អន្តរជាតិ
បក្ស​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ប្រេះឆា ដ្បិត​សមាជិកសភា​បក្ស​នេះ រត់​ទៅ​បើក​បក្ស​ថ្មី​
27, Dec 2016 , 5:21 pm        
រូបភាព
​គណបក្សកាន់អំណាច​កូរ៉េខាងត្បូង Saenuri របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ កំពុង​ប្រេះឆា​យ៉ាងខ្លាំង ក្រោយពេល​លោកស្រី ប៉ាក ត្រូវបាន​សភា​បោះឆ្នោត​ព្យួរ​តំណែង​ជា​ប្រធានាធិបតី​រួចមក​។ ចុងក្រោយ​នេះ សមាជិកសភា​មកពី​គណបក្ស Saenuri នេះ ក៏បាន​ចាក​ចេញពី​បក្ស និង​ប្រកាស​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៧ ខាងមុខ​។​



​នៅ​ថ្ងៃទី​២៧ ខែធ្នូ សមាជិកសភា​បក្ស​កាន់អំណាច​កូរ៉េខាងត្បូង Saenuri ចំនួន​២៩​នាក់ បានសម្រេច​ចិត្ត​ចាក​ចេញពី​បក្ស ខណៈដែល​សំណុំរឿង​ពុករលួយ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ធម្មនុញ្ញ​ហើយ​។ សមាជិកសភា​ទាំង​២៩​រូបនេះ ទំនងជា​សមាជិកសភា​ដែល​បាន​បោះឆ្នោត​ទម្លាក់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅក្នុង​សភា​កាលពីដើម​ខែធ្នូ​នេះ​។​

​បើតាម​សារព័ត៌មាន Yonhap សមាជិកសភា​មួយក្រុម​នេះ នឹង​បង្កើត​ក្រុម​ចរចា​នៅ​សភា​ខ្លួនឯង ហើយ​បង្កើត​គណបក្ស​ថ្មី ដែលមាន​និន្នាការ​អភិរក្ស​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧​។ ការចាកចេញ​នេះ ធ្វើ​ឲ្យ​បក្ស​កាន់អំណាច Saenuri បាត់បង់​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន​កៅអី​សរុប​៣០០ ។ បក្ស​នេះ នៅសល់​អាសនៈ​តែ​៩៩​ប៉ុណ្ណោះ និង​ស្ថិតនៅ​លំដាប់​ទី​ពីរ​បន្ទាប់ពី​បក្សប្រឆាំង​ប្រជាធិបតេយ្យ​ដែលមាន​កៅអី​១២១ ។

​ក្រុម​សមាជិកសភា​ផ្ដាច់ខ្លួន​នេះ បាន​និយាយថា ក្រុម​អ្នក​ស្មោះត្រង់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​បំ​ភេ្ល​ច​គុណ​តម្លៃ​នៃ​គំនិត​អភិរក្សនិយម ដែល​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​ប្រជាជន​។ ក្រុម​នេះ​ក៏​រិះគន់​សម្ព័ន្ធមិត្ត​លោកស្រី ប៉ាក ដែល​មិន​ខ្វល់​ពី​គំនិត​ប្រជាជន ហើយ​បែរជា​ការពារ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ លើ​សំណុំរឿង​ពុករលួយ​ទៅវិញ​។ ក្រុម​ផ្ដាច់ខ្លួន​ដដែល​នេះ​រំពឹង​ទទួល​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ ដែល​មិន​ពេញចិត្ត​លោកស្រី ប៉ាក ។​

​ដោយឡែក ថ្នាក់ដឹកនាំ​បក្ស Saenuri វិញ មិន​សប្បាយចិត្ត​ឡើយ​នឹង​ការចាកចេញ​របស់​សមា​ជិ​ក​សភា​បក្ស​ខ្លួន​។ លោក In Myung-jin បេក្ខជន​ប្រធាន​បក្ស Saenuri និយាយថា លោក​ពិតជា​ខកចិត្ត​ណាស់​។ ដោយសារ​ពួកគេ​បាន​ចាកចេញ​ហើយ លោក​សង្ឃឹមថា បក្ស​ថ្មី​នេះ​នឹង​ទទួល​ការគាំទ្រ​ពី​ប្រជាជន​។ យ៉ាង​ក៏ដោយ លោក​ក៏​មិន​ភ្លេច​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ដទៃទៀត បញ្ចុះបញ្ចូល​សមាជិក​នៅ​សល់​កុំ​ចាកចេញ​ទៀត​។​
 
​បក្ស​អភិរក្ស Saenuri ប្រឈមមុខ​បញ្ហា​ខ្លាំង ចាប់តាំងពី​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ។ រឿងរ៉ាវ​ក៏​ចេះតែ​បន្ត រហូតដល់​ការបោះឆ្នោត​ទម្លាក់​តំណែង​របស់​លោកស្រី ប៉ាក ។ ពេលនេះ ជោគវាសនា​របស់លោក​ស្រី ស្ថិតក្នុង​ដៃ​តុលាការ​ធម្មនុញ្ញ ដែល​នឹង​កំណត់ថា ការបោះឆ្នោត​ទម្លាក់​របស់​សភា អាច​យកជាការបាន​ឬ​អត់​៕ 


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
  Saenuri
© រក្សាសិទ្ធិដោយ thmeythmey.com