អន្តរជាតិ
លោក Duterte ប្រកាស​បិទ​ក្រុមហ៊ុន​ល្បែង​អន​ឡាញ​ទូទាំងប្រទេស​
22, Dec 2016 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានប្រកាស​បិទ​ចោល​ល្បែង​អន​ឡាញ​ទាំងអស់ ដែល​កំពុងដំណើរការ​នៅលើ​ទឹកដី​ហ្វីលីពីន ដោយ​លោក​អះអាងថា អាជ្ញាធរ​មិនអាច​គ្រប់គ្រង​ឧស្សាហកម្ម​ស៊ីសង​នេះ​បានឡើយ​។ នៅមុន​ការប្រកាស​នេះ លោក Duterte ធ្លាប់​បង្ហាញ​ជំហរ​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​ល្បែងស៊ីសង បន្ត​ការរកស៊ី​របស់ខ្លួន តែ​ចុងក្រោយ​លោក​បែរជា​ប្រកា​សបិទ​ទៅវិញ​។​



«​ខ្ញុំ​បញ្ជា​ឲ្យ​បិទ​ល្បែង​អន​ឡាញ​ទាំងអស់​។ បិទ​ទាំងអស់​។ វា​គ្មាន​បានការ​អ្វី​ឡើយ​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី Rodrigo Duterte ទាក់ទង​នឹង​ឧស្សាហកម្ម​ល្បែង​អន​ឡាញ​លើ​ទឹកដី​ហ្វីលីពីន អំឡុងពេល​ចុះហត្ថលេខា​លើ​ផែនការ​ចំណាយ​ប្រចាំឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២២ ខែធ្នូ​។ បើទោះជា​លោក​មិន​ផ្ដល់ព័ត៌មាន​លម្អិត គេ​អាច​យល់ថា លោក​ចង់​សំដៅលើ​ការបិទ​ក្រុមហ៊ុន​អន​ឡាញ​តែម្ដង​។​

​គេ​អាច​ចាំបាន​ថា អំឡុងពេល​ស្បថ​ចូលកាន់​តំណែង​ក្នុង​ខែឧសភា ប្រធានាធិបតី Duterte ធ្លាប់​ប្រកាសថា លោក​នឹង​បញ្ចប់​ការរកស៊ី​ល្បែង​អន​ឡាញ​លើ​ទឹកដី​ហ្វីលីពីន​។ ការប្រកាស​គ្រានោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​របរ​នេះ ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ចំណូល​ក៏​ធ្លាក់ចុះ​ផងដែរ​។ មិនយូរប៉ុន្មាន​ក្រោយ​ការប្រកាស​ក្ដែ​ងៗ​នេះ លោក​បែរជា​ចង់​រក្សា​ឧស្សាហកម្ម​នេះ​ទៅវិញ ប្រសិន​ពួកគេ​បង់ពន្ធ​ត្រឹមត្រូវ និង​មិន​បើក​ការរកស៊ី​នៅក្បែរ​សាលារៀន ឬ​វិហារ​នោះ​។​

​យ៉ាងណាក្ដី លោក Duterte មិនបាន​ចោល​ទម្លាប់​ប្រែ​ក្រឡាស់សម្ដី​ឡើយ​។ ប្រធានាធិបតី​រូបនេះ ក៏បាន​ប្រកាស​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ ដ្បិត​អ្នកជំនួញ​វិស័យនេះ​រកស៊ី​មិន​ស្មោះត្រង់​។ លោក​បាន​លើកយក​ករណី​អ្នកជំនួញ​ឈ្មោះ Jack Lam មាន​មូលដ្ឋាន​នៅ​ម៉ា​កាវ ដែល​អាជ្ញាធរ​កំពុង​តាមរក​ចាប់ខ្លួន ក្រោយ​ត្រូវបាន​ចោទថា​ព្យាយាម​សូកប៉ាន់​រដ្ឋមន្ត្រី​យុត្តិធម៌ Vitaliano Aguirre II ។​

​យោងតាម​សារព័ត៌មាន Rappler លោក Duterte បញ្ជាក់ថា រដ្ឋាភិបាល​គ្មាន​យន្តការ​អ្វី​ត្រួតពិនិត្យ​លើ​ឧស្សាហកម្ម​នេះឡើយ ដូច្នេះហើយ​បានជា​លោក​បញ្ជា​ឲ្យ​បិទ​តែម្ដង​។ លោក​ក៏បាន​ដាក់​កំហុស​លើ​កម្សោយ​របស់​អាជ្ញាធរ​ហ្វីលីពីន​ទទួលបន្ទុក​លើ​ការងារ​នេះ​ផងដែរ ព្រោះ​ពួកគេ​មិនអាច​ដោះស្រាយ​បញ្ហា​បាន​។​

​សូមបញ្ជាក់ថា ឧស្សាហកម្ម​ល្បែង​អន​ឡាញ​របស់​ហ្វីលីពីន គឺជា​វិស័យ​ដែល​ទាក់ទាញ​អ្នកជំនួញ​បាន​យ៉ាងច្រើន​ក្នុងពេល​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយបាន​បណ្ដាក់ទុនរ​ក​ស៊ី​យ៉ាង​សន្ធឹកសន្ធាប់​។ ក្រុមហ៊ុន​ល្បែង​អន​ឡាញ​បរទេស​ជាច្រើន បាន​សម្រុក​មក​បើ​ករី​សត​កំសាន្ត​ដែល​រួមទាំង​កន្លែង​លេងល្បែង​អន​ឡាញ​ផងដែរ​។ ដោយសារ​រឿងនេះ ការបិទ​អាជីវកម្ម​ល្បែង​អន​ឡាញ នឹង​ប៉ះពាល់​ចំណូល​ប្រចាំឆ្នាំ​ចំនួន​១០​លាន​ពឺ​សូ​មិន​ខាន​៕   


Tag:
 ​ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com