អន្តរជាតិ
ពូ​ទីន ប្រាប់​បក្ស​ប្រជាធិបតេយ្យ​៖«​កុំ​ឡាំប៉ា​ពេល​ចាញ់ឆ្នោត ត្រូវ​ចាញ់​ដោយ​ថ្លៃថ្នូរ​» ​
24, Dec 2016 , 10:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀ ពូទីន នាឱកាសកម្មវិធីសន្និសីទកាសែតប្រចាំឆ្នាំ (រូបភាព៖ វិមាន Kremlin)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាឱកាសកម្មវិធីសន្និសីទកាសែតប្រចាំឆ្នាំ (រូបភាព៖ វិមាន Kremlin)
ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ និង​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ជុំវិញ​ការ​ឈ្នះឆ្នោត​គណបក្ស​សាធារណរដ្ឋ​។ បក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​លោក ពូ​ទីន ថា លូកលាន់​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក និង​ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​។ ប៉ុន្តែ​លោក ឆ្លើយ​វិញ​ថា ក្រុម​ប្រជាធិបតេយ្យ​វង្វេង​ប្រវត្តិសាស្ត្រ​គណបក្ស​ខ្លួនឯង​។


​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២៣ ខែធ្នូ បាន​រិះគន់​បក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក ដែល​បាន​ចោទ​លោក​ថា​នៅ​ពីក្រោយ​បរាជ័យ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​។ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បក្ស​កាន់អំណាច​មួយ​នេះ​បាន​ភ្លេច​ដើមកំណើត​របស់ខ្លួន​ដោយបាន​ប្រើ​គ្រប់​ធនធាន​គ្រប់យ៉ាង​រួមទាំង​ផ្នែក​រដ្ឋបាល​ផងដែរ តែ​នៅ​ចាញ់​លោក ដូ​ណា​ល់ ត្រាំ ដដែល​។​

​ក្នុងឱកាស​ឆ្លើយឆ្លង​សំណួរ​អ្នកកាសែត​ប្រចាំឆ្នាំ លោក ពូ​ទីន និយាយថា​៖ «​វា​មាន​ភស្តុតាង​បញ្ជាក់ថា បក្ស​កាន់អំណាច​បច្ចុប្បន្ន​នៅ​អាមេរិក ដែលមាន​ឈ្មោះថា «​គណបក្ស​ប្រជាធិបតេយ្យ​» បាន​ភ្លេច​អត្ថន័យ​ដើម​នៃ​ឈ្មោះ​ខ្លួនឯង ព្រោះ​ពួកគេ​មិនបាន​ប្រើប្រាស់​ធនធាន​ដោយ​ហ្មត់ចត់​ឡើយ ហើយ​ថែមទាំង​ប្រាប់​អ្នកតំណាង​ឲ្យ​បោះឆ្នោត​ផ្ទុយ​ពី​ឆ​ន្ទះ​ប្រជាជន​ទៀតផង​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន RT ។​

​នា​រយៈពេល​ចុងក្រោយ​នេះ ព័ត៌មាន​ដែល​រុស្ស៊ី​លូកលាន់​ចូល​ដំណើរការ​បោះឆ្នោត​របស់​អាមេរិក​ដោយ​ជួយ​ឲ្យ ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត ក្លាយជា​ប្រធានបទ​ក្តៅ​ក្នុង​នយោបាយ​អាមេរិក​បច្ចុប្បន្ន​។ អ្នកនយោបាយ​អាមេរិក​ខ្លះ​ជឿជាក់ថា វា​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ ហើយ​វា​ជា​រឿង​ដែល​ត្រូវ​ស៊ើបអង្កេត​ឲ្យ​អស់​សង្ស័យ​។ ប៉ុន្តែ​ក្រុមគាំទ្រ​លោក ត្រាំ អះអាងថា​វា​ជា​រឿង​នយោបាយ និង​ជាការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ជ័យជម្នះ​របស់លោក ត្រាំ បាត់បង់​ភាពស្របច្បាប់​ប៉ុណ្ណោះ​។​

​យ៉ាងណាក្ដី លោក​ប្រធានាធិបតី ពូ​ទីន បាន​ទាត់ចោល​ការសង្ស័យ​មក​លើ​រូបលោក​។ លោក​អះអាងថា បក្ស​ប្រជាធិបតេយ្យ បាន​ចាញ់ឆ្នោត​នៅ​គ្រប់​សមរភូមិ​ទាំងអស់ តែ​បែរជា​ទម្លាក់កំហុស​ឲ្យ​គេឯង​ទៅវិញ​។ ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា បក្ស​ប្រជាធិបតេយ្យ បាន​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី ហើយ​ថែមទាំង​បាត់បង់​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​ទៀតផង​។​

«​តាម​គំនិត​របស់ខ្ញុំ ពួកគេ​កំពុង​បន្ទាប​សេចក្ដីថ្លៃថ្នូរ​ខ្លួនឯង​។ អ្នក​គួរតែ​រៀន​ចាញ់ឆ្នោត​ដោយ​ថ្លៃថ្នូរ​»​។ នេះ​ជា​សារ​របស់​ប្រធានាធិបតី ពូ​ទីន ផ្ញើ​ទៅកាន់​ក្រុម​ប្រជាធិបតេយ្យ​នៅ​ក្រុង​វ៉ាស៊ីនតោន​។ លោក​ឌឺដង​ទៀតថា អតីត​ថ្នាក់ដឹកនាំ​ល្បីៗ​របស់​បក្ស​ប្រជាធិបតេយ្យ​ដូចជា​អតីត​ប្រធានាធិបតី Franklin Roosevelt ប្រាកដជា​ងើប​ពី​ផ្នូរ​មិន​ខាន ដោយសារតែ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​បក្ស​បក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ននេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com