អន្តរជាតិ
មី​យ៉ាន់​ម៉ា​កំពុង​ប្រមូល​ភស្តុតាង​បញ្ជាក់ថា រ៉ូ​ហ៊ីង​យ៉ា​មិនមែនជា​ជនភាគតិច​ខ្លួន​ទេ​
14, Dec 2016 , 8:19 pm        
រូបភាព
​ខណៈដែល​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ក្រពុលមុខ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​កំពុង​ប្រមូល​ឯកសារ​ប្រវត្តិសាស្ត្រ​នានា​ដើម្បី​ជា​ភស្តុតាង​បង្ហាញ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ពី​ដើមកំណើត​នៃ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ គោលដៅ​នៃ​ការស្វែងរក​ដើមកំណើត​នេះ មាន​គោលដៅ​បញ្ជាក់ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មិនមែនជា​ជនជាតិភាគតិច​របស់​មី​យ៉ាន់​ម៉ា​ឡើយ​។ ពោល គឺ​គ្រាន់តែ​ជនជាតិ​ចូលមក​រស់នៅ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​។​



​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្រសួង​កិច្ចការ​សាសនា និង​វប្បធម៌​មី​យ៉ាន់​ម៉ា បានប្រកាសថា ខ្លួន​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​ប្រាប់​អាស៊ាន​ពី​ប្រវត្តិ​ពិតប្រាកដ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​សរសេរ​ទុកជា​ជំនាន់​មកហើយ ត្រូវបាន​ត្រួតពិនិត្យ ប៉ុន្តែ​ពួកគេ​មិនឃើញ​មានការ​ប្រើពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ សូម្បី​ឯកសារ​ក្នុងសម័យ​អាណានិគម​អង់គ្លេស ឬ​មុន​អាណានិគម​ក្ដី​។​

​ក្រសួង​ដដែល​នេះ​បន្តថា ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» ត្រូវបាន​ប្រើ​ជា​លើកដំបូង​ក្នុ​ង្ន​ឆាំ​១៩៤៨ ដោយ​សមាជិកសភា Abdul Gafar ជា​ជនជាតិ​បេង​ហ្កា​លី​។ យ៉ាងណាក្ដី ការប្រើ​ពាក្យ​នេះ កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា​ជាពិសេស​រដ្ឋ Rakhine ដែល​កើតមាន​អំពើហិង្សា​។ មន្ត្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏ដូចជា​ស្ថានទូត​មី​យ៉ាន់​ម៉ា​នៅ​បរទេស ក៏បាន​ចៀសវាង​ប្រើពាក្យ​នេះដែរ​។​

​លើសពីនេះ សូម្បីតែ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ក៏​មិនដែល​ប្រើពាក្យ​នេះ​ដូចគ្នា​ដែរ ដ្បិត​លោកស្រី​ក៏​យល់ព្រម​ដែរ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មិនមែនជា​ជនជាតិភាគតិច​របស់​ប្រទេស​លោកស្រី​ឡើយ​។ បើតាម​ការផ្សាយ​របស់ Bangkok Post ទាំង​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ភាគច្រើន​បាន​ប្រើពាក្យ «​បេង​ហ្កា​លី​» ជំនួស «​រ៉ូ​ហ៊ីង​យ៉ា​» ព្រោះ​ជន​មូស្លីម​ទាំងនោះ ជា​ជន​អន្តោ​ប្រវេ​ស​ហូរ​ចូល​ពី​បង់​ក្លា​ដែ​ស​។​

​ទាក់ទិន​នឹង​អំពើហិង្សា​វិញ ក្រសួង​កិច្ចការ​សាសនា និង​វប្បធម៌ បាន​ទម្លាក់កំហុស​លើ​ក្រុម​ក្នុងស្រុក និង​ក្រុម​បរទេស ដែល​ជំរុញ​ឲ្យ​ជម្លោះ​នៅ​រដ្ឋ Rakhine កាន់តែ​លេចធ្លោ ក្នុង​គោលដៅ​បំផ្លាញ​មុខមាត់​មី​យ៉ាន់​ម៉ា​លើ​ឆាក​អន្តរជាតិ និង​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស​។ ប៉ុន្តែ​គេ​មិនដឹងថា ក្រុម​ទាំងនោះ​ជា​អ្នកណា ឬ​ប្រទេស​ណា​ឡើយ​។ តែ​ចុង​ក្រោយនេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ហាក់​ចេញមុខ​ជាងគេ​ក្នុង​ការរិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើ​ករណីនេះ​។​

​ចំណែក​រឿង​ស្រាវជ្រាវ​ប្រវត្តិ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ក្រសួង​ខាងលើ​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ការងារ​ប្រមូល​ឯកសារ​ដើម្បី​បញ្ជាក់ថា ជនជាតិ​នេះ​មិនមែនជា​ជនភាគតិច​របស់​មី​យ៉ាន់​ម៉ា ក្រសួង​នឹង​បញ្ជូន​ឯកសារ​នេះ​ទៅកាន់​ការិយាល័យ​ប្រធានាធិបតី និង​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដើម្បី​សម្រេច មុននឹង​បោះផ្សាយ​ជា​សាធារណៈ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com