អន្តរជាតិ
ពូ​ទីន​៖ ទ័ព​រុស្ស៊ី​ខ្លាំងជាងគេ តែ​មិនអាច​ធ្វេសប្រហែស​ឡើយ
23, Dec 2016 , 8:59 pm        
រូបភាព
​ខណៈ​ការប្រឈមមុខ​ផ្នែក​យោធា​រវាង​រុស្ស៊ី និង​សម្ព័ន្ធ​យោធា​ណា​តូ​នៅតែ​តឹងតែង ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ចេញ​ប្រកាសថា កម្លាំងយោធា​របស់​ប្រទេស​លោក គឺ​ខ្លាំង​ជាង​ប្រទេស​ដទៃ​។ ប៉ុន្តែ​លោក​ក៏បាន​ប្រាប់​ទៅ​កងទ័ព​ទាំងអស់​កុំ​ឲ្យ​មាន​អំណួត​ហួសហេតុ ដ្បិត​សត្រូវ​អាច​នឹង​ឆ្លៀតឱកាស​។ លោក ពូ​ទីន ដាក់​បញ្ជា​ឲ្យ​គ្រប់​កង​អង្គភាព​ទាំងអស់ ត្រូវខិតខំ​ពង្រឹងសមត្ថភាព មិន​ថា​អង្គភាព​ទទួលបន្ទុក​អាវុធ​នុយក្លេអ៊ែរ ឬ​អង្គភាព​ណា​ឡើយ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​មោទនភាព​លើ​អានុភាព​កងទ័ព​រុស្ស៊ី ដែល​លោក​អះអាងថា កងទ័ព​នេះ​ខ្លាំង​ជាង​ប្រទេស​ផ្សេងទៀត​។ យ៉ាងណាក្ដី លោក​បាន​ប្រាប់​បណ្ដា​មេដឹកនាំ​យោធា​រុស្ស៊ី​ថា យោធា​រុស្ស៊ី​ខ្លាំង​មែន តែ​ក៏​មិនអាច​ធ្វេសប្រហែស ឬក៏​អាច​ខ្វះ​ការប្រុងប្រយ័ត្ន​បានដែរ​។ ពោល គឺ​កងទ័ព​ទាំងអស់​ត្រូវខិតខំ​ហ្វឹកហាត់ បន្ត​ការធ្វើ​ទំនើបកម្ម​យោធា ដើម្បី​ឲ្យ​ដើរ​ទាន់សភាពការណ៍​ពិភពលោក​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​គណៈកម្មាធិការ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២២ ខែធ្នូ លោក ពូ​ទីន បាន​ប្រាប់​មន្ត្រី​យោធា​ជាន់ខ្ពស់​ថា រុស្ស៊ី​មានការ​ងារ​ជាច្រើន​ដែល​ត្រូវធ្វើ​។ ការងារ​ដែល​លោក ពូ​ទីន ចង់​សំដៅ​នោះ​ទំនងជា​ការបង្កើន​សម​ត្ថ​ភាព​កងទ័ព និង​ការអភិវឌ្ឍ​អាវុធយុទ្ធភណ្ឌ​សម្រាប់​កងទ័ព​នៅ​គ្រប់​អង្គភាព​។ លោក​បន្តទៀតថា បើ​ផ្ដោតលើ​សមិទ្ធផល​កន្លងមក​, ប្រវត្តិសាស្ត្រ ក៏ដូចជា​ភូមិសាស្ត្រ​ផង​នោះ សមត្ថភាព​យោធា​រុស្ស៊ី គឺ​ខ្លាំង​ជាង​ប្រទេស​ដែល​ចូលចិត្ត​ឈ្លានពាន​គេ​ដទៃ​។​

​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​សង្កត់ធ្ងន់ថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ សមត្ថភាព​យោធា ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង តែ​ការងារ​ទាំងនោះ​ត្រូវបាន​បំពេញ​ដោយ​បណ្ដា​មេបញ្ជាការ​ជាន់ខ្ពស់​ប៉ុណ្ណោះ​។ ដូច្នេះ​លោក​ក៏​ណែនាំ​ឲ្យ​កងទ័ព ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន សំដៅ​ធ្វើយ៉ាងណា​ឲ្យ​អានុភាព​កងទ័ព​រុស្ស៊ី​កាន់តែខ្លាំង​ថែមទៀត​។​

​យ៉ាងណាមិញ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS បុរស​ដែល​ទើប​ជាប់​ឈ្មោះ​ជា​បុគ្គល​មាន​ឥទ្ធិពល​ជាងគេ​លើ​លោក​របស់​ទស្សនាវដ្ដី Forbes ប្រចាំឆ្នាំ​២០១៦ ក៏បាន​សារភាព​ដែរ​ថា សមត្ថភាព​របស់​កង​កម្លាំង​រុស្ស៊ី នៅមាន​ចន្លោះប្រហោង​យ៉ាងច្រើន​។ លោក​បញ្ជាក់ថា សមត្ថភាព​នុយក្លេអ៊ែរ​នៅ​ទាប​ដែល​ត្រូវតែ​បង្កើន​ទៅ​កម្រិត​ខ្ពស់ ជំរុញ​សមត្ថភាព​កងទ័ពជើងទឹក និង​កង​ម្លាំ​ង​អាកាស​ជាដើម​។​

១. កងកម្លាំង​រុស្ស៊ី នឹង​ទទួលបាន​អាវុធ​ទំនើប​ជាច្រើន​ក្នុង​ឆ្នាំ​២០១៧
​ក្នុង​កិច្ចប្រជុំ​ដដែល​នោះ ក្រសួងការពារជាតិ​រុស្ស៊ី ក៏បាន​បញ្ចេញ​ផែនការ​បញ្ចូល​សព្វាវុធ​ជាច្រើន​រយ​គ្រឿង​ទៅក្នុង​អង្គភាព​កងទ័ព​ទាំងអស់ ទាំង​អង្គភាព​ទ័ពជើងគោក និង​ទ័ព​ជើង​អាកាស និង​ទ័ពជើងទឹក​ផងដែរ​។ ច្បាស់​ណាស់​ថា ការបង្កើន​សព្វាវុធ​នៅតាម​អង្គភាព​ទ័ព​នេះ គឺ​ដើម្បី​ត្រៀម​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​បក្សសម្ព័ន្ធ​យោធា​ណា​តូ ដែល​កំពុងតែ​បញ្ជូន​ទ័ព​ជាច្រើន​មក​ដាក់​ក្បែរ​ព្រំដែន​រុស្សី​នៅ​អឺរ៉ុប​ខាងកើត​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ឧ​ត្ត​ម​សេនីយ៍ Sergei Shoigu និយាយថា​ក្នុង​ឆ្នាំ​២០១៧ ទ័ពជើងគោក នឹង​ទទួល​រថក្រោះ និង​រថពាសដែក​ចំនួន​ច្រើនជាង​៩០០​គ្រឿង ព្រមទាំង​យន្តហោះ​១៧០ គ្រឿង​ទៀត​។ មិនតែប៉ុណ្ណោះ យន្តហោះ​ជាច្រើន​គ្រឿង​ដែល​កំពុង​បម្រើការ​នៅ​ទ័ពជើងទឹក និង​អង្គភាព​ទ័ពអាកាស ក៏​នឹង​ត្រូវធ្វើ​ទំនើបកម្ម​ដែរ ខណៈ​ស្ថានីយ៍​រ៉ា​ដា​ដែលមាន​សមត្ថភាព​ប្រយុទ្ធ នឹងត្រូវ​ពង្រាយ​នៅតាម​តំបន់​ជាច្រើន​ទៀត​នៅ​ទូទាំង​សហព័ន្ធរុស្ស៊ី​ផង​។​

​ជាមួយគ្នានេះដែរ ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​ដែលមាន​ឥទ្ធិពល​ខ្លាំង​អាច​បាញ់​បាន​ចម្ងាយ​ខ្លី មធ្យម និង​ចម្ងាយ​ឆ្ងាយ​នោះ ក៏​ត្រូវបាន​ពង្រឹងសមត្ថភាព និង​ត្រួវ​ពង្រាយ​តាម​គោលដៅ​សំខាន់ៗ​ផងដែរ​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ក៏​ស្ថិតក្នុង​បញ្ជី​នៃ​ការពង្រឹង​សមត្ថភាព និង​ត្រូវ​ដាក់ពង្រាយ ព្រម​គ្នា​នឹង​ប្រព័ន្ធ​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ជាច្រើន​គ្រឿង​ដែរ​។​

​បន្ថែម​ពីលើ​សព្វាវុធ​ទំនើបៗ​ដែលមាន​ស្រាប់​ហើយ​នោះ រុស្ស៊ី​ក៏មាន​គម្រោង​ទិញ​អាវុធយុទ្ធភណ្ឌ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ពង្រឹងសមត្ថភាព​។ នាយសេនាធិការ​កងទ័ព​រុស្ស៊ី​ឧ​ត្ត​ម​សេនីយ៍ Valery Gerasimov និយាយថា ក្រសួងការពារជាតិ មាន​ផែនការ​ប្រចាំឆ្នាំ​ទិញ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ចំនួន​២០០​គ្រឿង កប៉ាល់​, នាវាចម្បាំង​, និង​នាវាមុជទឹក​២០​គ្រឿង ព្រមទាំង​សព្វាវុធ​ផ្សេងៗ​ប្រហែល​៦០០​គ្រឿង​ទៀត​។​

២. ពង្រឹងគុណភាព​អាវុធ ដើម្បី​ទាក់ទាញ​អតិថិជន​បរទេស​
​ស្របពេល​ដែ​លោក​អួតអាង​ថា កងទ័ព​រុស្ស៊ី​ជា​យោធា​ខ្លាំងជាងគេ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ប្រាប់​ឲ្យ​កងទ័ព​ប្រើប្រាស់​ពង្រឹងគុណភាព​អាវុធ ដើម្បី​ទាក់ទាញ​ប្រទេស​ដទៃទៀត ឲ្យ​ចាប់អារម្មណ៍​សព្វាវុធរ​បស់​រុស្ស៊ី​។ លោក​ជឿថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​បង្ហាញ​ប្រទេស​ផ្សេង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធោបករណ៍​រុស្ស៊ី ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នៅ​ស៊ី​រី​។

​លោក​ប្រាប់​ក្រុម​ទាហាន​ជាន់ខ្ពស់​រុស្សី​នៅ​ថ្ងៃទី​២២ ខែធ្នូ ថា ប្រសិទ្ធភាព​អាវុធ​រុស្ស៊ី​ប្រើប្រាស់​នៅ​ស៊ី​រី គឺជា​ឱកាស​ថ្មី​សម្រាប់​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​យោធា និង​បច្ចេកទេស​ជាមួយ​ប្រទេស​ដទៃ ហើយ​រុស្ស៊ី​ត្រូវ​ទាញ​ប្រយោជន៍​ពី​វា​ឲ្យ​បាន​ច្រើន​។ ប្រ​ទស​ជាច្រើន​បានចាប់ផ្ដើម​ងាក​ទៅធ្វើ​ពាណិជ្ជកម្ម​សម្ភារ​យោធា​ជាមួយ​រុស្សី ដ្បិត​វា​មានតម្លៃ​ថោក​ជាង​របស់​អាវុធ​អាមេរិក​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដូចជា ថៃ​, វៀតណាម និង​ហ្វីលីពីន សុទ្ធ​តែមាន​ចំណាប់អារម្មណ៍​លើ​អាវុធ​របស់​រុស្ស៊ី​នេះ​៕


Tag:
 ​អឺរ៉ុប​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com