កីឡាជាតិ
ជាតិ
ការប្រកួត​កីឡា​កងទ័ព​លើក​ទី​១០​កាត់​ឧបសគ្គ​ឆ្នាំនេះ​មាន​លក្ខណ​ប្លែក​និង​អស្ចារ្យ​ជាង​ឆ្នាំមុនៗ​ ​
26, Dec 2016 , 8:59 am        
រូបភាព
ដោយ:
ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែល​ធ្វើឡើង​ដើម្បី​អបអរ​ទិវា​៧​មករា​លើក​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦-៨ ខែមករា ឆ្នាំ​២០១៧ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​។ ព្រឹត្តិការណ៍​ដែល​ធ្វើ​ឡើងជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ ព្រោះ​មានការ​តាំងពិព័រណ៍​កងទ័ព​, ផលិតផល​បម្រើការ​ងា​រ​ឲ្យ​កងទ័ព និង​ការប្រគុំ​តន្ត្រី​។​


​បើ​យោងតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុភា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​កីឡា​កងទ័ព ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​លើក​នេះ​មាន​លក្ខណ​ប្លែក​ទាំង​ការរៀបចំ និង​ការចូលរួម ជាពិសេស​មាន​លក្ខណ​អស្ចារ្យ​ជាង​លើក​មុនៗ​។ ពោលគឺ​ការប្រកួត​កីឡា​កងទ័ព​លើក​នេះ​នឹង​ធ្វើឡើង​នៅ​ទី​ធា្ល​មុខ​មហោស្រព​កោះ​ពេជ្រ ហើយ​មានការ​បើកទូលាយ​ឲ្យ​មហាជន​ចូលរួម​។ 

​តាំងពី​បង្កើត​ព្រឹត្តិការណ៍​នេះ​តាំងពី​ឆ្នាំ​១៩៩៦ វា​ជា​លើក​ទី​១​ហើយ​ដែល​ថ្នាក់ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​យក​ទី​ធ្លាកោះ​ពេជ្រ​ដែលជា​ទីប្រជុំជន​ជាទី​តាំង​ប្រកួត​កីឡា​កង​ទ័​ប​លើក​នេះ ពោលគឺ​៩​លើក​រួចមកហើយ​ការប្រកួត​នេះ​តែងតែ​ធ្វើឡើង​នៅ​សាលា​នាយ​ទា​ហ៊ាន​សកម្ម​ត្មាត​ពង​ខេត្តកំពង់ស្ពឺ​។​

​លោក មាស សុភា​រិ​ទ្ធ នាយរង​ការិយាល័យ​ក​ង​ទ័ពជើងគោក​បានបញ្ជាក់​ថា ការប្រកួត​កីឡា​កងទ័ព​ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦-៨ ខែមករា ឆ្នាំ​២០១៧ ទាំង​អត្ត​ព​លិ​ក​កងទ័ព និង​អត្ត​ពលិកម​ហា​ជន​ត្រូវ​ប្រកួតប្រជែង​លើ​ពីរ​ប្រភេទ​វិញ្ញាសា​ហើយ​វិញ្ញាសា​នីមួយៗ​ត្រូវ​ប្រកួត​ជា​ក្រុម​ដោយ​ក្នុង​មួយក្រុម​មាន​១៥​នាក់​។



​វិញ្ញាសា​រត់​កុម្ម៉ង់ដូ​ចម្ងាយ​៤​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​ចម្ងាយ​១,៥​គីឡូម៉ែត្រ​ទម្ងន់​៥០​គីឡូក្រាម​កាត់​ឧបសគ្គ គឺ​ត្រូវបាន​គណកម្មកា​រដាក់​ឲ្យ​ប្រកួតប្រជែង​សម្រាប់​អត្ត​ពលិកម​ក​ពី​អង្គភាព​កងទ័ព​, ស៊ីវិល និង​មហាជន​។ ចំណែក​វិញ្ញាសា​រត់​កុម្មង់​ដូ​ចម្ងាយ​៣​គីឡូម៉ែត្រ សែង​ហ្វ្រ​ង់​កា​១​គីឡូម៉ែត្រ​ទម្ងន់​៥០​គីឡូក្រាម​កាត់​ឧបសគ្គ គឺ​សម្រាប់​អត្ត​ពលិកម​ហា​ជន​។ 

​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង​នៃ​ការរៀបចំ លោក​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​កីឡា​កងទ័ព​រូបនេះ​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​បំណង​ធំៗ​៤ គឺ​ដើម្បី​អបអរ​ទិវា​រំដោះជាតិ​៧​មករា​, ដើម្បី​ប្រមូល​និ​ធិ​ជួយ​សហគម​អតីតយុទ្ធជន​កម្ពុជា​, ដើម្បី​បំផុស​ពី​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​មហាជន​បាន​ស្គាល់ និង​ដើម្បី​បង្កើត​សហប្រតិបត្តិការ​រវាង​មហាជន និង​កងទ័ព​។ 

​ក្រៅពី​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ក៏មាន​ការតាំងពិព័រណ៍​ផលិតផល​កម្ពុជា និង​កងទ័ព​ផងដែរ ជាពិសេស​មានការ​តាំង​បង្ហាញ​នូវ​ផលិតផល​ដែល​បម្រើ​ឲ្យ​កងទ័ព​ដូចជា​រថយន្ត និង​រថពាសដែក​ថែម​ទៀតផង​។ អ្វីដែល​អស្ចារ្យ​នោះ​គឺមាន​ការប្រគុំ​តន្ត្រី​ដោយមាន​ការចូលរួម​ពី​តារាចម្រៀង​ល្បី លោក ព្រាប សុវត្ថិ និង​ក្រុម​កំ​ប្លែក​នាយ ពែ​ក មី ផងដែរ​។ លើសពីនេះ​មានការ​សម្តែង​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​របស់​កងយោធពល​ពិសេស​ថែម​ទៀតផង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុភា​រិ​ទ្ធ បាន​បញ្ជាក់ថា ការដាក់​តាំង​បង្ហាញ​រថយន្ត ក៏ដូចជា​រថពាសដែក​មិនមែន​ដើម្បី​បំភ័យ ឬ​អួត​ប្រទេសជិតខាង​នោះឡើយ ពោលគឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ពី​ឧបករណ៍​កងទ័ព​ឲ្យ​កាន់តែច្បាស់​ថែមទៀត ដើម្បី​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សម្តែង​ការពេញចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​កីឡា​កងទ័ព​នេះ​។ លោក​បាន​ចាត់ទុកថា វា​ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​កងទ័ព និង​ប្រជាពលរដ្ឋ​ស្គាល់គ្នា​កាន់តែច្បាស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com