អន្តរជាតិ
ឧ​ត្ត​ម​ស្នងការ​អ​.​ស​.​ប​.​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ចង់​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​របស់លោក Duterte
22, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ទៅលើ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បន្ទាប់ពី​លោក Duterte បាន​អះអាងថា​លោក​បានសម្លាប់​ឧក្រិដ្ឋជន​មួយចំនួន​ដោយផ្ទាល់​។​



​លោក Zeid Ra'ad al-Hussein ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ហ្វីលីពីន​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​ទៅលើ​ការអះអាង​របស់លោក Duterte កាលពី​ថ្ងៃ​សុក្រ ដែល​លោក​បាន​និយាយថា លោក​បាន​បាញ់សម្លាប់​បុរស​៣​នាក់ កាលពី​ពេលដែល​លោក​ធ្វើជា​អភិបាលក្រុង Davao​។​

​លោក Zeid បាន​និយាយថា​៖ «​វា​មិនអាច​យល់បាន​ទេ​ចំពោះ​ប្រព័ន្ធតុលាការ​ណា​ដែល​មិន​បើក​ការស៊ើបអង្កេត​និង​ធ្វើការ​កាត់ទោស នៅពេលដែល​ជនណាម្នាក់​សារភាព​ដោយ​បើកចំហ​ថា ខ្លួន​គឺជា​ឃាតករ​នោះ​»​។​

​លោក Duterte បាន​និយាយ​ក្នុងពេល​សុន្ទរកថា​ថ្មីៗ​នេះ​ថា លោក​ធ្លាប់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង​ជុំវិញ​ទីក្រុង Davao ដើម្បី​ស្វែងរក​ឧក្រិដ្ឋជន​ដែល​លោក​អាច​សម្លាប់​បាន ដើម្បី​ឲ្យ​ប៉ូលិស​ធ្វើ​ដូច​លោក​ដែរ​។​

​យោងតាម​លោក Zeid ការសារភាព​របស់លោក Duterte គឺជា​ការបំពានច្បាប់​អន្តរជាតិ​ដោយផ្ទាល់ ហើយ​លោក Duterte ត្រូវតែ​ប្រឈម​ចំពោះមុខ​ច្បាប់​ដើម្បី​ផ្ញើ​ជា​សា​រថា អំពើ​ឃាតកម្ម​និង​ការបំពាន​សិទ្ធិមនុស្ស​នឹងមិន​ត្រូវ​អត់ឱន​ឲ្យ​ដោយ​រដ្ឋ​នោះទេ ហើយ​គ្មាន​នរណាម្នាក់​នៅ​ពីលើ​ច្បាប់​នោះឡើយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com