កីឡាជាតិ
ជាតិ
កីឡា​៩​ប្រភេទ​នឹង​បង្ហាញខ្លួន​នៅក្នុង​បុណ្យ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ​
21, Dec 2016 , 11:34 am        
រូបភាព
ការសម្តែងក្បាច់គុនល្បុក្កតោ នាពិធីបុណ្យ​សមុទ្រ​ឆ្នាំ២០១៥នៅកំពត។ រូបថត មុំ ពិទូរ្យ
ការសម្តែងក្បាច់គុនល្បុក្កតោ នាពិធីបុណ្យ​សមុទ្រ​ឆ្នាំ២០១៥នៅកំពត។ រូបថត មុំ ពិទូរ្យ
ដោយ:
​កីឡា​វប្បធម៌ និង​កម្សាន្ត​ចំនួន​៩​ប្រភេទ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​រយៈពេល​៣​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែធ្នូ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ប្រចាំឆ្នាំ​២០១៦​។ កីឡា​ទាំង​៩​ប្រភេទ​នេះ​នឹងធ្វើ​ការប្រកួតប្រជែង​ទៅតាម​ពេលវេលា និង​ទីតាំង​ឆ្នេរ​ផ្សេងៗ​គ្នា​។



​ពិធីបុណ្យ​សមុទ្រ​ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែលមាន​លក្ខណៈ​បែប​ទេសចរណ៍​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ ឆ្នាំ​២០១៦​។ ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ឆ្នាំនេះ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​នេះ​បានសម្រេច​ដាក់​កីឡា​ប្រពៃណី និង​កម្សាន្ត​ចំនួន​៩​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ឲ្យ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត ក៏ដូចជា​ចូលរួម​ប្រកួតប្រជែង​ផងដែរ​។

​កីឡា​ទាំង​៩​ប្រភេទ​នោះ​រួមមាន រត់ប្រណាំង​(៥-១០​គីឡូម៉ែត្រ​), បាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់​ឆ្នេរ​ខ្សាច់​, ប្រណាំង​កង់​វិលជុំ​(១០-៤០​គីឡូម៉ែត្រ​), ប្រណាំង​ម៉ូ​តួ​ទឹក​, ទូកក្តោង​, កីឡា​ហោះហើរ​, ប្រដាល់​គុន​ខ្មែរ​(​ប្រដាល់សេរី​, ល្បុក្កតោ​) និង​កីឡា​សម្តែង​(​ល្បុក្កតោ​,​ចំបាប់​, តេ​ក្វាន់​ដូ WTF, Jui Jitsu)​។

​កីឡា​បែប​ប្រពៃណី និង​កម្សាន្ត​ទាំង​៩​ប្រភេទ​នេះ​នឹងធ្វើ​ការប្រកួតប្រជែង​ទៅតាម​ពេលវេលា និង​ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ បាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់​ឆ្នេរ​ខ្សាច់ និង​កីឡា​ហោះហើរ ធ្វើ​នៅ​ឆ្នេរ​អូ​ឈើទាល​។ រីឯ​រត់ប្រណាំង និង​ប្រណាំង​កង់ ធ្វើ​នៅ​ឆ្នេរ​អូ​ឈើទាល​មុខ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ខណៈ​ការប្រណាំង​ម៉ូតូ​ទឹក​, ទូកក្តោង និង​ប្រដាល់​គុន​ខ្មែរ​ធ្វើ​នៅ​ឆ្នេរ​ឯករាជ​។

​ចំណែក​កីឡា​សម្តែង​រួមមាន​ល្បុក្កតោ ចំបាប់ តេ​ក្វាន់​ដូ WTF និង​កីឡា Jui Jitsu ធ្វើឡើង​នៅលើ​ទីលាន​ពីរ​ផ្សេងគ្នា​គឺ​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អូ​ឈើទាល​។ ក្រៅពី​ការប្រកួត និង​សម្តែង​កីឡា​ទាំង​៩​ប្រភេទ​នេះ ក៏មាន​ការ​ដង្ហែ​ក្បួនព្យុហយាត្រា​ផែន​កីឡា ល្បុក្កតោ ចំបាប់ ប្រដាល់​គុន​ខ្មែរ បាល់ទាត់ បាល់ទះ Skate Board ប្រណាំង​កង់ និង​កីឡា​ទូកក្តោង ផងដែរ​៕  


Tag:
 ​បុណ្យ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com