អន្តរជាតិ
អ៊ីរ៉ង់ស្នើបើកកិច្ចប្រជុំមហាអំណាច ក្រោយអាមេរិករំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព Xinhua)
× អ៊ីរ៉ង់ បានបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួនលើការសម្រេចរបស់ព្រឹទ្ធសភាអាមេរិក ដែលបានបន្តដាក់ទណ្ឌកម្មលើខ្លួនរយៈពេល១០ឆ្នាំទៀត។ អ៊ីរ៉ង់ ចាត់ទុកការសម្រេចនេះជាការរំលោភបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលខ្លួនសម្រេចបានជាមួយមហាអំណាច៦ផ្សេងទៀតរួមទាំងអាមេរិកផងដែរ។ ហើយអ៊ីរ៉ង់ បានស្នើឲ្យមានការបើកកិច្ចប្រជុំមួយជុំវិញសកម្មភាពថ្មីៗរបស់អាមេរិក។
ការដាក់បន្តទណ្ឌកម្មដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ពីសំណាក់អាមេរិក ធ្វើឲ្យរដ្ឋាភិបាលក្រុងតេអេរ៉ង់ប្រតិកម្មយ៉ាងខ្លាំង។ នៅថ្ងៃទី១៧ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បានសរសេរលិខិតមួយទៅកាន់ប្រមុខគោលនយោបាយការបរទេសអឺរ៉ុបលោកស្រី Federica Mogherini ដោយអំពាវនាវឲ្យបើកកិច្ចប្រជុំគណៈកម្មការរួមដែលពង្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីពិនិត្យមើលចំណាត់ការរបស់អាមេរិក។
លោកស្រី Federica Mogherini បានដើរយ៉ាងសំខាន់ក្នុងការសម្របសម្រួលនៃគណៈកម្មការរួមនេះដែលមានសមាជិកជាមហាអំណាចចំនួន៦ប្រទេស និងអ៊ីរ៉ង់ ដើម្បីសម្រេចបាន«ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមគ្នា (JCPOA)» សម្រាប់ដោះស្រាយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ អ៊ីរ៉ង់ បានព្រមព្រៀងជាមួយអាមេរិក អាល្លឺម៉ង់ រុស្សី បារាំង អង់គ្លេស និងចិន ក្នុងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការលុបចោលទណ្ឌកម្មបស្ចិមលោក។
យ៉ាងណាក្ដី ក្នុងលិខិតផ្ញើទៅកាន់ប្រមុខការបរទេសអឺរ៉ុប លោក Javad Zarif បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងខាងលើ និងបានអំពាវនាវឲ្យប្រទេសពាក់ព័ន្ធផ្សេងទៀតគោរពកិច្ចព្រមព្រៀងនេះ ព្រោះវាជាកិច្ចព្រមព្រៀងពហុភាគី។ ប្រមុខការទូតអ៊ីរ៉ង់ ក៏បានលើកជាសំណួរទាក់ទងការបន្តទណ្ឌកម្មរបស់អាមេរិក និងស្នើឲ្យគណៈកម្មការរួមគ្នា ពិចារណាលើករណីនេះ។
នៅថ្ងៃទី១ ខែធ្នូ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតបន្តទណ្ឌកម្មលើអ៊ីរ៉ង់រយៈពេល១០ឆ្នាំទៀត។ យ៉ាងណាមិញ បើទោះជាប្រធានាធិបតីចាំផ្ទះ បារ៉ាក់ អូបាម៉ា បានមិនព្រមចុះហត្ថលេខាដើម្បីអនុវត្តការសម្រេចនេះ ក៏ការសម្រេចនេះចូលជាធរមានដែរ ព្រោះសភាទាំងពីរអនុម័តរួចហើយ។ ម្យ៉ាងទៀត ក្រុងវ៉ាស៊ីនតោន ក៏ព្យាយាមពន្យល់មេដឹកនាំអ៊ីរ៉ង់ថា ការសម្រេចរបស់សភា នឹងប៉ះពាល់កិច្ចព្រមព្រៀង JCPOA ឡើយ។
សារព័ត៌មានរុស្សី RT ផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani និងមេដឹកនាំកំពូល Ayatollah Ali Khamenei សុទ្ធតែមិនពេញចិត្តនឹងរឿងនេះ។ ប្រធានាធិបតី Rouhani បានបញ្ជាឲ្យចាប់ផ្ដើមដំណើរការផលិតនាវាដើរដោយថាមពលនុយក្លេអ៊ែរ។ ចំណែកលោក Ali Khamenei ក៏ចេញមកប្រកាសដែរថា បើអាមេរិកនៅតែបន្តសកម្មភាពល្មើសនេះ អ៊ីរ៉ង់នឹងឆ្លើយតបមិនខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com