អន្តរជាតិ
កូរ៉េខាងជើង​គំរាម​ធ្វើសង្គ្រាម ដ្បិត​មិន​ពេញ​ចិត្តនឹង​ទណ្ឌកម្ម​របស់ UN
23, Dec 2016 , 4:31 pm        
រូបភាព
​របប​កុម្មុយនីស្ត​កូរ៉េខាងជើង នៅ​ថ្ងៃទី​២២ ខែធ្នូ បាន​គំរាម​ធ្វើសង្គ្រាម ដើម្បី​ឆ្លើយតប​នឹង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​នេះ ចំពោះ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​ក្នុង​ខែកញ្ញា​។ កូរ៉េខាងជើង មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ទណ្ឌកម្ម​លើក​នេះ ព្រោះ​អង្គការសហប្រជាជាតិ បានដាក់​គោលដៅ​លើ​ប្រាក់ចំណូល​នៃ​ការនាំចេញ​ធ្យូងថ្ម ដែលជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។​



«​ទណ្ឌកម្ម​ចុងក្រោយ​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បង្កើត​គ្រោះថ្នាក់​នៃ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ព្រោះ​វា​មិនមាន​យន្តការ​គតិយុត្តិ និង​ស្ថាប័ន ដើម្បី​ប​ង្វាង​សង្គ្រាម​ប្រដាប់អាវុធ​ឡើយ​។ ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​នេះ ដូចជា​ការប្រកាសសង្គ្រាម​ដូច្នោះ​ដែរ​»​។ នេះ​ជា​សារ​ព្រមាន​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង​ចំពោះ​អង្គការសហប្រជាជាតិ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ KCNA ។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បានអនុម័ត​ដំណោះស្រាយ​ថ្មី​មួយទៀត​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​កុម្មុយនីស្ត​កូរ៉េខាងជើង ដែល​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់​រ៉ុក្កែត​ជាច្រើនលើក​។ ទណ្ឌកម្ម​ចុងក្រោយ​នេះ ត្រូវបាន​គេ​ពណ៌នា​ថា ជា​ទណ្ឌកម្ម​ខ្លាំង​មិន​ធ្លាប់មាន ដោយបាន​សំដៅលើ​ការនាំចេញ​ធ្យូងថ្ម ដែលជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ធំ​របស់​កូរ៉េខាងជើង​។ 

​បើតាម​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​ទម្លាក់កំហុស​ទៅលើ​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ខ្លួន ក្នុងករណី​មាន​សង្គ្រាម​កើត​មែន​។ សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​កូរ៉េខាងជើង​បញ្ជាក់ថា អាមេរិក និង​ប្រទេស​ដទៃទៀត​ដែល​ជាប់​ពាក់ព័ន្ធ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​ផលវិបាក​ទាំងឡាយ​ដែល​កើតឡើង​។​

​សេចក្ដី​ថ្លែង​ការ​ណ័​ខាងលើ ក៏បាន​ចាត់ទុក​សេចក្ដី​ស​ម្រ​ច​ដាក់ទណ្ឌកម្ម​ដដែល​នេះ​ជា «​ឯកសារ​ឧក្រិដ្ឋកម្ម​គ្មាន​អំណាច​ផ្លូវច្បាប់​» និង​បាន​រំលោភបំពាន​អធិបតេយ្យ​របស់​កូរ៉េខាងជើង​។ ទន្ទឹមនឹង​ការ​គំរាម​បង្ក​សង្គ្រាម ក្រុង​ព្យុងយ៉ាង ក៏​មិន​ភ្លេច​និយាយ​ការពារ​ការសាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ដែរ​។ កូរ៉េខាងជើង​អះអាងថា ការសាកល្បង​នេះ គឺជា​សិទ្ធិ​ស្វ័យការពារ​ខ្លួន និង​ជាការ​ឆ្លើយតប​សកម្មភាព​បង្កហេតុ និង​ទណ្ឌកម្ម​របស់​អាមេរិក​ប៉ុណ្ណោះ​។

​គេ​មិនដឹងថា ការព្រមាន​របស់​កូរ៉េខាងជើង សំដៅលើ​ក្រុង​ប៉េកាំង ឬ​យ៉ាងណាដែរ ដ្បិត ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​នេះ នាំមុខ​ដោយ​សហរដ្ឋអាមេរិក និង​ត្រូវបាន​ព្រមព្រៀង​ដោយ​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាសន្តិសុខ រួមទាំង​ចិន​ផងដែរ​។ ចិន​ជា​សម្ព័ន្ធមិត្ត​ស្អិតល្មួត​របស់​កូរ៉េខាងជើង និង​តែង​ជួយ​របប​កុម្មុយនីស្ត​មួយ​នេះ​ជានិច្ចកាល​។ ប៉ុន្តែ​ចុងក្រោយ​នេះ ចិន​ហាក់​ដូរ​ជំហរ​របស់ខ្លួន និង​មិនបាន​បោះឆ្នោត​វ៉េតូ​ប្រឆាំងនឹង​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​លើ​ទី​៥ នេះឡើយ​៕


Tag:
 កូ​រ៉​ខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com