អន្តរជាតិ
លោក ត្រាំ នៅតែ​ចិញ្ចឹមចិត្ត​ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​មិន​ឲ្យ​ចូល​អាមេរិក​
23, Dec 2016 , 11:39 pm        
រូបភាព
​លោក ដូ​ណា​ល់ ត្រាំ លើកឡើង​ជាថ្មី​ពាក់ព័ន្ធ​គោលនយោបាយ​ហាមឃាត់​ប្រជាជន​ឥស្លាម​មិន​ឲ្យ​ចូលក្នុង​ទឹកដី​អាមេរិក​ដើម្បី​រក្សា​សន្តិសុខ​នោះ​។​ប៉ុន្តែ​ក្រុមការងារ​លោក​បកស្រាយ​ថា វា​មិនមែន​ជាការ​ហាមប្រាម​ពេញលេញ​ទេ ព្រោះ​វិធានការ​នេះ​អនុវត្ត​ចំពោះ​ជនអន្តោប្រវេសន៍​មកពី​តំបន់​ដែលមាន​ចលនា​ភេរវកម្ម​ប៉ុណ្ណោះ​។​



​ក្រោយ​ផ្អាក​និយាយ​ពី​គោលនយោបាយ​ហាមប្រាម​ប្រជាជន​ម៉ូ​ស្លី​ម​មិន​ឲ្យ​ចូលក្នុង​ទឹកដី​អាមេរិក​ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត ៨​វិច្ឆិកា ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់​ជាថ្មី​ថា រដ្ឋបាល​លោក​នឹង​បន្ត​គោលនយោបាយ​នេះ​។ ការបញ្ជាក់​ជាថ្មី​នេះ​ធ្វើ​ឲ្យ​មានការ​បារម្ភ និង​ការរិះគន់​ផងដែរ​ក្នុងចំណោម​សាធារណជន​ទូទៅ​។

​យោងតាម​សារព័ត៌មាន Politico គោលនយោបាយ​ចម្រូងចម្រាស​នេះ​ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ​លើកឡើង​ជាថ្មី​នៅ Mar-a-Lago នៅ​រដ្ឋ Florida​។ ពេល​អ្នកសារព័ត៌មាន​សួរថា លោក​នឹង​អនុវត្ត​គោលនយោបាយ​តឹងរ៉ឹង​ចំពោះ​ចំពោះ​ប្រជាជន​ម៉ូ​ស្លី​ម​ឬ​អត់​ក្រោយ​ការវាយប្រហារ​នៅ​ក្រុង​ប៊ែ​កឡាំង លោក ដូ​ណា​ល់ ត្រាំ បាន​តប​វិញ​ទាំង​ស្រពិចស្រពិល​ថា​៖​ «​អ្នក​បានដឹង​ពី​គោលនយោបាយ​ខ្ញុំ​ហើយ​។ តាំងពីដើម​មក អ្វីដែល​ខ្ញុំ​លើកឡើង​ត្រឹមត្រូវ​។ ១០០​ភាគរយ​គឺ​ត្រឹមត្រូវ​»​។

​យ៉ាងណាក៏ដោយ ចម្លើយ​របស់លោក ដូ​ណា​ល់ ត្រាំ​នៅតែ​ស្រពិចស្រពិល ហើយ​វា​ត្រូវបាន​គេ​បកស្រាយ​ផ្សេងៗ​គ្នា​ផងដែរ​។ ប៉ុន្តែ​គេ​វាយតម្លៃថា លោក​ចង់​ប្រាប់​ប្រជាជន​អាមេរិក​ថា​លោក​ព្យាយាម​ធ្វើតាម​អ្វីដែល​លោក​បាន​សន្យា​កន្លងមក​។

​ពាក់ព័ន្ធ​សម្តី​លោក ដូ​ណា​ល់ ត្រាំ លោកស្រី Kellyanne Conway អតីត​ប្រធាន​ក្រុម​ឃោសនា​នយោបាយ និង​ទីប្រឹក្សា​ប្រធានាធិបតី​បាន​ពន្យល់ថា វា​នឹងមាន​ការហាមឃាត់​ដូច្នេះ​មែន ប៉ុន្តែ​វា​មិនមែនជា​ការហាមឃាត់​រា​ល់​ប្រជាជន​ម៉ូ​ស្លី​ម​ឡើយ​។ វិធានការ​នេះ​នឹងត្រូវ​អនុវត្ត​ចំពោះ​បណ្តាជន​អន្តោប្រវេសន៍​ទាំងឡាយណា​ដែល​មកពី​តំបន់​ឬ​ប្រទេស​ទាំងឡាយណា​ដែលមាន​ចលនា​ភេរវកម្ម​កើតឡើង​ជាដើម​ប៉ុណ្ណោះ​។​

​តាំងពី​ពេល​ឃោសនា លោក ដូ​ណា​ល់ ត្រាំ បាន​យក​បញ្ហា​សាសនា​ឥស្លាម​មក​ធ្វើជា​ប្រធានបទ​ក្នុងការ​ជជែក​ដេញដោល​ក្នុង​បក្ស​និង​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​ដង​ផងដែរ​។ ដូច​បានលើកឡើង​ខាងលើ លោក​ប្រកាស​ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក រហូតដល់​មានប្រតិកម្ម​ខ្លាំង​ពី​សំណាក់​សកម្មជន​សិទ្ធិមនុស្ស និង​បណ្តា​អ្នកនយោបាយ​សូម្បីតែ​បណ្តា​ក្រុម​អ្នក​សាធារណរដ្ឋ​។

​ជារួម សាសនា​ជា រឿង​រសើប​បំផុត​មួយ ហើយ​អ្វីដែល​សំខាន់​ការលើកឡើង​បែបនេះ ផ្ទុយ​នឹង​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​ផង ព្រោះ​សេរីភាព​សាសនា ត្រូវបាន​ការពារ​ដោយ​ច្បាប់កំពូល​របស់​រដ្ឋ ហើយ​គេ​ហាមឃាត់​ការយក​រឿង​សាសនា​មក​ធ្វើជា​ឈ្នាន់​សម្រាប់​ការឈាន​ទៅកាន់​តំណែង​ក្នុង​ស្ថាប័នរដ្ឋ​។​៕


Tag:
 ​ម៉ូ​ស្លី​ម​
 ​ ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com