កីឡាជាតិ
ជាតិ
កីឡាករ សុខ ចាន់​មាន បន្ត​ឈ្នះ​មេដាយមាស​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា​
20, Dec 2016 , 7:39 pm        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
រូបភាពពី៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
​ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៦ សុខ ចាន់​មាន បាន​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០(20th Asian Petanque Championship 2016) នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្រៅពី​មេដាយមាស​របស់ ចាន់​មាន កម្ពុជា​ទទួលបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៣ ទៀតផង​។



​ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៦​នៅ​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា សុខ ចាន់​មាន ឈ្នះ​មេដាយមាស​១ ពី​ព្រឹ​តិ្ត​ការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយពី​យកឈ្នះ​កីឡាករ​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ មេដាយមាស​កម្រិត​អាស៊ី​របស់ ចាន់​មាន មានន័យថា កីឡាករ​រូបនេះ​នៅតែ​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ដែល​ខ្លួន​បានឈ្នះ​មេដាយមាស​ពិភពលោក​កាលពីពេល​ថ្មីៗ​ដដែល​។​

​ក្រៅពី​មេដាយមាស​របស់ ចាន់​មាន អត្ត​ព​លិ​ក​កម្ពុជា​ក៏​ទទួលបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៣​ផងដែរ ក្នុងនោះ​មេដាយប្រាក់​សម្រេច​ដោយ​កីឡាករ ឃួន លី​ហ៊ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​យុវជន​ចំនួន​១ និង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​យុវជន​ចំនួន​១​។ ចំណែក​មេដាយ​សំរឹទ្ធ​រកបាន​ដោយ​កីឡាការិនី កែ ឡេង លើ​វិញ្ញាសា​វាយយក​ពិន្ទុ​១, វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស​ចំនួន​១ និង​៣​នាក់​ទល់​៣​នាក់​នារី​ចំនួន​១​។ 

​បើ​យោងតាម​លោក អ៊ឹម ផាត គ្រូបង្វឹក​ផ្នែក​បុរស​ដែល​ដឹកនាំ​ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ខាងលើ មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​៣ បានធ្វើ​ឲ្យ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុងចំណោម​១១​ប្រទេស​ដែល​ចូលរួម ខណៈ​ថៃ​ឈរ​ចំណាត់ថ្នាក់​លេខ​១៕   




Tag:
 ប៉េតង់​
  សុខ ចាន់​មាន​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com