អន្តរជាតិ
ជប៉ុន បង្កើន​ថវិកា​ការពារជាតិ​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​និង​ការ​គំរាម​ពី​កូរ៉េខាងជើង​
22, Dec 2016 , 2:08 pm        
រូបភាព
​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានសម្រេច​បង្កើន​ការចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​វិស័យ​ការពារជាតិ ក្នុង​គោលដៅ​ទប់ទល់​ឥទ្ធិពល​របស់​ចិន និង​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ ការបង្កើន​ការចំណាយ​នេះ ជា​ផ្នែក​មួយ​នៃ ថវិកា​ចំណាយ​ប្រចាំឆ្នាំ​២០១៧ ដែល​ត្រូវបាន​បង្កើន​ក្នុង​ចំនូ​ន​ដល់​ទៅ​៩៧,៤៥​ទ្រី​លាន​យ៉េន ហើយ​វា​ក៏​ជាការ​ចំណាយ​ប្រចាំឆ្នាំ​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន​ផងដែរ​។



​គណៈរដ្ឋមន្ត្រី​របស់លោក ស៊ិន​ហ្សូ អា​បេ បានអនុម័ត​ថវិកា​ចំណាយ​លើ​វិស័យ​ការពារជាតិ​ប្រចាំឆ្នាំ​២០១៧ ដែល​ត្រូវបាន​បង្កើន​ចំនួន​១,៤​ភាគរយ ប្រៀបធៀប​នឹង​ការចំណាយ​ក្នុង​ឆ្នាំ​២០១៦ ។ ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ថវិកាជាតិ​ប្រចាំឆ្នាំ វិស័យ​ការពារជាតិ នឹង​ទទួលបាន​ទឹកប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ដល់​ទៅ​៥,១៣​ទ្រី​លាន​យ៉េន ដែល​ស្មើនឹង​៤៣,៦៦​ពាន់​លាន​ដុល្លារ និង​ត្រូវ​ប្រើ​សម្រាប់​ពង្រឹងសមត្ថភាព​យោធា ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​ក្រៅ​។​

​ផែនការ​ចំណាយ​យ៉ាងច្រើន​នេះ នឹងត្រូវ​បញ្ជូនទៅ​កាន់​សភា​អនុម័ត​សិន មុននឹង​យកមកអនុវត្ត​។ យ៉ាងណាក្ដី គេ​រំពឹងថា សភា​ជប៉ុន ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​នាយករដ្ឋមន្ត្រី អា​បេ ប្រាកដជា​យល់ព្រម​លើ​ផែនការ​ចំណាយ​ប្រចាំ​ឆ្នាំនេះ​។ ហើយ​ក្នុងករណី​ត្រូវបាន​អនុម័ត​មែន វា​គឺជា​ឆ្នាំ​ទី​៥ ដែល​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ត្រូវបាន​បង្កើន​។

​ច្បាស់​ណាស់​ថា ការកើនឡើង​ថវិកា​ការពារជាតិ​ជាច្រើន​ឆ្នាំ​ជាប់​គ្នា​បែបនេះ គឺ​ដើម្បី​ទប់ទល់​ការ​គំរាម​ពី​សំណាក់​ចិន និង​កូរ៉េខាងជើង ដែល​កំពុង​ពង្រឹងសមត្ថភាព​យោធា​រៀងៗ​ខ្លួន​នាពេល​ចុងក្រោយ​នេះ​។ ក្រុង​តូ​ក្យូ ត្រូវ​ប្រ​ឈ​មុខ​នឹង​អាកប្បកិរិយា​កោងកាច​របស់​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងកើត ជាទី​ដែល​គូប្រជែង​ទាំងពីរ​មាន​ជម្លោះ​ដែន​កោះ​នឹង​គ្នា​មិន​ដាច់ស្រេច​។​

​មិនតែប៉ុណ្ណោះ ជប៉ុន ក៏ត្រូវ​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដើម្បី​ទប់ទល់​ការវាយប្រហារ​ណាមួយរ​បស់​កូរ៉េខាងជើង​ផងដែរ​។ ចុងក្រោយ​នេះ កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ជាច្រើនលើក​ដែល​រួមទាំង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​ជប៉ុន​ទៀតផង​។ ដូច្នេះ ជប៉ុន​ត្រូវ​ត្រៀមខ្លួន​ទុក​មុន ជាពិសេស​ការពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​តែម្ដង​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១២​មក នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានសម្រេច​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​រៀងរាល់ឆ្នាំ​។ លោក​ហាក់​ផ្ដោត​ខ្លាំង​លើ​វិស័យនេះ ខណៈ​ការគំរាមកំហែង​ពី​ខាងក្រៅ​ក៏​កើនឡើង​ផងដែរ​។ មិន​ត្រឹមតែ​បង្កើន​លុយ​ចំណាយ​ឡើយ លោក​ថែមទាំង​ចង់​កែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ដែល​បើកផ្លូវ​ឲ្យ​កង​ស្វ័យការពារ​ជប៉ុន ចេញ​ក្រៅប្រទេស​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​ទៀតផង​៕


Tag:
 ​ជប៉ុន​
  ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com