អន្តរជាតិ
នយោបាយអន្តរជាតិ
អូបាម៉ាអួតថាខ្លួនអាចឈ្នះឆ្នោតបើឈរឈ្មោះម្តងទៀត តែត្រាំ តបវិញថា «គ្មានផ្លូវ»ទេ
×
ប្រធានាធិបតីចប់អាណត្តិ បារ៉ាក់ អូបាម៉ា បានអួតថា លោកនឹងទទួលបានការគាំទ្រច្រើនពីប្រជាជនអាមេរិក បើរដ្ឋធម្មនុញ្ញមិនបានរារាំងលោកពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិទី៣ ។ យ៉ាងណាក្ដី ប្រធានាធិបតីជាប់ឆ្នោតមកបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានឆ្លើយតបនឹងការលើកឡើងនេះវិញថា លោកអូបាម៉ា គ្មានផ្លូវឈ្នះលោកបានឡើយ។
លោក បារ៉ាក់ អូបាម៉ា គ្មានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទី៣ ឡើយដ្បិតរដ្ឋធម្មនុញ្ញអាមេរិកអនុញ្ញាតឲ្យប្រធានាធិបតីម្នាក់កាន់តំណែងតែ២អាណត្តិប៉ុណ្ណោះ។ ប៉ុន្តែលោកអះអាងថា បើលោកពិតជាអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦ បាន លោកនឹងផ្ដួលបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ដើម្បីបន្តកាន់តំណងប្រធានាធិបតីមិនខាន។
ក្នុងបទសម្ភាសន៍មួយផ្សាយនៅសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែធ្នូ ជាមួយលោក David Axelrod លោក អូបាម៉ា បង្ហាញការជឿជាក់ថា ប្រជាជនអាមេរិកនឹងនៅតែគាំទ្រទស្សនវិស័យរបស់លោក ហើយលោកមានទំនុកចិត្តថា ប្រសិនបើឈរឈ្មោះមួយអាណត្តិទៀត លោកពិតជាអាចទទួលការគាំទ្រច្រើនពីប្រជាជនអាមេរិក។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា លោកបានលើកឡើងពីគោលការណ៍របស់លោក អំឡុងពេលការបោះឆ្នោតឆ្នាំ២០០៨ ដែលផ្ដោតលើក្ដីសង្ឃឹម និងការផ្លាស់ប្ដូរ។
ប្រតិកម្មតបតនឹងការលើកឡើងនេះ លោក ដូណាល់ ត្រាំ ដែលបានឈ្នះលោកស្រី ហ៊ីឡារី គ្លីនតុន ក្លាយជាប្រធានាធិបតីអាមេរិកនោះ បានឆ្លើយតបតាមរយៈគណនី Twitter ថា លោកអូបាម៉ា គ្មានផ្លូវផ្ដួលរូបលោកបានទេ។ ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងពីចំណុចខ្សោយរបស់លោក អូបាម៉ា រួមមានការងើបឡើងក្រុមរដ្ឋឥស្លាម, ការបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកទៅរកក្រៅប្រទេស ក៏ដូចជាច្បាប់សុខាភិបាលផងដែរ។
សូមរម្លឹកថា ក្នុងការបោះឆ្នោតខែវិច្ឆិកា លោក ដូណាល់ ត្រាំ ដែលបានផ្ដួលលោកស្រី គ្លីនតុន ដោយលោកទទួលបានចំនួនប្រតិភូតំណាងច្រើនជាង២៧០ នៃចំនួនសរុប៥៣៨ ។ វាជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយ។ ប៉ុន្តែបើគេរាប់ចំនួនអ្នកបោះឆ្នោតឲ្យបេក្ខជននីមួយៗនោះ លោកស្រី គ្លីនតុន ទទួលបានសំឡេងគាំទ្រលើសលោក ត្រាំ ដល់ទៅជាង២លានសំឡេងឯណោះ។
ជាមួយជ័យជម្នះនេះ លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក នឹងចូលកាន់តំណែងនៅសេតវិមានជំនួសលោក អូបាម៉ា ក្រោយការស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ។ ជ័យជម្នះរបស់លោក ក៏មិនកើតឡើងដោយរលូនដែរ ប្រជាជនអាមេរិកជាច្រើន បានចេញមកតវ៉ាជំទាស់លទ្ធផលបោះឆ្នោត។ យ៉ាងណាក្ដី លទ្ធផលមិនអាចកែប្រែបានឡើយ ហើយលោក ត្រាំ នឹងក្លាយជាប្រធានាធិបតីនាពេលខ្លីខាងមុខ ជាមួយនឹងគោលនយោបាយដ៏ចម្រូងចម្រាស៕
Tag:
អាមេរិក
បារ៉ាក់ អូបាម៉ា
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com