អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ ចេញ​បញ្ជា​ប្រមូល​ឈ្មោះ​អ្នកជំនួញ​ពូកែ​សូកប៉ាន់​ពុករលួយ ដាក់​បញ្ជីខ្មៅ​
20, Dec 2016 , 8:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព Xinhua)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព Xinhua)
​រដ្ឋាភិបាលយោធា​ថៃ​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ចាប់ផ្ដើម​ប្រមូល​ឈ្មោះ​អ្នកជំនួញ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់ និង​អំពើពុករលួយ​ក្នុងការ​ទទួលបាន​គម្រោង​របស់​រដ្ឋ ដើម្បី​ដាក់​ក្នុង​បញ្ជីខ្មៅ​។ នេះ​ជា​ចំណាត់ការ​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​ពី​ក្នុង​គម្រោង​រដ្ឋាភិបាល ដែលជា​ផ្នែក​នៃ​ការលុបបំបាត់​អំពើពុករលួយ​នៅ​ទូទាំងប្រទេស​ផងដែរ​។​



​ប្រមុខ​រដ្ឋាភិបាល​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៩ ខែធ្នូ បាន​ចូលរួម​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​របស់​ថៃ​។ ពី​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បាន​ដាក់ចេញ​វិធានការ​ថ្មី ដើម្បី​បោសសម្អាត​អំពើពុករលួយ​ក្នុងការ​ដេញថ្លៃ​យក​គម្រោង​នានា​របស់​រដ្ឋាភិបាល​ពី​សំណាក់​ក្រុម​ឈ្មួញ​ដែលមាន​លុយ​។​

​លោក Sangsit Piriyasangsan សមាជិក​គណៈកម្មាធិកា​រ​ខាងលើ​និយាយថា នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​ណែនាំ​ឲ្យ​ប្រមូល​ឈ្មោះ​អ្នកជំនួញ​ទាំងឡាយណា​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់ និង​អំពើពុករលួយ​ដើម្បី​ទទួលបាន​គម្រោង​របស់​រដ្ឋ ហើយ​ដាក់ឈ្មោះ​ពួកគេ​ក្នុង​បញ្ជីខ្មៅ និង​ហាម​ពួកគេ​ចូលរួម​ដេញថ្លៃ​គម្រោង​លើក​ក្រោយៗ​ទៀត​។ នាយកដ្ឋាន​ជម្រះបញ្ជី នឹង​ជួយផ្ដល់​ទិន្នន័យ​គម្រោង​របស់​រដ្ឋ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​អ្នកជំនួញ​ទាំងអស់​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ ក៏បាន​ចេញ​បញ្ជា​ឲ្យ​គណៈកម្មាធិការ​នេះ ដោះស្រាយ​ករណី​ពុករលួយ​ជាច្រើន ដែល​បាន​បំផ្លាញ​ប្រទេស​ធ្ងន់ធ្ងរ ដូចជា​ករណី​ទទួល​ប្រាក់​សំណូក​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន​លើ​គម្រោង​លំនៅដ្ឋាន​មានតម្លៃ​ទាប​នៅ​តំបន់ Baan Eua-arthorn ជាដើម​។ គណៈកម្មាធិការ​នេះ ក៏មាន​ត្រូវ​រាយការណ៍​ពី​ដំណើរការ​របស់ខ្លួន​ទៅកាន់​កិច្ចប្រជុំ​បន្ទាប់​ដែរ​។​

​តាមពិតទៅ ការបញ្ចេញ​កណ្ដាប់ដៃ​បោសសម្អាត​អំពើពុករលួយ​នេះ គឺ​ដើម្បី​ទទួលបាន​ចំណាត់​ល្អប្រសើរ​លើ​តារាង​ស​ន្ទ​ស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​។ ចំណាត់ការ​ជាច្រើន​ត្រូវបាន​ដាក់ចេញ​រួមទាំង​ការបង្កើត​គណៈកម្មាធិកា​រ​មួយ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​។ ថៃ មិនមាន​ចំណាត់ថ្នាក់​ល្អ​ឡើយ​លើ​តារាង​នេះ ដោយ​ឆ្នាំ​២០១៤​មាន​លេខ​រៀង​ទី​៨៥ ក្នុងចំណោម​១៧៥​ប្រទេស និង​ទី​៧៦ ក្នុងចំណោម​១៦៨​ប្រទេស​។​

​លោក Prayong Preeyajit ដែលជា​អគ្គលេខាធិការ​គណៈកម្មកា​រ​ប្រឆាំង​អំពើពុករលួយ​លើ​វិស័យ​សាធារណៈ និយាយថា នាពេល​កន្លងមក នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ បានចេញ​បញ្ជា​ចំនួន​៩ ក្រោម​មាត្រា​៤៤​នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន ដើម្បី​បើក​ការស៊ើបអង្កេត​ករណី​ពុករលួយ​លើ​មន្ត្រី​ចំនូ​ន​៣៥៣​នាក់ ។ ក្នុងនោះ មន្ត្រី​ចំនួន​៩៨ នាក់ ត្រូវបាន​ដាក់ពិន័យ និង​បណ្ដេញ​ចេញពី​ការងារ​រួចហើយ​ដែរ​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com