អន្តរជាតិ
ប៉ា​គី​ស្ថាន​គំរាម​ប្រើ​នុយក្លេអ៊ែរ​កម្ទេច​អ៊ីស្រាអែល ព្រោះ​ទទួល​ព័ត៌មាន​ក្លែងក្លាយ​
26, Dec 2016 , 4:23 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Muhammad Asif (រូបភាព RT)
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Muhammad Asif (រូបភាព RT)
​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ កំពុង​ក្លាយជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​។ ដោយសារតែ​ព័ត៌មាន​ក្លែងក្លាយ​នេះ ទំនាក់ទំនង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ពីរ គឺ​អ៊ីស្រាអែល និង​ប៉ា​គី​ស្ថាន ហៀបនឹង​ធ្លាក់​ទៅរក​ស្ថានការណ៍​អាក្រក់ ដោយ​ប្រមុខ​ការពារជាតិ​ប៉ា​គី​ស្ថាន​បាន​គំរាម​វាយប្រហារ​លើ​អ៊ីស្រាអែល បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​គេហទំព័រ​មិន​ពិត​មួយ​ដែល​ផ្សាយ​ថា អ៊ីស្រាអែល នឹង​វាយ​ប៉ា​គី​ស្ថាន បើ​ប្រទេស​នេះ​ហ៊ាន​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​។​



​ការប្រឈមមុខ​នុយក្លេអ៊ែរ​វាង​ប៉ា​គី​ស្ថាន និង​អ៊ីស្រាអែល ស្ទើរតែ​ផ្ទុះឡើង​ទៅហើយ ក្រោយ​រដ្ឋមន្ត្រី​ការពារជាតិ​ប៉ា​គី​ស្ថាន Khawaja Muhammad Asif បាន​គំរាម​ប្រើ​នុយក្លេអ៊ែរ​ប្រឆាំង​អ៊ីស្រាអែល​។ លោក Khawaja Muhammad Asif បាន​គំរាម​ដូចនេះ ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អ៊ីស្រាអែល ដែល​ផ្សាយ​ដោយ​គេហទំព័រ​ព័ត៌មាន​ក្លែងក្លាយ AMD ។​

​ក្នុងការ​ផ្សាយ​នៅ​ថ្ងៃទី​២០ ខែធ្នូ គេហទំព័រ AWD បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល Moshe Ya'alon បាន​គំរាម​ប្រើ​នុយក្លេអ៊ែរ​ប្រឆាំង​ប៉ា​គី​ស្ថាន បើ​ប្រទេស​នេះ​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​នោះ​។ AWD បាន​ស្រង់​សម្ដី​លោក Moshe ថា​៖ « នេះ​ជាការ​គំរាម​។ បើ​ទ័ព​ប៉ា​គី​ស្ថាន​ទៅ​ស៊ី​រី យើង​នឹង​កម្ទេច​ពួកគេ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​»​។​

​ទំនងជា​ឆ្លើយតប​នឹង​ការផ្សាយ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ប៉ា​គី​ស្ថាន Khawaja Muhammad Asif ក៏បាន​សរសេរ​សារ​ព្រមាន​អ៊ីស្រាអែល​វិញ​។ លោក​បាន​សរសេរ​លើ Twitter របស់លោក​នៅ​ថ្ងៃទី​២៤ ខែធ្នូ ថា​៖ «​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល គំរាម​វាយប្រហារ​ប៉ា​គី​ស្ថាន​ដោយ​ប្រើ​នុយក្លេអ៊ែរ​ជុំវិញ​ជម្លោះ​នៅ​ស៊ី​រី​។ ប៉ុន្តែ​អ៊ីស្រាអែល​ភ្លេច​ថា ប៉ា​គី​ស្ថាន ក៏មាន​នុយក្លេអ៊ែរ​ដែរ​»​។​

​យ៉ាងណាមិញ ភា្ល​មៗ​បន្ទាប់ពី​មានការ​គំរាម​ពី​ប្រមុខ​ការពារជាតិ​ប៉ា​គី​ស្ថាន អ៊ីស្រាអែល ក៏បាន​ចេញមក​បកស្រាយ​វិញ​ភ្លាម​ដែរ​។ បើតាម​សារព័ត៌មាន RT ក្រសួងការពារជាតិ​អ៊ីស្រាអែល​ចាត់ទុក​ព័ត៌មាន​ខាងលើ ជា​រឿង​មិន​ពិត ព្រោះ​លោក Moshe លាឈប់​ពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​តាំងពី​ខែឧសភា​មក​។ ម្យ៉ាងទៀត លោក Moshe ក៏​មិនដែល​និយាយ​ដូច​ការចុះផ្សាយ​របស់គេ​ហ​ទំព័រ AWD ដែរ​។ 


Tag:
 ​អ៊ីស្រាអែល​
  ប៉ា​គី​ស្ថាន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com