បទយកការណ៍ / បទសម្ភាសន៍
សិលា​ចារិក​ភាសា​អារ៉ាប់​លើ​ភ្នំ​បាខែង ត្រូវបាន​រកឃើញ​នៅ​អំឡុង​ឆ្នាំ​១៩២០
27, Dec 2016 , 8:39 am        
រូបភាព
 
​សៀមរាប​៖ ជា​រឿង​មួយ​កម្រ ដែល​អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​សិលា​ចារិក​មួយ​ផ្ទាំង​ជា​ភាសា​អារ៉ាប់​នៅក្នុង​ប្រាសាទខ្មែរ​។ សិលា​ចារិក​នេះ ត្រូវបាន​ប្រទះឃើញ​នៅលើ​ភ្នំ​បាខែង ពេលដែល​ចាប់ផ្តើម​ការដ្ឋាន​ជួសជុល​ប្រាសាទ​នេះ​ជា​លើកដំបូង​។ អ្នកសិក្សា​ស្រាវជ្រាវ​បាន​ពន្យល់ថា វា​ត្រូវបាន​ចារ​ឡើង​ដោយ​អ្នក​ក្នុងស្រុក ដោយ​មិនមែនជា​ជនជាតិ​អារ៉ាប់​ផ្ទាល់​នោះទេ ហើយ​វា​ក៏បាន​ចារ​ឡើង​អំឡុងពេល​ការរៀបចំ​ភ្នំ​បាខែង​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​សាសនា​វិញ នៅ​សតវត្សរ៍​ទី​១៦​។​


​លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​បាន​ពន្យល់ថា ផ្ទាំងសិលា​ដែល​ចារ​ជា​ភាសា​អារ៉ាប់ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឆ្នាំ​១៩២០ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​នៃ​សាលា​បារាំង​ចុង​បូព៌ា​នៅក្នុង​ឆ្នាំ​១៩២២ ដោយបាន​ប្រែជា​ភាសា​បារាំង​ផង​។ លោក​បន្តថា នៅ​ឆ្នាំ​១៩៧១ អ្នកប្រាជ្ញ​បារាំង​ម្នាក់​ដែល​បាន​សិក្សា​ពី​ស្ថាបត្យកម្ម​នៅ​ភ្នំ​បាខែង ក៏បាន​លើក​មក​និយាយ​ម្តងទៀត និង​ចុងក្រោយ​នៅ​ចុង​ទសវត្សរ៍​៩០​។​
 
​លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​មាន​សិលា​ចារិក​ក្នុង​ប្រាសាទ​របស់​ខ្មែរ​ថា ដោយសារ​នៅ​សតវត្សរ៍​ទី​១៦ អង្គរ​ជា​ទឹកដី​របស់​ព្រះ មានន័យថា វា​ពុំមែន​ជា​កម្មសិទ្ធិ​របស់​សាសនា​ណាមួយ​ឡើយ ករណី​ដូច​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម ដែលមាន​សាសនា​៣ និង​ករណី​មួយទៀត​នៅ​អង្គរវត្ត គឺមាន​ទាំង​ជនជាតិ​ជប៉ុន និង​ព្រះសង្ឃ​ជប៉ុន​ដែល​មក​គោរព និង​រហូតដល់​សរសេ​រ​អក្សរ​នៅលើ​ផ្ទាំង​ថ្ម​។

ក្រៅពីនេះ​មាន​ភាសា ភូមា ចាម្ប៉ា និង​អារ៉ាប់​នេះ ដូច្នេះ​អង្គរ​ជា​ដែនដី​របស់​ព្រះ ទីកន្លែង​ស័ក្តិសិទ្ធិ ទើប​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​មក​គោរពបូជា​។ នេះ​បើតាម​លោក អ៊ឹម សុខ​រិទ្ធី​។​

 សូម​ស្តាប់​បទ​សម្ភាស​រវាងអ្នកស្រី អ៊ីសា រ៉ហានី ជាមួយលោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដូច​ទៅ៖​ 





 

Tag:
 ​សិលា​ចារិក​ភាសា​អារ៉ាប់​
  អ៊ឹម សុខ​រិទ្ធី​
  ភ្នំ​បាខែង
© រក្សាសិទ្ធិដោយ thmeythmey.com