កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ ITF រំពឹង​ឈ្នះ​មេដាយ​ច្រើន​បើ​មាន​វត្តមាន​ក្នុង​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​
19, Dec 2016 , 8:19 am        
រូបភាព
ដោយ:
​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ ITF សុទ្ធតែ​មានគំនិត​សុទិដ្ឋិនិយម​ថា ប្រសិនបើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF អាចមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​(SEA Games)​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​អាច​ដណ្តើម​មេដាយ​បាន​ច្រើន​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ជាតិ​កម្ពុជា​។ ការរំពឹង​ខ្ពស់​បែបនេះ បន្ទាប់ពី​តេ​ក្វាន់​ដូ ITF កម្ពុជា​ដណ្តើមបាន​មេដាយ​ចំនួន​៥២(​មាស​៣១,​ប្រាក់​១០,​សំរឹទ្ធ​១១) ពី​ការធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​។​

 
​ក្រោយពី​ដណ្តើមបាន​មេដាយមាស​៣១ ប្រាក់​១០ និង​សំរឹទ្ធ​១១ ពី​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាករ​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១(1st Junior & Senior Southeast Asian Taekwon-Do ITF Championship) ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១៤ ខែធ្នូ​។ លទ្ធផល​ដ៏​ធំធេង​នេះ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​ក៏ដូចជា​កីឡាករ​មាន​ជំនឿ​ចិត្ត​ថា ប្រសិនបើ​ប្រភេទ​កីឡា​នេះ​អាចមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កម្ពុជា​នឹង​អាច​ទទួលបាន​មេដាយ​ច្រើន​ពី​ប្រភេទ​កីឡា​មួយ​នេះ​។ 
 
​ជាមួយគ្នានេះ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក បួន ហ៊ីង​សុធី​យ៉ា បាន​បញ្ជាក់ថា ប្រសិនបើ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដាក់​ប្រភេទ​កីឡា​នេះ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​(SEA Games)​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នោះ​កម្ពុជា​នឹង​អាច​មានឱកាស​ច្រើន​ក្នុង​ការទទួល​មេដាយ​។ ព្រោះ​ប​ច្ចុ​ប្ប ITF កម្ពុជា​មានការ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ជាពិសេស​មាន​ថ្នាល​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ទេពកោសល្យ​។ 


 
​អគ្គលេខាធិការ​រូបនេះ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​យើង​មានឱកាស​ចូលក្នុង​ស៊ី​ហ្គេម​មែន យើង​អាចមាន​លទ្ធភាព​ច្រើន​ក្នុង​ការទទួល​មេដាយ​។ ហេតុផល​ទី​១​យើង​បានរៀបចំ​បានល្អ មាន​ថ្នាល មាន​អ្នក​បន្តវេន ហើយ​កីឡាករ​កម្ពុជា​យើង​ភាគច្រើន​ពោរពេញ​ទៅដោយ​ទេពកោសល្យ និង​កាយ​សប្ប​ទា​ល្អ​។ យើង​ខ្វះ​តែ​ឱកាស​នោះទេ ប្រសិន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​អាច​បញ្ចូល​យើង​បាន យើង​សន្យាថា​នឹងធ្វើ​ឲ្យ​បានល្អ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។   
 
​មិន​ខុសគ្នា​ពី​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​នោះឡើយ កីឡាករ ប៉ាល់ ជី​វ័​ន្ត និង​ជា​គ្រូបង្វឹក​ផង​នោះ ក៏បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ផងដែរ​ថា ប្រសិនបើ​តេ​ក្វាន់​ដូ ITF បាន​ចូលក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លោក​រំពឹងថា ក្រុម​កីឡាករ​កម្ពុជា​នឹងធ្វើ​កាន់តែ​ល្អ​ជាង​ការធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​។ លើសពីនេះ កម្ពុជា​រំពឹង​ទទួលបាន​ជោគជ័យ​ច្រើន​ពី​ប្រភេទ​កីឡា​នេះ ព្រោះ​ក្នុង​តំបន់​អាស៊ាន​មានតែ​វៀតណាម និង​ម៉ាឡេស៊ី​ប៉ុណ្ណោះ​ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែល​កម្ពុជា​។ 
 
«​ប្រសិនបើ​កីឡា​នេះ​(​តេ​ក្វាន់​ដូ ITF)​បាន​ចូលក្នុង​ស៊ី​ហ្គេម​វិញ ខ្ញុំ​ជឿជាក់ថា យើង​ធ្វើ​រឹតតែ​ល្អ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​(SEA Games) ព្រោះ​អី​កីឡា​យើង​គ្រាន់តែ​ធ្វើ​លើក​នេះ​(​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ីអាគ្នេយ៍​) យើង​ទទួលបាន​មេដាយ​ច្រើន ប៉ុន្តែ​លើក​ក្រោយៗ​ទៀត​អាច​នឹង​ផ្លាស់​វេន​ទៅ​ប្រទេស​ណាមួយ យើង​នឹងចូលរួម ហើយ​យើង​នឹង​ស្ទង់​សមត្ថភាព​យើង ថា​តើ​យើង​អាច​ទទួលបាន​មេដាយ​យ៉ាងណា​ក្នុង​ស៊ី​ហ្គេម​»​។ នេះ​ជា​សំដី​របស់ លោក ប៉ាល់ ជី​វ័​ន្ត អគ្គ​ហេរញ្ញិក​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។ 
 
​កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាករ ប៉ាល់ ជី​វ័​ន្ត ដែលជា​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ ITF មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដោយសារ​កត្តា​សមត្ថភាព និង​បច្ចេកទេស​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​លោក​បាន​រៀបរាប់ថា​៖«​បើ​យើង​មើល​ពី​បច្ចេកទេស​នៅក្នុង​តំបន់​អាស៊ាន គឺមាន​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ដែល​យើង​គិតថា អាច​ខ្លាំង​ត្រ​ដំ​ត្រសង​ជាមួយ​យើង គឺមាន​ម៉ាឡេស៊ី និង​វៀតណាម​»​។​


 
​បញ្ហា​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​នៃ​ការដាក់បញ្ចូល​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ត្រូវបាន​លោក បួន ហ៊ីង​សុធី​យ៉ា បកស្រាយ​ថា ដោយសារ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​មិនបាន​ដាក់សំណើរ​សុំ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​របស់ខ្លួន ម្យ៉ាងវិញទៀត ដោយសារ​មិនមាន​ការប្រមូលផ្តុំ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។ 
 
​គួរ​បញ្ជាក់ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​គ្រោង​នឹងដាក់​កីឡា​ជាច្រើន​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​ក្នុងនោះ​មិនទាន់មាន​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF នោះឡើយ​។ ប៉ុន្តែ​បច្ចុប្បន្ន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាននិងកំពុង​ស្វះស្វែង​ធ្វើយ៉ាងណា​ឲ្យ​ប្រភេទ​កីឡា​នេះ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​៕ 

Tag:
 តេ​ក្វាន់​ដូ ITF
  បួន ហ៊ីង​សុធី​យ៉ា​
  ប៉ាល់ ជី​វ័​ន្ត​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com