តារាល្បីៗ
អន្តរជាតិ
តារា​ហូលីវូត​ដែល​ធ្លាប់​រៀបការ​ដល់​ទៅ​៩​លើក ទទួលមរណភាព​ក្នុង​អាយុ​៩៩​ឆ្នាំ​
19, Dec 2016 , 3:30 pm        
រូបភាព
ដោយ: ធីតា
Zsa Zsa Gabor អតីត​តារា​ហូលីវូត​ជនជាតិ​អាមេរិក​ដែលមាន​ដើមកំណើត​អូទ្រីស​-​ហុង​គ្រី បានទទួល​មរណភាព​ក្នុង​អាយុ​៩៩​ឆ្នាំ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែធ្នូ នៅ​គេហដ្ឋាន​របស់ខ្លួន​ដោយសារ​ជំងឺ​គាំងបេះដូង នៅក្នុង​តំបន់ Bel-Air ក្រុង​ឡូ​ស​អេ​ន​ជឺ​ឡែ​ស រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។



​កើត​នៅ​ឆ្នាំ​១៩១៧ ក្នុង​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស  Zsa Zsa Gabor មានជីវិត​ឯកជន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ចំនួន​៩​លើក និង​មាន​ប្រវត្តិ​ជាប់ពន្ធនាគារ​ផងដែរ​។ Gabor មាន​សកម្ម​ភាពខ្លាំង​ក្នុងសង្គម និង​ក្នុង​សហគ្រាស​ភាពយន្ត​ហូលីវូត ចន្លោះ​ពី​ឆ្នាំ​១៩៣៤ ដល់​ឆ្នាំ​១៩៩៦ ។​

​ជា​អតីត​បវរកញ្ញា​ហុង​គ្រី កាលពី​ឆ្នាំ​១៩៣៦​ផងដែរ​នោះ អ្នកស្រី Gabor បានចាត់ទុក​ចំណងអាពាហ៍ពិពាហ៍​ច្រើនលើក​គឺជា​ឆាកជីវិត​ដ៏​ស្រស់បំព្រង​មួយ​។ គាត់​ធ្លាប់បាន​លើកឡើងថា​៖ «​ប្រុសៗ​តែងតែ​ចូលចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​តែងតែ​ចូលចិត្ត​ប្រុសៗ​វិញ​ផងដែរ​។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​បំផុត​គឺ​​បុរស​ដែល​ផ្តល់​តម្លៃ​ដល់​ស្ត្រី មិនមែន​ត្រឹមតែ​ជា​មនុស្ស​ប្រុស​ដែល​មានតែ​សាច់ដុំ​នោះឡើយ​»​។​

Gabor បាន​រៀបការ​ដំបូង​នៅ​ឆ្នាំ​១៩៣៧ ជាមួយ​អ្នកនិពន្ធ និង​ជា​អ្នកនយោបាយ​តួ​ក​គី លោ​Burhan Asaf Belge ហើយ​បាន​លែងលះគ្នា​នៅ​ឆ្នាំ​១៩៤១ ។ ស្វាមី​បន្តបន្ទាប់​រួមមាន លោក Conrad Hilton លោក George Sanders លោក Herbert Hutner លោក Joshua S.Cosden,Jr. លោក Jack Ryan លោក Michael O’Hara លោក Felipe de Alba និង​លោក Frederic Prinz von Anhalt ដែល​បាន​រៀបការ​តាំងពី​ឆ្នាំ​១៩៨៦ និង​នៅ​ជាមួយគ្នា​រហូតដល់ Gabor ទទួលមរណភាព​។​

​បើទោះបីជា ឆ្លងកាត់​អាពាហ៍ពិពាហ៍​៩​លើក​ក៏ដោយ Gabor ធ្លាប់​ពរ​ពោះ​កូន​តែ​១​លើក​ប៉ុណ្ណោះ គឺ​កូនស្រី​ឈ្មោះ Francesca Hilton ជាមួយ​លោក Conrad Hiton ស្វាមី​ទី​ពីរ ដែលជា​អ្នកជំនួញ​ជនជាតិ​អាមេរិក និង​ជា​ស្ថាបនិក​បណ្តាញ​សណ្ឋាគារ Hiton Hotels​។​

​ក្រោយ​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​ច្រើន Gabor មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០០២​មក រហូតដល់​ធ្លាក់ខ្លួន​ពិការ​ដោយសារ​គ្រោះថ្នាក់​រថយន្ត​មួយ​៕


Tag:
 ​ហូលីវូត​
© រក្សាសិទ្ធិដោយ thmeythmey.com