អន្តរជាតិ
ប្រមុខ​ការទូត​ហ្វីលីពីន ប្រាប់​អ្នករាយការណ៍​ពិសេស UN ឲ្យ​សុំទោស​ហ្វីលីពីន​ជា​សាធារណៈ​
16, Dec 2016 , 5:12 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay
​រឿងរ៉ាវ​មិន​ចុះសម្រុង​រវាង​រដ្ឋបាល​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ Agnes Callamard លើ​បញ្ហា​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ កំពុងតែ​កើន​កំដៅ​ខ្លាំង​។ ប្រមុខ​ការទូត Perfecto Yasay បាន​ប្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ឲ្យ​សុំទោស​ហ្វីលីពីន ក្រោយ​មន្ត្រី​រូបនោះ បាន​អធិប្បាយ​លើ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ហ្វីលីពីន​នោះ​។



​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Perfecto Yasay បានស្នើ​ចំៗ​ទៅកាន់ លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​លើ​បញ្ហា​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ឲ្យ​សុំទោស​ហ្វីលីពីន​ជា​សាធារណៈ​ជុំវិញ​ការសន្និដ្ឋាន​តាម​អំពើ​ចិត្ត​របស់លោក​ស្រី​លើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ លោក Yasay ថែមទាំង​ដាក់​កំហុស​លើ​ការសន្និដ្ឋាន​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​រូបនោះ ដែល​ធ្វើ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ខ្លួន ត្រូវ​ផ្ដល់​ឲ្យ​ហ្វីលីពីន​ទៀតផង​។​

​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​១៦ ខែធ្នូ លោក Yasay និយាយថា លោកស្រី Callamard ត្រូវតែ​សុំទោស​លើ​កំហុស​របស់ខ្លួន ហើយ​លោកស្រី ក៏ត្រូវ​ដកយក​ការសន្និដ្ឋាន​របស់លោក​ស្រី​ទុក​វិញ​ដែរ និង​ត្រូវ​សារភាព​ប្រាប់​សហគមន៍​អន្តរជាតិ ព្រោះ​លោកស្រី​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​របស់​ហ្វីលីពីន​។ លោក​បន្តថា សេចក្ដីថ្លែងការណ៍​សាធារណៈ​របស់លោក​ស្រី ដែល​ស្នើ​ឲ្យ​មានការ​ការពារ​ប្រជាជន​ពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ បាន​បំផ្លាញ​កិត្តិយស​យ៉ាងខ្លាំង​។​

«​លោកស្រី Callamard បាន​បំផ្លាញ​មុខមាត់​ហ្វីលីពីន​។ ការលើកឡើង​របស់លោក​ស្រី អាចធ្វើ​ឲ្យ​អ្នកដទៃ​សន្និដ្ឋានបានថា ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធយុត្តិធម៌​បានកើត​ឡើងលើ​ទឹកដី​ហ្វីលីពីន​។ ហើយ​គេ​ក៏​អាច​គិតថា ការរំលោភបំពាន​សិទ្ធិមនុស្ស​ដែល​រដ្ឋាភិបាល​នៅ​ពីក្រោយ ក៏​កំពុង​កើតឡើង​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ប្រមុខ​ការទូត​ហ្វីលីពីន ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Rappler ។​

​ទាក់ទិន​នឹង​ការអញ្ជើញ​លោកស្រី Callamard មកកាន់​ហ្វីលីពីន​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ រដ្ឋមន្ត្រីការបរទេស​រូបនេះ​អះអាងថា ហ្វីលីពីន មិនបាន​លុបចោល​ការអញ្ជើញ​ឡើយ ហើយ​ពេលនេះ មក ឬ​មិន​មកជា​សិទ្ធិ​របស់លោក​ស្រី​។ យ៉ាងណាក្ដី លោកស្រី Callamard ហាក់​រារែក​នឹង​ទស្សនកិច្ច​នេះ ដ្បិត​លោក Duterte ដាក់​លក្ខខណ្ឌ​ឲ្យ​លោកស្រី​ឆ្លើយ​នឹង​សំណួរ​របស់លោក​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន អះអាងថា ក្នុងករណី​ដែល​លោកស្រី មិន​យល់ព្រម​លើ​លក្ខខណ្ឌ​នេះ បញ្ហា​នឹង​ចប់ តែ​កុំ​និយាយថា ហ្វីលីពីន​ជា​អ្នក​លុបចោល​ការអញ្ជើញ​ឲ្យ​សោះ ពោលគឺ ការអញ្ជើញ គឺ​នៅតែមាន​ដដែល​។ លោក​បន្តថា លោកស្រី Callamard អាចមាន​ជម្រើស​ផ្សេងទៀត គឺ​លោកស្រី​អាច​ចូល​ទឹកដី​ហ្វីលីពីន​តាមរយៈ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​រដ្ឋាភិបាល​ហ្វីលីពីន នៅតែមាន​សិទ្ធិ​ក្នុង​ការទទួល ឬ​មិន​ទទួល​លោកស្រី​បាន​ដដែល​៕


Tag:
 ​ហ្វីលីពីន​
  UN
  Perfecto Yasay
  Agnes Callamard
© រក្សាសិទ្ធិដោយ thmeythmey.com