អន្តរជាតិ
ក្រោយ​ចិនដា​ក់មួយ​ព្រនង់ ម៉ុង​ហ្គោ​លី​ប្រកាស​ឈប់​ទទួល​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា​
22, Dec 2016 , 10:46 am        
រូបភាព
​ចិន បានផ្ដល់​មេរៀន​ជូរចត់​មួយ​ដល់​ម៉ុង​ហ្គោ​លី ដែល​ហ៊ាន​ទទួល​សម្ដេច​សង្ឃ​ទី​បេ ដា​ឡៃ ឡា​ម៉ា ដោយបាន​បិទ​ចំណុច​ឆ្លង​ព្រំដែន​ដ៏​សំខាន់​ជាមួយ​ម៉ុង​ហ្គោ​លី ដែល​ធ្វើ​ឲ្យ​ឡាន​ដឹកទំនិញ​រាប់ពាន់​គ្រឿង​មិនអាច​ចូល​ទឹកដី​ចិន​បាន​។ មេរៀន​ជូរចត់​មួយ​នេះ ហាក់​ធ្វើ​ឲ្យ​ម៉ុង​ហ្គោ​លី​រាងចាល ហើយ​ថែមទាំង​ប្រកាស​ឈប់​ទទួល​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ទៀតហើយ បើទោះជា​មក​ក្នុង​គោលដៅ​អ្វី​ក៏ដោយ​។



​រដ្ឋមន្ត្រីការបរទេស​ម៉ុង​ហ្គោ​លី Tsend Munkh-Orgil បាន​និយាយ​នៅ​ថ្ងៃទី​២០ ខែធ្នូ ថា មេដឹកនាំ​និរទេស​ទី​បេស​ម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា នឹងមិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឈាន​ជើង​ចូល​ទឹកដី​ម៉ុង​ហ្គោ​លី​ទៀតឡើយ បើទោះជា​មក​ក្នុង​គោលដៅ​សាសនា​ក៏ដោយចុះ​។ នេះ​បើ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​សម្ដី​ប្រមុខ​ការទូត​រូបនេះ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ម៉ុង​ហ្គោ​លី Today ។​

​បន្ទាប់ពី​ការប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ុង​ហ្គោ​លី ក្រុង​ប៉េកាំង​បានបង្ហាញ​ក្ដីសង្ឃឹម​ថា រដ្ឋាភិបាល​ក្រុង​អ៊ូ​ឡង់​បា​ទ័​រ នឹងមិន​ធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ​កើតឡើង​ម្ដង​ទៀតឡើយ​។ ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២១ ខែធ្នូ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying អះអាង​ជាថ្មី​ថា បញ្ហា​ទាក់ទង​នឹង​តំបន់​ទី​បេ គឺ​បញ្ហា​ប៉ះពាល់​ដល់​អធិបតេយ្យ ក៏ដូចជា​បូរណភាព​ទឹកដី​របស់​ចិន​ផងដែរ​។​

​ជាការ​ពិត ការទទួល​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ពី​សំណាក់​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ធ្វើ​ឲ្យ​ចិន​ខឹង​យ៉ាងខ្លាំង ដ្បិត​ចិន​ប្រាប់​ម៉ុង​ហ្គោ​លី​ពី​ផលវិបាក​ទុក​មុន​ហើយ​ដែរ​។ ប៉ុន្តែ​ម៉ុង​ហ្គោ​លី​មិន​អើពើ​នឹង​ការព្រមាន​ឡើយ ចិន​ក៏បាន​បិទ​ច្រកព្រំដែន​សំខាន់​មួយ​ជាមួយ​ម៉ុង​ហ្គោ​លី ធ្វើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​របស់​ម៉ុង​ហ្គោ​លី​កកស្ទះ​ត្រឹម​ព្រំដែន ជាពិសេស​ការដឹកជញ្ជូន​ទង់ដែង ដែល​រឿងនេះ​ប៉ះពាល់​សេដ្ឋកិច្ច​ម៉ុង​ហ្គោ​លី​យ៉ាងខ្លាំង​។​

​ដោយ​សំដៅលើ​ការបិទ​ព្រំដែន​នេះ អ្នកនាំពាក្យ​ខាងលើ​បន្តថា ចិន​ជឿជាក់​លើ​ម៉ុង​ហ្គោ​លី ដែល​នឹង​រៀនសូត្រ​ពី​មេរៀន​លើក​នេះ​, ចេះ​គោរព​ផលប្រយោជន៍​ស្នូល​របស់​ចិន និង​បន្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ចិន​-​ម៉ុង​ហ្គោ​លី​។

​ការផ្ដល់​មេរៀន​ដ៏​ជូរចត់​ទៅ​ឲ្យ​ម៉ុង​ហ្គោ​លី ជា​សារ​ព្រមាន​មួយ​របស់​ក្រុង​ប៉េកាំង​សម្រាប់​ប្រទេស​ដទៃទៀត ដែល​មិន​សម្រប​ខ្លួន​ជាមួយ​ចិន​។ ប្រទេស​ណា​ដែល​មិន​ស្ដាប់​ការព្រមាន​របស់​មហា​យ​ក្ស​ចិន ឬ​ធ្វើ​ឲ្យ​មហា​យក្ស​មួយ​នេះ​ឃើ្ន​ស​ចិត្ត ប្រាកដជា​ត្រូវ​បង់​តម្លៃ​ខ្ពស់​មិន​ខាន ហើយ​ម៉ុង​ហ្គោ​លី​ជា​ឧទាហរណ៍​ស្រាប់​។ ចាប់ពីពេលនេះ ចង់​មិន​ចង់ ប្រទេស​ផ្សេងទៀត ជាពិសេស​ប្រទេស​ក្រីក្រ​តូចៗ ត្រូវ​សម្រប​ខ្លួន​ជាមួយ​ចិន​ដើម្បី​ទទួលបាន​ប្រយោជន៍​ខ្លះ ហើយក៏​អាច​ចៀស​ផុតពី​គ្រោះថ្នាក់​ផងដែរ​៕


Tag:
 ចិន​
  ម៉ុង​ហ្គោ​លី​
  ដា​ឡៃ​ឡា​ម៉ា​
  ទី​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com