ជាតិ
ប្រកួត​គូររូប​តួអង្គ​និមិត្តរូប និង​និពន្ធ​ពាក្យស្លោក​សម្រាប់​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧
24, Dec 2016 , 10:39 pm        
រូបភាព
ភ្នំពេញ​៖  គណៈកម្មការ​រៀបចំ​ព្រឹត្តិកា​រ៍​អង្គរ​សង្ក្រាន្ត នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​គូររូប​តួអង្គ​និមិត្តរូប​(MASCOT) និង​តែង​និពន្ធ​ពាក្យស្លោក (SLOGAN) សម្រាប់​អង្គ​រស​ង្គ្រា​ន​ឆ្នាំ​២០១៧​។ កម្មវិធី​នេះ ចាប់ផ្ដើម​ទទួល​ស្នាដៃ​នៅ​ថ្ងៃទី​០៨ ខែធ្នូ​-​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧​។ ដោយឡែក បេក្ខជន​ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល លេខ​២ ទទួលបាន​ថវិកា​ចំនួន ១​លាន​២០​ម៉ឺន​រៀល និង​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៨០​ម៉ឺន​រៀល​។​


កម្មវិធី​ប្រកួតប្រជែង​នេះ រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ព្រឹត្តិកា​រ៍​អង្គរ​សង្ក្រាន្ត នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ស្វែងរក​អ្នកមាន​ស្នាដៃ​លេច​ធ្លោ ដែលជា​និមិត្តរូប​នៃ​ព្រឹ​ត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ ម្យ៉ាងទៀត ឆ្នាំ​២០១៧ ជា​ឆ្នាំ​ទី​៥ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ​។

ជាមួយគ្នានេះ លក្ខខណ្ឌ​នៃ​ការប្រកួតប្រជែង​គូររូប​តួអង្គ​និមិត្តរូប (MASCOT) បេក្ខជន​ត្រូវ​គូររូប​តួអង្គ​និមិត្តរូប​តាម​រចនាបទ​ខ្មែរ​ដោយ​ប្រើ​ខ្មៅ​ដៃ​ពណ៌ ឬ​កុំព្យូទ័រ លើ​ក្រដាស​ទំហំ A4 និង​ជំហរ​ឈរ​នៃ​តួអង្គ​និមិត្តរូប ត្រូវមាន​កម្ពស់​ចន្លោះ​ពី ១៥ សង់ទីម៉ែត្រ ទៅ ២០ សង់ទីម៉ែត្រ​។ ចំពោះ​រូប​តួអង្គ​និមិត្តរូប ត្រូវ​បង្ហាញ​នូវ​ថាមពល ភាព​រវៀសរវៃ និង​ភាព​ក្រ​ម៉ិច​ក្រមើម ហើយ​ជា​ស្នាដៃ​ស​ដើម​ដែល​មិន​ចម្លង​ពី​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ​។​

​ម្យ៉ាងទៀត សម្រាប់​លក្ខខណ្ឌ​នៃ​ការប្រកួតប្រជែង​តែង​និពន្ធ​ពាក្យស្លោក (SLOGAN)​គឺជា​ពាក្យស្លោក​ខ្លី​ហើយ​ខ្លឹម​មិន​លើសពី ២០ ព្យាង្គ ជា​ខេមរៈភាសា ហើយ​មាន​ភាព​ច្នៃប្រឌិត និង​ទាក់ទាញ​។ ពាក្យស្លោក ត្រូវមាន​អត្ថន័យ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​រំលេច​តួនាទី​យុវជន​ក្នុងការ​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​។ ជាពិសេស​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​អត្ថបទ​បកស្រាយ​អត្ថន័យ​ពាក្យស្លោក​ផងដែរ​។​

​សម្រាប់​រយៈពេល​ទទួល​ស្នាដៃ​ប្រកួតប្រជែង ចាប់ពី​ថ្ងៃទី​០៨ ខែធ្នូ​ដល់​ថ្ងៃទី ០៧ ខែមករា ឆ្នាំ​២០១៧ និង​វគ្គ​ជម្រុះ​យក​១០​ស្នាដៃ នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧​។ សម្រាប់​ការបោះឆ្នោត​លើ ហ្វេ​ស​ប៊ុ​ក ផេ​ក (Facebook page) «​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​» ដើម្បី​ជ្រើសរើស​ជ័យលាភី ចាប់ពី​ថ្ងៃទី​០៩-១៥ ខែមករា និង​ពិធី​ប្រគល់​រង្វាន់​ជូន​បេក្ខជន​ជ័យលាភី នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧​។​

ជាការ​កត់សម្គាល់ ចំពោះ​ការប្រកួតប្រជែង​គូររូប​តួអង្គ​និមិត្តរូប​(MASCOT) និង​តែង​និពន្ធ​ពាក្យស្លោក (SLOGAN) ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា​ចំនួន ១​លាន​២០​ម៉ឺន​រៀល និង​ជ័យលាភី​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៨០​ម៉ឺន​រៀល​។ ស្នាដៃ​ច្នៃប្រឌិត របស់​បេក្ខជន​ជ័យលាភី នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំងមូល​។​



គួរ​រម្លឹក​ផងដែរ សាធារណជន និង​យុវជន ដែលមាន​ចំណាប់អារម្មណ៍ សូម​ដាក់ពាក្យ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ ដោយ​ភ្ជាប់​មកជា​មួយ ឈ្មោះ លេខ​ទូរ​សព្ទ និង​មុខរបរ​បច្ចុប្បន្ន ផ្ញើ​ទៅកាន់​អ៊ី​ម៉ែ​ល ឬ​ស្នាក់ការ​កណ្ដាល​ស​.​ស​.​យ​.​ក ផ្លូវ​លេខ​២២៨ ផ្ទះ​លេខ​២៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឬ​តាម​ទូរ​សព្ទ​លេខ ០៩២ ២២៤ ៥៣៧/ ០១៥ ២៩ ៣៣ ៩៩៕




© រក្សាសិទ្ធិដោយ thmeythmey.com