កីឡាជាតិ
ជាតិ
ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​កីឡាករ សុខ ចាន់​មាន បន្ត​ស្វែងរក​មេដាយ​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា​
17, Dec 2016 , 9:51 am        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡាករ សុខ ចាន់​មាន រួមទាំង​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​ចំនួន​១១​នាក់​ផ្សេងទៀត​បាន​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ នេះ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០(20th Asian Petanque Championship 2016) នៅ​ប្រទេស​យ៉ាន់​ម៉ា​។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែធ្នូ ដោយមាន​១១​ប្រទេស​ចូលរួម​។



​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា​(Madagascar) កាលពីពេល​ថ្មីៗ កីឡាករ សុខ ចាន់​មាន បាន​បន្ត​យុទ្ធនាការ​របស់ខ្លួន​ស្វែងរក​មេដាយ​កម្រិត​អាស៊ី​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​ម្តង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២០(20th Asian Petanque Championship 2016)​។ ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​អត្ត​ព​លិ​ក​ជាច្រើនរូប​មកពី​១០​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ 



​ក្រៅពី​ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ ក៏មាន​វត្តមាន​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​ពីរ​ជំនាន់ និង​ក្រុម​កីឡាករ​កីឡាការិនី​១០​នាក់​ផ្សេងទៀត​ចូលរួម​ការប្រកួត​នេះ​ផងដែរ​។ ក្នុងចំណោម​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​១២​រូប​របស់​កម្ពុជា​ក្នុងនោះ​មាន​ក្រុមយុវជន​៤​នាក់ បុរស​៤​នាក់ និង​នារី​៤​នាក់​។​

​ក្រុមយុវជន​ទាំង​៤​នាក់​រួមមាន​កីឡាករ ទីវ រដ្ឋា​, ឃួន លី​ហ៊​, កុយ សុភ​ក្ត្រា និង ថង់ ហាស​សិទ្ធិ​ទេវរាជ ដែលមាន​លោក អ៊ុក យ៉ា​រី ជា​គ្រូបង្វឹក​។ រីឯ​ក្រុម​បុរស​រួមមាន​កីឡាករ សុខ ចាន់​មាន​, សៀង វណ្ណា​, តឹ​ប ន​រ៉ា និង​កីឡាករ ហេង ថា ដែលមាន​លោក អ៊ឹម ផាត ជា​គ្រូបង្វឹក​។ ចំណែក​ក្រុម​នារី​រួមមាន​កីឡាការិនី កែ ឡេង​, ឃួន យ៉ា​រី​, ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ដែលមាន​លោក សុខ ម៉ុង ជា​គ្រូបង្វឹក​។​

​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ មាន​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​១១​ប្រទេស​ក្នុងនោះ​រួមមាន​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​, កម្ពុជា​, ចិន​, ចិន​តៃប៉ិ​, ជប៉ុន​, ឥណ្ឌា​, ព្រុយ​ណេ​, ឡាវ​, ថៃ​, សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ គួររំលឹកថា កាលពី​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១៩​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពេលនោះ​កម្ពុជា​ទទួលបាន​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ​៤៕








Tag:
 ​ប៉េតង់​
  សុខ ចាន់​មាន
© រក្សាសិទ្ធិដោយ thmeythmey.com