អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន​ព្រមាន​អាមេរិក «​ប្រឆាំង​នយោបាយ​ចិន​មួយ ប្រៀបដូចជា​ទម្លាក់​ដុំថ្ម​លើ​ជើង​ខ្លួនឯង​»
14, Dec 2016 , 12:07 pm        
រូបភាព
​ក្រុង​ប៉េកាំង បានចេញ​សារ​ព្រមាន​ខ្លាំងៗ​ទៀត​ដល់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បង្ហាញ​ជំហរ​បោះបង់ «​គោលនយោបាយ​ចិន​តែមួយ​» ប្រសិនបើ​ចិន​មិន​ផ្ដល់​សម្បទាន​អ្វី​ជា​ថ្នូរ​ឲ្យ​អាមេរិក​ទេនោះ​។ ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ផ្ញើ​សារ​ឲ្យ​អាមេរិក​ក៏ដូចជា​ប្រទេស​នានា ថា ការប្រឆាំង​នយោបាយ​ចិន​តែមួយ នឹងមិន​ផ្ដល់​ផល​ល្អ​ឲ្យ​ខ្លួន​ឡើយ​។​

 
​រដ្ឋមន្ត្រីការបរទេស​ចិន បាន​បន្ត​ប្រតិកម្ម​របស់ខ្លួន​លើ​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​។ ចិន មិន​សប្បាយចិត្ត​ទាល់តែសោះ​ចំពោះ​ការប្រែប្រួល​អាកប្បកិរិយា​របស់​ប្រធានាធិបតី​អាមេរិក ដែល​ចង់​ងាក​ទៅ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​តៃវ៉ាន់​។ ចិន បាន​ព្រមាន​ថា អ្នកណា​ក៏ដោយ​ហ៊ាន​ប្រឆាំង​ចិន​លើ​រឿង​តៃវ៉ាន់ ប្រៀបដូចជា​យក​បញ្ហា​ដាក់ខ្លួន​ដូច្នោះ​ដែរ​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ស្វី​ស រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ផ្ញើ​សារ​ព្រមាន​ប្រធានាធិបតី​អាមេរិក ថា​៖ «​ប្រសិនបើ​លោក ត្រាំ មាន​ចេតនា​បំផ្លាញ​នយោបាយ​ចិន​តែមួយ ឬក៏​ព្យាយាម​បំផ្លាញ​ផលប្រយោជន៍​របស់​ចិន វា​មានន័យថា​លោក ត្រាំ កំពុង​ទម្លាក់​ដុំថ្ម​លើ​ជើង​របស់​ខ្លួនឯង​អ៊ីចឹង​ដែរ​»​។ នេះ​បើ​យោងតាម​ការផ្សាយ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១២ ខែធ្នូ​។​
 
​ប្រមុខ​ការបរទេស​ចិន​រូបនេះ​បន្ថែមថា ចិន កំពុង​តាមដាន​ការវិវត្ត​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ការសន្ទនា​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​តៃវ៉ាន់​។ មិនតែប៉ុណ្ណោះ លោក វ៉ាង ក៏បាន​ព្រមាន​បុគ្គល​ណា ឬ​កម្លាំង​មកពីណា​ក៍ដោយ ដែល​ហ៊ាន​ប្រលែង​លេង​ជាមួយ​ចិន​។ ប៉ុន្តែ​គេ​មិនដឹងថា ចិន​នឹងធ្វើ​យ៉ាងណា បើ​មាន​អ្នក​ហ៊ាន​ចេញមុខ​ប្រឆាំង​ខ្លួន​នោះ​។​
 
​ការអធិប្បាយ​ព្រមាន​របស់​ប្រមុខ​ការទូត​ចិន​បែបនេះ ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ រដ្ឋបាល​របស់លោក អាច​ពិចារណា​លើ​គោលនយោបាយ​ចិន​តែមួយ​។ 
​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​វិញ​ថា ការប្រកាន់​ខ្ជាប់​«​គោលនយោបាយ​ចិន​តែមួយ​» គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ចំណង​អាមេរិក​-​ចិន​។ តែបើ​នយោបាយ​នេះ​មិន​ត្រូវបាន​អនុវត្ត​ទេ ស្ថិរភាព​នៃ​ការអភិវឌ្ឍ​នៃ​ចំណង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ ក៏​នឹងត្រូវ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។ 
 
​លោក Geng Shuang ជា​អ្នកនាំពាក្យ​បាន​សង្កត់ធ្ងន់ថា​៖ «​ចិន​ទទូច​ឲ្យ​មេដឹកនាំ និង​រដ្ឋាភិបាល​អាមេរិក​ថ្មី​ទទួលស្គាល់​យ៉ាង​ពេញលេញ​លើ​ភាព​រសើប​នៃ​បញ្ហា​តៃវ៉ាន់ បន្ត​រក្សា​គោលជំហរ​ចិន​តែមួយ និង​សេចក្តីថ្លែងការណ៍​រួមគ្នា​រវាង​ចិន និង​អាមេរិក​...​ដើម្បី​ធានា​ឲ្យ​បាន​ពី​ភាពមិន​ប្រះ​ឆា​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ធ្ងន់ធ្ងរ​នោះ​»​។  
 
​សូមបញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​បញ្ចប់​ទំនាក់​ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​នៅ​ឆ្នាំ ១៩៧៩ ហើយ​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែមួយ​ស្ថិតក្រោម​នយោបាយ​ចិន​តែមួយ​។ ហើយ​បន្ទាប់ពីនោះ​អាមេរិក បាន​បន្ត​ទំនាក់ទំនង​មិន​ផ្លូវការ​ជាមួយ​ក្រុង​តៃប៉ិ​ក​មកដល់​បច្ចុប្បន្ន​៕
 
 

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com