អន្តរជាតិ
លោក ត្រាំ ថ្លែងថា​អាមេរិក​មាន​ក្តីសង្ឃឹម មានការ​សន្យា និង​សក្តានុពល​ជាច្រើន
20, Dec 2016 , 8:19 am        
រូបភាព
ដោយ: VOA
​រយៈពេល​មួយខែ​មុន​ថ្ងៃ​ចូលកាន់​តំណែង ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និយាយថា​សហរដ្ឋអាមេរិក​មាន​ក្តីសង្ឃឹម មានការ​សន្យា និង​សក្តានុពល​ជាច្រើន​ដោយ​លោក​បាន​ច្រានចោល​ការលើកឡើង​រប​ស់​ស្ត្រី​ទីមួយ​អាមេរិក លោកស្រី Michelle Obama ដែលថា​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​របស់​លោក​ធ្វើ​ឲ្យ​ប្រទេស​ដែល​បែកបាក់​ដោយសារ​នយោបាយ​មួយ​នេះ អស់សង្ឃឹម​។​



​លោក ត្រាំ បាន​ថ្លែង​ទៅកាន់​ហ្វូងមនុស្ស​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​សង្កាត់ Mobile រដ្ឋ Alabama ថា​៖ «​ប្រទេស​យើង​នឹង​ទទួលបាន​ជោគជ័យ​យ៉ាង​អស្ចារ្យ​ម្តងទៀត​»​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ជជែក​ពីនេះ​ពី​នោះ​ដែល​សម្របសម្រួល​ដោយ​អ្នកស្រី Oprah Winfrey ដែល​នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ស្ត្រី​ទីមួយ​អាមេរិក​បាន​និយាយថា បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស «​ឥឡូវនេះ យើង​មាន​អារម្មណ៍​ខុសពី​មុន​។ ឥឡូវនេះ​យើង​កំពុងមាន​អារម្មណ៍​អស់សង្ឃឹម​។ ក្តីសង្ឃឹម​គឺមាន​សារៈសំខាន់​ណាស់​។ វា​គឺជា​ទស្សនៈ​ដ៏​ចាំបាច់​មួយ​។ តើ​អ្វីដែល​អ្នកផ្តល់​ដល់​កូន​របស់​អ្នក ប្រសិនបើ​អ្នក​មិនអាច​ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ​នោះ​?»

​លោក ត្រាំ ដែលជា​មហាសេដ្ឋី​អចលនទ្រព្យ​វ័យ​៧០​ឆ្នាំ​ហើយ​ក្លាយជា​អ្នកនយោបាយ​នោះ មិន​ខ្វល់​នឹង​អត្ថាធិប្បាយ​នោះទេ ហើយ​បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​នៅក្នុង​ហ្វូង​ប្រមូល​ផ្តុំគ្នា​ថា ស្ត្រី​ទីមួយ «​ប្រហែលជា​និយាយ​អំពី​អតីតកាល​ទេ​»​។​

​លោក​បាន​កោតសរសើរ​លោកស្រី និង​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​ការស្វាគមន៍​លោក នៅពេលដែល​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​សេត​វិមាន​ភ្លាមៗ បន្ទាប់ពី​ការបោះឆ្នោត​ខណៈដែល​ហ្វូងមនុស្ស​បាន​ស្រែក​មិន​ចូលចិត្ត​ពី​ការលើកឡើង​ឈ្មោះ​របស់លោក​និង​លោកស្រី Obama នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com