អន្តរជាតិ
មេដឹកនាំ​ឡាវ​ឈប់​ជិះឡាន​ស៊េរី​ទំនើប​និង​ប្ដូរ​ជិះឡាន​តម្លៃថោក ដើម្បី​សន្សំ​លុយ​ដ្ឋ​
22, Dec 2016 , 11:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​សូលី​ត (Thongloun Sisoulith) បានប្រកាសថា ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនីស្ត​ឡាវ និង​ថ្នាក់ដឹកនាំ​ប្រទេស បាន​ឯកភាពគ្នា​ឈប់​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​ដើម្បី​ធ្វើដំណើរ​ទៀតហើយ​។ ចំណែក​ការចំណាយ​សន្ធឹកសន្ធាប់​លើ​រថយន្ត​ស៊េរី​ទំនើប​ទាំងអស់​ដូចជា​ថ្លៃ​ឥន្ធនៈ និង​ការចំណាយ​លើ​តំហែទាំ ក៏​ត្រូវបាន​កាត់បន្ថយ​ដើម្បី​សន្សំ​ថវិការដ្ឋ​ឲ្យ​បាន​ច្រើន​។



​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ឡាវ យល់ព្រម​ឈប់​ជិះឡាន​ស៊េរី​ទំនើបៗ និង​ស្ម័គ្រចិត្ត​ប្រគល់​ឡាន​ទាំងនោះ​ឲ្យ​រដ្ឋ​វិញ តាមរយៈ​ការអនុវត្ត​គោលការណ៍​សន្សំសំចៃ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​។ នាយករដ្ឋមន្ត្រី ថង​លូន ស៊ី​សូលី​ត បានប្រកាស​ដូចនេះ​នៅក្នុង​កម្មវិធី​ជួបជុំ​ស្ដីពី​ការណែនាំ​ក្នុងការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ថវិកា​ប្រចាំឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២០ ខែធ្នូ​។​

​លោក ថង​លូន ស៊ី​សូលី​ត បាន​ប្រាប់​អ្នកចូលរួម​ជាង​៥០០​នាក់ ថា​រថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW និង Mercedes Benz ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ និង​ត្រូវបាន​ប្រើប្រាស់​ដោយ​មេដឹកនាំ​ប្រទេស នឹងត្រូវ​ដក​ទុក​មកវិញ មុន​នឹងដាក់​ដេញថ្លៃ​ជា​សាធារណៈ​។ សារព័ត៌មាន Vientiane Time ផ្សាយ​ថា ជំនួស​មកវិញ បណ្ដា​ថ្នាក់ដឹកនាំ​រដ្ឋ នឹងត្រូវ​ប្រើប្រាស់​ឡាន​ដែលមាន​តម្លៃថោក​វិញ​។​

​នាយករដ្ឋមន្ត្រី​ឡាវ​បន្តថា ការចំណាយ​លើ​ការថែទាំ និង​ថ្លៃ​ប្រេងឥន្ធនៈ​សម្រាប់​រថយន្ត​ស៊េរី Mercedes មានតម្លៃ​ខ្ពស់​ណាស់ ហើយ​ការចំណាយ​លើ​ឡាន Mercedes មួយគ្រឿង អាច​ទិញ​ឡាន​តូយ៉ូតា​បាន​៣​គ្រឿង​ឯណោះ​។ ដោយ​សំដៅលើ​ឡាន​ស៊េរី BMW 7 ដែល លោក កំពុង​ប្រើប្រាស់ លោក ថង​លូន និយាយថា លោក​ពេញ​ចិត្តនឹង​ប្រគល់​ឡាន​នេះ​ឲ្យ​រដ្ឋ​វិញ និង​រីករាយ​ប្រើប្រាស់​ឡាន​តូយ៉ូតា​វិញ​។​

​ប្រភពព័ត៌មាន​ខាងលើ​បន្តទៀតថា ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ឡាវ ដែលជា​ស្ថាប័ន​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស ក៏​យល់ព្រម​លើ​គោលការណ៍​សន្សំសំចៃ​នេះដែរ​។ លោក ថង​លូន បន្ថែមថា អគ្គលេខាបក្ស និង​ជា​ប្រធានាធិបតី ប៊ុន​ញ៉ា​ង វ​រ៉ា​ជិត (Bounnhang Vorachit) នឹង​ធ្វើជា​គម្រូ​លើ​រឿងនេះ ដោយ​លោក​នឹង​ប្រគល់​ឡាន BMW 7 ទៅ​ឲ្យ​រដ្ឋ​វិញ​។

​នៅពេលនេះ នាយករដ្ឋមន្ត្រី​ឡាវ បង្ហើប​ដែរ​ថា ផ្នែក​ពាក់ព័ន្ធ​កំពុង​ធ្វើ​វិសោធនកម្ម​លើ​អនុ​ក្រិ​ត្យ​នាយករដ្ឋមន្ត្រី​លេខ No. 81 ស្ដីពី​ការប្រើប្រាស់​រថយន្ត​សម្រាប់​ថ្នាក់ដឹកនាំ​។ រថយន្ត​ស៊េរី BMW 7 ចំនួន​១១​គ្រឿង និង​រថយន្ត Mercedes Benz ស៊េរី​S350 និង​ស៊េរី E350 ចំនួន​៥​គ្រឿង កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ថ្នាក់ដឹកនាំ​រដ្ឋ និង​មន្ត្រីជាន់ខ្ពស់​។ យ៉ាងណាក្ដី កា​រិ​យា​ល័ន​យោ​បាយ បានចេញ​សេចក្ដីណែនាំ​មួយ បាន​ហាម​ថ្នាក់ដឹកនាំ​ប្រទេស​ប្រើប្រាស់​ឡាន​ស៊េរី​ទំនើប​។​

​សេចក្ដីណែនាំ​ខាងលើនេះ​បញ្ជាក់ថា រថយន្ត​ម៉ាក Mercedes និង​ម៉ាក BMW នឹងត្រូវ​ហាមឃាត់​។ ដោយឡែក​សមាជិក​ការិយាល័យ​នយោបាយ នឹងត្រូវ​ប្រើ​ឡាន Toyota Camry 3.0 ឯ​តំណែង​រដ្ឋមន្ត្រី នឹង​ជិះ Camry 2.5 ខណៈ​តំណែង​អនុមន្ត្រី​នឹង​ប្រើ Camry 2.0 ។ បន្ថែម​ពីលើ​នោះ រថយន្ត​ផ្សេងទៀត​ដូចជា Landcruiser, Prado និង Fortuner និង​ប្រភេទ​ឡានធំ នឹងត្រូវ​ផ្ដល់​ឲ្យ​មន្ត្រី​កម្រិត​ផ្សេងទៀត​៕


Tag:
 ឡាវ​
  ថង​លូន ស៊ី​សូលី​ត
© រក្សាសិទ្ធិដោយ thmeythmey.com