អន្តរជាតិ
ដង្ហើម​ការទូត​តៃវ៉ាន់​កាន់តែ​ខ្សត់ ខណៈ​ចិន​ប្រើ​«​ទឹក​លុយ​»​ដើម្បី​ទាក់ទាញ​សម្ព័ន្ធមិត្ត​តៃវ៉ាន់​
21, Dec 2016 , 12:36 pm        
រូបភាព
​ក្រ​សូង​ការបរទេស​ចិន នៅ​ថ្ងៃទី​២០ ខែធ្នូ បានចេញ​ថ្លែងការណ៍​អបអរសាទរ​ការសម្រេច​ចិត្ត​របស់​រដ្ឋ​អាហ្វ្រិក Sao Tome and Principe ក្នុងការ​ផ្ដាច់ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​។ ការប្រកាស​ផ្ដាច់ចំណង​ការទូត​នេះ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ខកចិត្ត​យ៉ាងខ្លាំង ដ្បិត​សម្ព័ន្ធមិត្ត​របស់​ខ្លូន​មាន កាន់តែ​តិច​ទៅៗ​ហើយ​។ តៃវ៉ាន់​ក៏​ចោទ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ប្រើ​អំណាច​ទឹកប្រាក់​របស់ខ្លួន សំដៅ​បិទផ្លូវ​ការទូត​របស់ខ្លួន និង​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​ឯកា​។​



​មកទល់ពេលនេះ ប្រទេស​ដែល​នៅ​រក្សា​ចំណង​ការទូត​ជាមួយ​កោះ​វ៉ាន់ មានតែ​២១ ប៉ុណ្ណោះ បន្ទាប់ពី Sao Tome and Principe ដែលជា​រដ្ឋ​តូច​មួយ​របស់​អាហ្វ្រិក ក្លាយជា​សម្ព័ន្ធមិត្ត​ចុងក្រោយ​គេ ប្រកាស​សម្រេចចិត្ត​បោះបង់​តៃវ៉ាន់ និង​ងាក​ទៅ​ចាប់ដៃ​ចិនដីគោក​វិញ​។ ចិន សប្បាយចិត្ត​ខ្លាំង​នៅពេល​លឺ​ការប្រកាស​នេះ និង​បាន​សរសើរ​ប្រទេស​នេះ ដែល​ងាក​មក​អនុវត្ត​នយោបាយ​ចិន​តែមួយ​។​

​កោះ​តៃវ៉ាន់ ពិបាកចិត្ត​ខ្លាំង​ដោយសារ​សម្ព័ន្ធមិត្ត​កាន់តែ​ខ្សត់ខ្សោយ និង​បាន​ចោទ​ចិន​ថា ប្រើ​ចំណុចខ្សោយ​របស់ Sao Tome and Principe ដែល​កំពុង​ខ្វះខាត​ហិរញ្ញវត្ថុ ដើម្បី​ទាក់ទាញ​ប្រទេស​នេះ ឲ្យ​គោរព​នយោបាយ​ចិន​តែមួយ ជា​ថ្នូរ​នឹង​ការទទួល​ធនធាន​ហិរញ្ញវត្ថុ​សន្ធឹកសន្ធាប់​។ តៃវ៉ាន់ ក៏​អះអាង​ដែរ​ថា ការផ្ដាច់​ទំនាក់ទំនង​ការទូត​នេះ ក៏​មិន​អាចជួយ​ស្ដារ​ទំនាក់ទំនង​ច្រក​សមុទ្រ​តៃវ៉ាន់​ឡើយ​។​

​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ David Lee នៅ​ថ្ងៃទី​២០ ខែធ្នូ បាន​រិះគន់​ក្រុង​ប៉េកាំង ដែល​ចូលចិត្ត​ប្រើ​ទឹក​លុយ​របស់ខ្លួន ហើយ​តៃវ៉ាន់​នឹងមិន​ប្រឡូក​នយោបាយ​ប្រាក់​ដុល្លារ​របស់​ចិន​ទេ​។ ក្នុង​សន្និសីទកាសែត​មួយ ប្រមុខ​ការទូត​តៃវ៉ាន់​រូបនេះ​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិនគួរ​យក​ឆក់​ឱកាស​នៃ​ការខ្វះខាត​ហិរញ្ញវត្ថុ​របស់ Sao Tome and Principe ដើម្បី​អនុវត្ត​នយោបាយ​ចិន​តែមួយ​ឡើយ​។​

​ភាគច្រើន​នៃ​ប្រទេស​ទាំង​២១ ដែល​បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ គឺ​មកពី​តំបន់​អាមេរិក​ឡាទីន ខណៈ​នៅ​ទ្វីបអាហ្វ្រិក​មានតែ​ប្រទេស​ប៉ុណ្ណោះ គឺ​ស្វា​ស៊ី​ឡង់ និង​បួ​គី​ណា​ហ្វា​សូ​។ នៅ​ខែ​ក្រោយនេះ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នឹង​ទៅ​ទស្សនកិច្ច​សម្ព័ន្ធមិត្ត​អាមេរិក​ឡាទីន​ដូចជា​ហ្គា​តេ​ម៉ា​ឡា​, ហុង​ឌុយ​រ៉ា​ស​, នី​កា​រ៉ា​ហ្កា និង​អែល​សាល​វ៉ា​ឌ័​រ​ជាដើម ដើម្បី​ពង្រឹង​ចំណង​ទ្វេភាគី​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក David Lee និយាយថា តៃវ៉ាន់ សល់​សម្ព័ន្ធមិត្ត​តែ​២១​ប្រទេស ដូច្នេះ​យើង​ត្រូវ​រក្សា​ឲ្យ​បាន​។ កោះ​តៃវ៉ាន់ និង​ក្រុង​ប៉េកាំង បាន​ព្យាយាម​ទាក់ទាញ​សម្ព័ន្ធមិត្ត​របស់​គ្នា​ទៅវិញទៅមក តាមរយៈ​ការសន្យា​ផ្ដល់ជំនួយ​អភិវឌ្ឍ​សម្រាប់​ប្រទេស​កំពុង​ក្រីក្រ ប៉ុន្តែ​តៃវ៉ាន់ មិនអាច​ប្រជែង​ជាមួយ​អំណាច​ទឹកប្រាក់​សន្ធឹកសន្ធាប់​រប​ស់​ចិន​ឡើយ​។ ថ្មីៗ​នេះ ចិន ទើបតែ​បាន​ស្ដារ​ទំនាក់ទំនង​ការទូត​ជាមួយ​ហ្កំ​ប៊ី ក្នុង​ខែមីនា​។ រដ្ឋ​អាហ្វ្រិក​ហ្កំ​ប៊ី បាន​ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​៕ 


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com