កីឡាជាតិ
កម្ពុជា​ឈ្នះ​មេដាយមាស​រហូតដល់​ទៅ​៣១ ពី តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ីអាគ្នេយ៍​
15, Dec 2016 , 8:19 am        
រូបភាព
ដោយ:
 
​ម្ចាស់ផ្ទះ​កម្ពុជា​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១(1st Junior & Senior Southeast Asian Taekwon-Do ITF Championship) ក្រោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៥២(​មាស​៣១, ប្រាក់​១០ និង​សំរឹទ្ធ​១១) ខណៈ​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម​ឈរ​លេខ​រៀង​បន្តបន្ទាប់​។​

 
​ក្រុម​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយមាស​ចំនួន​៣១, ប្រាក់​១០ និង​សំរឹទ្ធ​១១  ក្រោយពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​។ ការ​ដណ្តើមបាន​មេដាយ​សរុប​រហូតដល់​៥១​នេះ បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១​។ 
 
​ចំណែក​ក្រុម​កីឡាករ​កីឡាការិនី​ម៉ាឡេស៊ី​ក្រោយ​ដណ្តើមបាន​មេដាយមាស ៥ ប្រាក់​១០ និង​សំរឹទ្ធ​១៨ បានធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ឈរ​ចំណាត់​លេខ​២ ខណៈ​វៀតណាម​ឈរ​ចំណាត់ថ្នាក់​បន្ទាប់ ក្រោយ​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​១៤ និង​សំរឹទ្ធ​១៥​។ រីឯ​ប្រទេស​សិង្ហ​បុរី​ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ដណ្តើមបាន​មេដាយមាស​១​ប្រាក់​៣ និង​សំរឹទ្ធ​៦ ខណៈ​ថៃ​ក្រោយ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំ​រឺ​ទ្ធ​៦ បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៥​។ ដោយឡែក ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​មិន​ទទួលបាន​មេដាយ​នោះឡើយ​។​
 
 
​ជាមួយគ្នានេះ លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុម​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយ​លើសពី​ការរំពឹងទុក​របស់​ស​ហ​ព័ន្ធ ពោលគឺ​សហព័ន្ធ​រំពឹង​ទទួលបាន​មេដាយមាស​ត្រឹមតែ​ជាង​១០​មេដាយ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង​កម្ពុជា​ដណ្តើមបាន​រហូត​ជាង​៣០​មេដាយមាស​។   
 
​ទន្ទឹមនឹងនេះ កីឡាករ​កីឡាការិនី​ដែលជា​បងប្អូន​បង្កើត​រួមមាន​កីឡាករ បាល់ ជី​វ័​ន្ត ដែល​ឈ្នះ​មេដាយមាស​៤ និង​កីឡាការិនី ប៉ាល់ ឆរ​ស្មី ដែល​ឈ្នះ​មេដាយមាស​៣ សុទ្ធតែ​បានបង្ហាញ​ពី​មោទកភាព​រៀងៗ​ខ្លួន​សម្រាប់​ការ​ដណ្តើមបាន​មេដាយមាស​លើសពី​ការរំពឹងទុក ក្នុង​នាមជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​។ 
 
 
​កីឡាការិនី ប៉ាល់ ឆរ​ស្មី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​មែនទែន ព្រោះ​អី​សម្រាប់​តេ​ក្វាន់​ដូ ITF នេះ​ខ្ញុំ​មិនដែល​បាន​មេដាយមាស​នោះទេ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​មេដាយមាស ហើយ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។ លើសពីនេះ​សម្រាប់​តេ​ក្វាន់​ដូ ITF ខ្ញុំ​ធ្លាប់បាន​ឈប់​ហ្វឹកហាត់​មួយរយៈ​ពេលនេះ​ខ្ញុំ​បាន​ចូលរួម​ប្រកួត​ជាមួយ​សិស្ស​ប្អូន និង​សិស្ស​ច្បង​ខ្ញុំ​មាន​អារម្មណ៍​រំភើប​មែនទែន​»​។ 
 
«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ធ្លាប់តែ​យើង​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដណ្តើមបាន​មេដាយ ប៉ុន្តែ​លើក​នេះ​យើង​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​១ ហើយ​យើង​ដណ្តើមបាន​មេដាយ​ទៀត មេដាយ​នេះ​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​ការប្រកួត​នៅក្រៅ​ប្រទេស​ទៀត​បង​»​។ ជាការ​បញ្ជាក់​របស់​កីឡាករ ប៉ាល់ ជី​វ័​ន្ត​។ 
 
​ទាំង​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF និង​កីឡាករ ប៉ាល់ ជី​វ័​ន្ត សុទ្ធ​តែមាន​ជំនឿ​ចិត្ត​ថា ប្រសិនបើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ក្រុម​កីឡាករ​តេ​ក្វាន់​ដូ ITF នឹង​ដណ្តើមបាន​មេដាយ​ច្រើន​ជូន​ជាតិ​កម្ពុជា​៕ 
 









Tag:
 តេ​ក្វាន់​ដូ ITF
  បួន ហ៊ីង​សុធី​យ៉ា​
  ITF ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com