្ត្រី​ទូត​ខាងលើ​។ 

កន្លងផុត​ ៥ ខែ ហើយ ពោលគឺ​ចាប់តាំងពីថ្ងៃទី ១០ ​ខែកក្កដា ដែល​ឃាតករ​បាន​បាញ់ប្រហារ​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​លោក កែម ឡី នៅ​ស្តា​ម៉ា​ត ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ តែ​ឃាតករ​ពិតប្រាកដ តុលាការ​នៅ​មិនទាន់​រកឃើញ​នោះឡើយ ក្រៅតែពី​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួប សម្លាប់ ប៉ុណ្ណោះ​។ ជនសង្ស័យ ជួប សម្លាប់ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ភ្លាមៗ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ឃាតកម្ម​លើ​លោក​កែម ឡី ។ កន្លងទៅ ភរិយា​លោក កែម ឡី លោក ស្រី ប៊ូ រចនា ធ្លាប់​និយាយថា លោកស្រី​ហាក់​គ្មាន​សង្ឃឹមថា នឹង​ទទួលបាន​យុត្តិធម៌​ជូន​ស្វាមី​របស់ខ្លួន​នោះ​។ 
 
​យ៉ាងណា​ងាក​មកកាន់​ប្រសាសន៍​របស់លោក George Edgar ក្នុង​ទិវា​សិទ្ធិមនុស្ស​បន្តទៀត លោក​មន្ត្រី​ទូតរូប​នេះ ក៏​នៅតែមាន​សង្ឃឹមថា អាជ្ញាធរ​នឹង​ចាប់​ជន​ល្មើ​ល​ដែល​សម្លាប់​លោក កែម ឡី មក​ផ្តន្ទាទោស​ឲ្យ​បាន​។ លោក បញ្ជាក់​យ៉ាងនេះ​ថា​៖«​យើង​ជឿជាក់ និង​សង្ឃឹមថា នឹងមាន​ការស៊ើបអង្កេត​មួយ​ឲ្យ​បាន​ពេល​ញ​លេញ រកឃើញ​នូវ​អ្នក​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ល្មើស ហើយ​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​»៕

Tag:
 កែម ឡី​
  George Edgar
© រក្សាសិទ្ធិដោយ thmeythmey.com