ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង នឹង​កោះហៅ​សម្ដេច ស ខេង សាកសួរ​ករណី​លោក កែម ឡី នៅ​ខែក្រោយ​
20, Dec 2016 , 11:56 am        
រូបភាព
 
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង មក​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​លោក កែម ឡី នៅ​ថ្ងៃទី​១២ មករា ខាងមុខនេះ​។


​បើទោះជា​ស្ថានភាព​នយោបាយ​មាន​ភាព​ធូរស្រាល​ហើយ​ក្តី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហប​ន្ត​យុទ្ធនា​ការជួយ​រក​យុត្តិធម៌​ជូន​លោក កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា​កន្លងមក​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង អះអាងថា គណៈកម្មការ​ទី​១​បានសម្រេច​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សម្ដេច ស ខេង មក​សួរនាំ​ពី​ដំណើរការ​ស៊ើបអង្កេត​អ្នក​នៅ​ពី​ក្រោយខ្នង នៃ​ករណី​បាញ់សម្លាប់​លោក កែម ឡី នៅ​ខែ​ក្រោយនេះ ដើម្បី​សិក្សា​វាយតម្លៃ​លើ​លទ្ធផល ដែល​សមត្ថកិច្ច​បាននិងកំពុង​អនុវត្ត ។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា​៖ អ្វីដែល​សំខាន់​នោះ​យើង​ចង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ប្រាប់​មក​រដ្ឋសភា អំពី​លទ្ធផល​ជាក់ស្ដែង ការជួប​ការលំបាក​យ៉ាងម៉េច ការងារ​ស្រួល​យ៉ាងម៉េច ព្រោះ​រឿង​មួយចំនួន​គ្មានអ្វី​ត្រូវ​លាក់បាំង គ្មានអាថ​កំបាំង​ទេ ព្រោះ​រដ្ឋសភា​ជា​អ្នកតំណាង​ឲ្យ​ប្រជាជាតិ​។ ដូច្នេះ​អ្វីដែល​រដ្ឋសភា​ចង់ដឹង គឺ​ខាង​នីតិប្រតិបត្តិ​ដែលជា​សមត្ថកិច្ច​ក្នុងការ​អនុវត្ត​នេះ​ត្រូវតែ​ផ្ដល់ជូន​រដ្ឋសភា​»​។​
 
​បើតាម​លោក អេង ឆៃអ៊ាង គណកម្មការ​ទី​១ នឹងដាក់​លិខិត​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ស្នើសុំ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង មក​បំភ្លឺ​នៅក្នុង​រដ្ឋសភា​។ 
 
​អ្នកស្រាវជ្រាវ និង​ជា​អ្ន​វិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ ដែល​បាន​អះអាងថា​ឈ្មោះ ជួប សម្លាប់​។ ប៉ុន្តែ ជាង​៥​ខែ​ហើយ ដែល​គ្រួសារ​សព​លោក កែម ឡី នៅតែ​ទាមទា​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក កែម ឡី ព្រមទាំង​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​របស់​ហាង​សាំង​កាល់​តិច​នោះ​ផង​។​
 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​បន្ត​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ ដែរ ប៉ុន្តែ​មិនមាន​តម្រុយ​អ្វី​ច្បាស់លាស់​ឡើយ ហើយ​សំណុំរឿង​បាញ់សម្លាប់​នេះ ក៏បាន​បញ្ជូនទៅ​តុលាការ​អស់​ដែរ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ និយាយថា​៖ «​ជនជាប់ចោទ​បាន​សារភាព​ហើយ សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត តែ​គ្មាន​ពន្លឺ​អ្វី​ទេ​។ ចំណែក​ភស្តុតាង និង​វីដេអូ យើង​ក៏បាន​បញ្ជូនទៅ​តុលាការ​ដែរ តែ​យើង​មិនអាច​បង្ហាញ​ជា​សាធារណៈ​បានទេ​។ តែបើ​ចង់​បញ្ចាំង​វីដេអូ​ឃាតកម្ម​ជា​សាធារណៈ​នោះ ទាល់តែ​គ្រួសារ​ជនរងគ្រោះ​យល់ព្រម​។ ហើយ​បើសិនជា​គ្រួសារ​ជនរងគ្រោះ​មិន​អស់ចិត្ត ពួកគេ​អាច​ទៅជា​មួយ​មេធាវី​ពួកគេ សុំ​មើល​វីដេអូ​ឃាតកម្ម​នោះ នៅក្នុង​តុលាការ​បាន​»៕
 

Tag:
 អេង ឆៃអ៊ាង​
  ស ខេង​
  កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com