អន្តរជាតិ
អាមេរិក ប្រើ​លេស​ដំណោះស្រាយ​រដ្ឋ​ពីរ​កុំ​ឲ្យ​អ៊ីស្រាអែល​ខឹង ក្រោយ​ការបោះឆ្នោត​នៅ​UN ​
25, Dec 2016 , 9:39 pm        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី (រូបភាព Xinhua)
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី (រូបភាព Xinhua)
ប្រមុខ​ការទូត​អាមេរិក បាន​ចេញមក​ការពារ​ការសម្រេចចិត្ត​របស់ខ្លួន ដែល​មិន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ឈប់​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ បន្ទាប់ពី​ការបោះឆ្នោត​នេះ អ៊ីស្រាអែល​បាន​ទិតៀន​ខ្លាំងៗ​លើ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ថែមទាំង​ពិចារណា​លើ​ទំនាក់​ទំនងជា​មួយអង្គ​ការ​សហប្រជាជាតិ ហើយ​ថែមទាំង​កោះហៅ​មន្ត្រី​ទូត​របស់ខ្លួន​ពី​ណូ​វ៉ែល​សេ​ឡង់​ទៀតផង​។


​ឆ្លើយតប​នឹង​ការរិះគន់​ពី​សំណាក់​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល អាមេរិក បានការ​ពារ​ជំហរ​របស់ខ្លួន​ដែល​បោះឆ្នោត​អនុប្បវាទ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​បាន​បើកផ្លូវ​ឲ្យ​មានការ​ថ្កោលទោស​អ៊ីស្រាអែល​ចំពោះ​សកម្មភាព​រំលោភ​ទឹកដី​ប៉ា​លេ​ស្ទី​ន​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី (John Kerry) អះអាងថា សកម្មភាព​អ៊ីស្រាអែល បាន​បង្កើតជា​ភេរវកម្ម និង​អំពើហិង្សា​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​។​

​លោក ឃែ​រី សង្កត់ធ្ងន់ថា ការប៉ុនប៉ង​របស់​អ៊ីស្រាអែល​ក្នុង​ការសាងសង់​ផ្ទះសម្បែង ឬ​សហគមន៍​ក្នុង​តំបន់​ប្រទាញប្រទង់​រួមទាំង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ដែរនោះ បង្ក​ជា​គ្រោះថ្នាក់​ដល់ «​ដំណោះស្រាយ​រដ្ឋ​ពីរ​» រវាង​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន​។ លោក​បន្តថា​៖ «​អ្វីដែល​អាមេរិក​ធ្វើ​មាន​គោលដៅ​សំខាន់​មួយ គឺ​ការពារ​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​រដ្ឋបាល​អាមេរិក​គ្រប់​ជំនាន់​ប្រកាន់យក​ជា​ដំណោះស្រាយ​រវាង​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន​។​

​នៅ​ថ្ងៃ​សុក្រ​ទី ២៣ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខ​បានសម្រេច​អនុម័ត​ដំណោះស្រាយ​នេះ​ជា​ផ្លូវការ ។ សហរដ្ឋអាមេរិក​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អ៊ីស្រាអែល មិនបាន​ផ្តល់​ការការពារ​ផ្នែក​ការទូត​ដល់​អ៊ីស្រាអែល​ឡើយ​។ អាមេរិក​មិនបាន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ទេ ចំពោះ​ដំណោះស្រាយ​ដែល​ទិតៀន​អ៊ីស្រាអែល​ដែល​បន្ត​រំលោភបំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​នោះ​។ អ៊ីស្រាអែល​ខឹងសម្បារ​ខ្លាំង ដោយបាន​រិះគន់​រដ្ឋបាល​លោក អូ​បា​ម៉ា មិន​សំចៃមាត់​។​

​សម្តី​អ៊ីស្រាអែល​ប្រើប្រាស់​លើក​នេះ ហាក់​ធ្ងន់​បន្តិច​ហើយ​សម្រាប់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នោះ​។ ហើយ​វា​ជាការ​ប៉ះទង្គិច​គ្នា​ផ្នែក​ការទូត​ចុងក្រោយ​បំផុត​មួយ​មុនពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាក​ចេញពី​តំណែង​។ ប៉ុន្តែ​បើតាម​សារព័ត៌មាន Fox News ប្រមុខ​ការទូត​អាមេរិក ក៏​បញ្ជាក់ដែរថា អាមេរិក មិនមែន​យល់ព្រម​ទាំងស្រុង​លើ​ដំណោះស្រាយ​ខាងលើ​ឡើយ តែ​វា​ជា​រឿង​ត្រឹមត្រូវ​ក្នុងការ​ថ្កោលទោស​អំពើហិង្សា​ដែល​បានកើត​ឡើង​។​

​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែធ្នូ សមាជិក​ចំនួន​១៤​ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ បាន​បោះឆ្នោត​យល់ព្រម​លើ​ដំណោះស្រាយ​ខាងលើ​។ លោកស្រី Samantha Power តំណាង​អាមេរិក បាន​បោះឆ្នោត​អនុប្បវាទ​។ នេះ​ជា​ដំណោះស្រាយ​លើកដំបូង​ស្ដីពី​អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន ដែល​ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ក្នុង​រយៈពេល​ជិត​៨​ឆ្នាំ​មកនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com