កីឡាជាតិ
ការប្រកួត​កីឡា​ក្នុង​បុណ្យ​សមុទ្រ​បានបញ្ចប់​យ៉ាង​ល្អ​ទោះបី​មាន​បញ្ហា​រឿង​ទីតាំង​
28, Dec 2016 , 8:59 am        
រូបភាព
ដោយ:
 
​ក្រោយ​ប្រារព្ធ​ធ្វើឡើង​អស់​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ ឆ្នាំ​២០១៦ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៥ បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ​។ លោក វ៉ា់​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​វាយតម្លៃ​ចំពោះ​សកម្មភាព​កីឡា​ទាំង​៣​ថ្ងៃ​ថា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទោះបី​មាន​បញ្ហា​ទីតាំង​ប្រកួត​ក៏ដោយ​។​

 
​កីឡា​៣​ប្រភេទ​ក្នុងចំណោម​១២​ប្រភេទ​ដែល​ដាក់​ឲ្យ​ចូលរួម​ប្រកួត​និង​សម្តែង​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៥​នា​ខេត្ត​ព្រះសីហនុ ត្រូវបាន​គណៈកម្មការ​សម្រេច​លុបចោល​ការប្រកួត និង​សម្តែង​ដោយសារ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​មិន​អនុញ្ញាត​ឲ្យ​យក​ទីតាំង​ឆ្នេរ​ដើម្បី​រៀបចំ​ការប្រកួត​។ ប៉ុន្តែ​កីឡា​៩​ប្រភេទ​ផ្សេងទៀត​ត្រូវបាន​ថ្នាក់ដឹកនាំ​វាយតម្លៃថា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ជោគជ័យ​ក្រៃលែង ព្រមទាំង​ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​
 
​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់​» ដោយ​ទទួលបាន​ការចូលរួម​បើក​ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន សន្តិសុខ និង​សណ្តាប់ធ្នាប់​ត្រូវបាន​អាជ្ញាធរខេត្ត​រឹតបន្តឹង​យ៉ាង​តឹងរឹង​បំផុត​។ ការ​រឹតបណ្តឹង​ផ្នែក​សន្តិសុខ​នៅ​ឆ្នេរ​ឯករាជ្យ និង​តាមរយៈ​ការរំលោភ​យក​តំបន់ឆ្នេរ​របស់​វិស័យ​ឯកជន​ដែល​មិន​អនុញ្ញាត​ឲ្យ​យក​ទីតាំង​ឆ្នេរ​ដើម្បី​រៀបចំ​ការប្រកួត​កីឡា បានធ្វើ​ឲ្យ​កីឡា​៣​ប្រភេទ​ត្រូវបាន​លុបចោល​ការប្រកួត ក្នុងនោះ​រួមមាន​ល្បុក្កតោ ចំបាប់ និង​តេ​ក្វាន់​ដូ WTF​។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​វាយតម្លៃ​សកម្មភាព​កីឡា​ទាំង​៣​ថ្ងៃ​យ៉ាង​ដូច្នេះ​ថា​៖«​មកដល់ពេលនេះ​យើង​បានបញ្ចប់​សកម្មភាព​កីឡា​ទាំងស្រុង ចាប់ពី​ថ្ងៃទី​២៣ ខែធ្នូ ទាំង​ប្រភេទ​កីឡា​សម្តែង និង​ប្រកួត​បានបញ្ចប់​ដោយ​រលូន ដោយមាន​ការចូលរួម​ពី​កីឡាករ​កីឡាការិនី​ថ្នាក់ជាតិ និង​កីឡាករ​កីឡាការិនី ព្រមទាំង​មហាជន​ក្នុង​ខេត្ត​ព្រះសីហនុ​»​។    
 
​ក្រោយ​ឆ្លង​ការ​ការប្រកួត និង​សម្តែង​អស់​រយៈពេល​៣​ថ្ងៃ​ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង​៩​ដែល​បាន​ដំណើរការ គេ​សង្កេតឃើញថា រត់ប្រណាំង និង​ប្រណាំង​កង់​ជា​កីឡា​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ជាងគេ បន្ទាប់មក​គឺ​កីឡាប្រដាល់​គុន​ខ្មែរ បាល់ទះ​ឆ្នេរ​ខ្សាច់ និង​បាល់ទាត់​ឆ្នេរ​ខ្សាច់​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ពេញចិត្ត និង​កោតសរសើរ​នោះ គឺ​កីឡា​ប្រណាំង​ម៉ូតូ​ទឹក ទូកក្តោង និង​កីឡា​ហោះហើរ​។​
 
​ក្នុងចំណោម​កីឡាករ​ដែល​ចូលរួម​ប្រកួត​កីឡា​រត់ប្រណាំង ប្រណាំង​កង់ បាល់ទះ​ឆ្នេរ​ខ្សាច់ និង​បាល់ទាត់​ឆ្នេរ​ខ្សាច់​ត្រូវបាន​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បញ្ជាក់ថា ភាគច្រើន​ជា​កីឡាករ​កីឡាការិនី​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មកពី​តាម​គ្រឹះស្ថានសិក្សា​នានា​ផ្ទាល់​តែម្តង​ដែលមាន​រហូតដល់​ជិត​១​ពាន់​នាក់​។ ក្រៅពីនេះ​ជា​កីឡាករ​អាជីព​ដែល​មកពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។ 
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ក៏បាន​វាយតម្លៃ​ផងដែរ​ពាក់ព័ន្ធ​ទៅនឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដោយ លោក បាន​ប៉ាន់ប្រមាណ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា​៥០​ម៉ឺន​នាក់​។ 
 
​ក្នុងនោះ លោក វាយតម្លៃថា ថ្ងៃទី​១​មាន​ប្រមាណ​ជា​១០​ម៉ឺន​នាក់ រីឯ​ថ្ងៃទី​២​ជាង​២០​នាក់ និង​ថ្ងៃទី​៣​ជាង​១០​នាក់​។ ប៉ុន្តែ​ចំនួន​នេះ​មិនបាន​ឆ្លើយតប​នៅ​នឹង​ការ​រំ​ពឺ​ង​របស់លោក​នោះឡើយ ដោយ​លោក​បានដាក់​ក្តី​រំពឹង​រហូតដល់​ជិត​១​នាក់​។ គួរ​បញ្ជាក់ថា កីឡា​ទាំង​៣​ប្រភេទ​ដែល​មិនបាន​ធ្វើការ​ប្រកួត​រួមមាន ល្បុក្កតោ ចំបាប់ និង​តេ​ក្វាន់​ដូ WTF៕
 










Tag:
 បុណ្យ​សមុទ្រ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com