បទយកការណ៍ / បទសម្ភាសន៍
យុវជន ចាន់ ដា​រ៉ា ចាត់ទុក​ការនេសាទ​ត្រី​សមុទ្រ ជា​មុខរបរ​សប្បាយ​
18, Dec 2016 , 10:59 pm        
រូបភាព
ដោយ:
​កោះកុង​៖  ទោះបី​ត្រូវ​រង​ព្យុះភ្លៀង និង​រលក​ធំ​នៃ​ទឹកសមុទ្រ​យ៉ាងណាក្តី តែ​យុវជន ចាន់ ដា​រ៉ា នៅ​ក្រាញននៀល​ប្រកប​របរ​នេសាទ​បន្តទៀត ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ​។ យុវជន​វ័យ​១៧​ឆ្នាំ​រូបនេះ មិនបាន​ត្អូញត្អែរ​ពី​ការលំបាក​ឡើយ តែ​លោក​បែរជា​ចាត់ទុក​ការងារ​នេះ គឺជា​ការកម្សាន្ត​ទៅវិញ​។ តើ​អ្នកនេសាទ​សមុទ្រ មាន​មានជីវិត​បែបណា​?

     

​ម៉ោង​៦​ព្រឹក​នៅលើ​ស្ពាន​កោះកុង មាន​កម្មករ​កម្ម​ការី​នី​ជាច្រើន បានធ្វើ​ដំណើរ​ឆ្លងស្ពាន​ពី​ទី​រួម​ខេត្តកោះកុង ឆ្ពោះទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ក្បែរ​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម ដែលមាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ​។ ចំណែក យុវជន ដា​រ៉ា​ឯណោះ​វិញ បែរជា​កំពុង​បើកទូក​នៅក្រោម​ស្ពាន​កោះកុង​ទៅមកៗ ដើម្បី​ដាក់​សន្ទូច និង​ដួស​ត្រី ឬ​ក្តាម​។ ទូក​ម៉ាស៊ីន​ទំហំ​ប្រហែល​៣​ម៉ែត្រ​គុណ​១​ម៉ែត្រ ត្រូវបាន​បញ្ឆេះ​លាន់​ឭ​ពេញ​ផ្ទៃ​ទឹក ខណៈ​មនុស្សម្នា​ជាច្រើន​កំពុង​ដើរ​ហាត់ប្រាណ និង​អង្គុយ​លំហែ​នៅតាម​មាត់សមុទ្រ​។ 


 
«​ឯខ្ញុំ​វិញ បាន​មកដល់​ខេត្តកោះកុង​នេះ តាមរយៈ​ការរៀបចំ​របស់​សមាគម​យុវជន​ខ្មែរ​(KYA) ដែល​បាន​នាំ​យុវជន​ជាង​២០០​នាក់មក​បោះជំរំ​នៅ​ខេត្តកោះកុង​។ ក្រោយពី​សម្រាក មួយ​យប់​នៅ​សណ្ឋាគារ​ជាប់​ច្រាំង​សមុទ្រ​នោះ ព្រលឹម​ឡើង​ខ្ញុំ​ក៏បាន​ទៅ​លំហែ​នៅ​មាត់សមុទ្រ​ដូច​គេឯង​ដែរ​។ ពេលនោះ​ហើយ ដែល​ខ្ញុំ​បាន​ជួប​យុវជន​ដា​រ៉ា ដែល​កំពុង​លើក​ត្រី​បង្ហាញ​ដល់​ស្ត្រី​វ័យ​ស្របាល​៣០​ទៅ​៤០​ឆ្នាំ​ពីរ​នាក់ ដែល​បាន​ស្រែកហៅ​ដា​រ៉ា​ឲ្យ​មក​មាត់ច្រាំង ដើម្បី​ទិញ​ត្រី​ស្រស់ៗ​ពី​គាត់​។ 
 
​ស្ថិតនៅលើ​ទូក​ក្បែរ​ច្រាំង​នោះ ខ្ញុំ​ក៏​ឆ្លៀត​សួរ​គាត់​តែម្តង​។ ដា​រ៉ា ដែលមាន​វ័យ​១៧​ឆ្នាំ មិនមែន​ទើប​ងើប​ពី​ព្រលឹម​មក​នេសាទ​នោះទេ តែ​យុវជន​រូបនេះ បានចាប់ផ្តើម​ដាក់​សន្ទូច និង​ដួស​ត្រី​ឬ​ក្តាម​តាំងពី​ម៉ោង​៧​យប់​មកម្ល៉េះ​។   


 
​ខុសពី​យុវជន​ដទៃទៀត ដែល​បាន​សិក្សា​រៀនសូត្រ និង​ប្រាថ្នា​ចង់​ក្លាយជា​មន្ត្រីរាជការ និង​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ធំៗ​នោះ យុវជន​សម្បុរ​ស្រអែម​រូបនេះ គ្មាន​បំណងប្រាថ្នា​អ្វី ក្រៅតែពី​រកត្រី​ឲ្យ​បាន​ច្រើន ដើម្បី​លក់​យក​ចំណូល​ចិញ្ចឹម​គ្រួសារ​ប៉ុណ្ណោះ​។   
 
​ចាន់ ដា​រ៉ា មិនមែនជា​អ្នក​មកពី​ខេត្ត​ផ្សេង​នោះទេ តែ​អ្នកនេសាទ​វ័យក្មេង​រូបនេះ គាត់​មាន​ស្រុកកំណើត​នៅ​ភូមិ​២ សង្កាត់​ដង​ទុង ខេត្តកោះកុង​នេះ​តែម្តង​។ ការពិតទៅ ដំបូង​លោក​មិនចេះ​នេសាទ​ដោយ​ខ្លួនឯង​នោះទេ តែ​លោក​បាន​ដើរ​តាម​ឪពុកម្តាយ​របស់លោក ដែលជា​អ្នកនេសាទ​សមុទ្រ​ជា​យូរ​មកហើយ​។ ទើបតែ​ពីរ​ឆ្នាំនេះ​ទេ ដែល​បុរស​វ័យ​ជំទង់​រូបនេះ ត្រូវ​ឪពុកម្តាយ​បណ្តោយ​ឲ្យ​នេសាទ​ម្នាក់ឯង ពីព្រោះ លោក​ចេះ​ហែល​ទឹក និង​ស្ទាត់ជំនាញ​ក្នុងការ​នេសាទ​ផងដែរ​។   
 
​ក្រៅពី​ជំនាញ​នេសាទ​ត្រី ដា​រ៉ា និង​បងប្អូន​ទាំង​៧​នាក់​ទៀត មិនមាន​ជំនាញ​អ្វី​ផ្សេង​ឡើយ​។ គ្រួសារ​របស់លោក គឺជា​អ្នកនេសាទ​សមុទ្រ​ទាំងអស់​។ ខុសពី​អ្នកនេសាទ​ខ្នាត​ធំ ដែលមាន​កប៉ាល់​ធំៗ និង​ឧបករណ៍​នេសាទ​ទំនើបៗ​នោះ គ្រួសារ​របស់​យុវជន​រូបនេះ បាន​ប្រើ​ឧបករណ៍​បុរាណ ដូចជា​៖ លប សន្ទូច និង​ប្រដាប់​ដួស​ត្រី​ជាដើម ដើម្បី​នេសាទ​។  


 
​អង្គុយ​លើ​ទូក​ម៉ាស៊ីន​ដែលមាន​តម្លៃ​១៥,០០០​បាត​(​លុយ​ថៃ​) ដែល​គ្រួសា​របស់លោក​ទិញ​ពី​ប្រទេស​ថៃ ដា​រ៉ា បាន​ឈរ​និយាយ​ដាក់​មា​ស៊ីន​ថត​សំឡេង​របស់ខ្ញុំ ថា លោក​ត្រូវ​ធ្វើដំណើរ​ទៅ​នេសាទ​ឆ្ងាយ​ដល់​សមុទ្រ​ធំ ដោយ​ចំណាយ​ប្រេងសាំង​ចំនួន​ជាង​៣​លីត្រ​ក្នុង​មួយថ្ងៃ​។ លើសពីនេះ ដា​រ៉ា​ហាក់​មិន​ភ័យខ្លាច​ចំពោះ​ខ្ស​ល់ និង​រលក​ធំៗ​សោះឡើយ តែ​ផ្ទុយទៅវិញ លោក​បែរ​សប្បាយរីករាយ​នឹង​ការនេសាទ​នេះ ដោយ​លោក​ថែមទាំង​ចាត់ទុក​ការងារ​នេះ​ជាការ​កម្សាន្ត​ទៀតផង​។ លោក​វាចា​ដោយ​សើច​ផង​ថា​៖«​មានអី​បង ស្ទួ​ច​ត្រី​សប្បាយ​តើ ពេល​ឃើញ​ត្រី​ហែល ខ្ញុំ​ចូលចិត្ត​លេង​ជាមួយ​វា តែ​ពេល​អត់​បាន​រកត្រី ខ្ញុំ​ធុញ​ទៅវិញ​ទេ​»​។   
 
​ការរស់នៅ​ដោយ​ពឹង​ទាំងស្រុង​លើ​ការនេសាទ​ត្រី បានធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព​របស់​កំលោះ​រូបនេះ មានការ​ហូបចុក​គ្រប់គ្រាន់​។ លោក​បញ្ជាក់​ដោយ​សម្តី​កំបុតៗ​ថា​៖«​ធូរធារ​ក៏​មិន​ធូរធារ ខ្វះខាត​ក៏​មិន​មិន​ខ្វះខាត គឺ​ជីវភាព​ធ​ម្យ​ម​»​។ 
 
​ខណៈ​ត្រី​កាន់តែ​ថយចុះ តម្លៃ​ត្រី​ក៏បាន​កើនឡើង​ផងដែរ​។ «​ត្រី​ឆ្ពង់ និង​ត្រី​ក្រាវ គឺជា​ត្រី​ឆ្ងាញ់​ជាងគេ​នៅក្នុង​ខេត្តកោះកុង ដោយមាន​តម្លៃ​២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ក្តាម​មានតម្លៃ​២​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។  នេះ​ជា​លើកឡើង​របស់​ដា​រ៉ា ដោយ​បន្ត​អះអាងថា  ការនេសាទ​សមុទ្រ គឺ​មិនសូវ​បាន​ផល​ច្រើន​ឡើយ​នៅ​ខែវស្សារ តែ​សម្រាប់​ខែប្រាំង ផល​នេសាទ​នឹង​កើនឡើង ដ្បិត​ខែប្រាំង​មិនសូវមាន​ភ្លៀង ខ្ស​ល់ និង​រលក​ធំៗ ដែល​បង្ក​ការងាយស្រួល​ដល់​អ្នកនេសាទ​។       


 
​ក្នុង​មួយថ្ងៃ លោក​អាច​រកចំណូលបាន​ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​។   យ៉ាងណាក៏ដោយ ដា​រ៉ា បាន​រម្លឹកថា កាលពី​៣​ទៅ​៥​ឆ្នាំមុន គ្រួសារ​របស់លោក អាច​នេសាទ​បាន​ពី​១០​ទៅ​២០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន សមាជិកគ្រួសារ​របស់​លោក អាច​រកបាន​ប្រហែល​៥​ទៅ​៦​គីឡូក្រាម​នៅក្នុង​មួយថ្ងៃ​។ លោក​បាន​បរិយាយ​ដូច្នេះ​ថា​៖«​ចាប់តាំងពី​កប៉ាល់​បូម​ខ្សាច់​នោះ​(​កប៉ាល់​ដែល​ស្ថិតនៅ​ត្រើយម្ខាង​ប្រហែល​២​គីឡូម៉ែត្រ​ពី​ស្ពាន​កោះកុង​)​មក វា​បាន​បិទ​ច្រកត្រី​ពី​សមុទ្រ​ធំ ហើយ​ត្រី​បាន​ថយចុះ​ខ្លាំង ព្រោះ​ទឹក​មាន​ជាតិ​ប្រេង និង​ទឹក​កាន់តែ​ជ្រៅ​»​។
 
​និយាយ​ដល់​ចំណុច​នេះ ដា​រ៉ា​បាន​ប្រែ​ទឹកមុខ​ក្រៀមក្រំ​ភ្លាម​។ លោក​បាន​រៀបរាប់​ដោយ​ទឹក​ស្រងូតស្រងាត់ ថា ប្រសិនបើ ត្រី​ថយចុះ​បន្តទៀត​នោះ លោក​នឹង​ផ្លាស់ប្តូរ​មុខរបរ​។ «​បើ​អស់​ត្រី ខ្ញុំ​នឹង​រៀន​ជាង​ម៉ូតូ ឬ​ឡាន​វិញ​»​។ នេះ​ការបញ្ជាក់​របស់​ដា​រ៉ា ដោយ​បន្តថា គ្រួសារ​របស់លោក ក៏​បោះបង់​មុខរបរ​ដូនតា​នេះ​ផងដែរ ដោយ​អាច​ទៅធ្វើ​ស្រែ ឬ ចម្ការ​ជំនួស​វិញ​៕                

Tag:
 ចាន់ ដា​រ៉ា​
  ​អ្នកនេសាទ​សមុទ្រ​
 ​ កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com