កីឡាជាតិ
ជាតិ
លោក សុខ ហុង ចាត់ទុក​វគ្គ​បំប៉ន​ប​ច្ចេកទេស​កីឡា​កាយសម្ព័ន្ធ​ជា​ខ្សែបន្ទាត់​ដ៏​សំខាន់​សម្រាប់​ស៊ី​ហ្គេម​
28, Dec 2016 , 7:39 pm        
រូបភាព
រូបភាពពី៖ហ្វេសប៊ុកគ្រួសារ របស់ខ្ញុំ
រូបភាពពី៖ហ្វេសប៊ុកគ្រួសារ របស់ខ្ញុំ
ដោយ:
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានចាត់ទុក​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​ការ​បំប៉ន​បច្ចេកទេស និង​ជំនាញ​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ជា​ខ្សែបន្ទាត់​មួយ​ដ៏​សំខាន់​ក្នុងការ​សម្រួច​ទិសដៅ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ វគ្គ​សិក្សា​នេះ​ធ្វើឡើង​រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២-២៧ ខែធ្នូ នៅ​សាល​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​គ្រូឧទ្ទេស​ជនជាតិ​ជប៉ុន Yasunori Tachibana​។ 



​លោក​ឧកញ៉ា សុខ ហុង អនុប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បានចាត់ទុក​វគ្គ​បំប៉ន​បច្ចេកទេស និង​ជំនាញ​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​ដែល​រៀបចំ​ដោយ​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ជា​ទិសដៅ​បណ្តុះ​ធនធាន​គ្រូ​ជំនាញ និង​កីឡាករ​វ័យក្មេង​ដ៏​សំខាន់ ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។



​ការចាត់ទុក​បែបនេះ​ដោយសារ​លោក​យល់ឃើញថា គ្រូ​ជំនាញ​ជា​ខ្សែបន្ទាត់​មួយ​ដ៏​សំខាន់​ក្នុងការ​ដឹកនាំ ក៏​ដូច​តម្រង់ទិស​ឲ្យ​ស្របទៅតាម​និយាម​បច្ចេកទេស​អន្តរជាតិ ប្រសិនបើ​គ្រូ​ជំនាញ​មិន​ច្បាស់លាស់​ការ​បង្វឹក​ក៏​មិនអាច​មានគុណ​ភាព​នោះដែរ​។

«​វគ្គ​បណ្តុះបណ្តាល​គ្រូ​ជំនាញ និង​ការអភិវឌ្ឍន៍​កីឡាករ​វ័យក្មេង​នេះ គឺជា​វគ្គ​ដែល​សំខាន់បំផុត​សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ ព្រោះ​គ្រូ​ជំនាញ​ជា​ខ្សែបន្ទាត់​ដ៏​សំខាន់​សម្រាប់​តម្រង់ទិស​ឲ្យ​ស្របតាម​និយាម​បច្ចេកទេស​អន្តរជាតិ បើ​គ្រូបង្វឹក​មិន​យល់ច្បាស់​ពី​បច្ចេកទេស ការបង្ហាត់​មិនអាច​ទទួលបាន​គុណភាព​ជាដា់ច់ខាត​»​។ នេះ​ជា​ប្រសាសន៍​របស់លោក សុខ ហុង ក្នុង​ថ្ងៃ​បិទ​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ម្សិលមិញ​។

​លោក​បាន​បន្តទៀតថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ អាស្រ័យហេតុនេះ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុ​ជាមាន​តួនាទី​យ៉ាងសំខាន់ ដើម្បី​រៀបចំ​ក្រុមមន្ត្រី​បច្ចេកទេស និង​កីឡាករ​ដែលមាន​រយៈពេល​៧​ឆ្នាំ​ឲ្យ​មានគុណ​ភាព​ទាំង​មន្ត្រី​បច្ចេកទេស និង​កីឡាករ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ជូន​ប្រទេសជាតិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​»​។ 



​ជាមួយគ្នានេះ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល​នេះ បានចាត់ទុក​វគ្គ​នេះ​ជាការ​ជួយផ្តល់​ចំណេះដឹង​ដល់​គ្រូបង្វឹក​ឲ្យ​ចេះ​រៀបចំ​ផែនការ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​ពី​ថ្នាក់ក្រោម​ជាតិ​ដល់​ថ្នាក់ជាតិ ជាពិសេស​ចេះ​ជ្រើសរើស​អត្ត​ព​លិ​ក​ថ្នាល​ដែលមាន​ទេពកោសល្យ​ពិតប្រាកដ​សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

«​បើសិន​យើង​មានលទ្ធភាព​អាច​រៀបចំ​វគ្គ​បំប៉ន និង​សិក្ខាសាលា​ឲ្យ​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំ​នោះ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​របស់​យើង​កាន់តែ​មានការ​យល់ដឹង ហើយ​អាច​ជំរុញ និង​លើកកម្ពស់​គុណភាព​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឈានទៅ​ទទួលបាន​ភាពជោគជ័យ​ជូន​ប្រទេសជាតិ និង​ឆ្ពោះទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។

​ក្រោយ​ឆ្លងកាត់​វគ្គ​បំប៉ន​បច្ចេកទេស​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​អស់​រយៈពេល​៦​ថ្ងៃ​ក្រោម​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​កម្រិត​ខ្ពស់​ជនជាតិ​ជប៉ុន Yasunori Tachibana មកពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​ប្រទេស​ជប៉ុន និង​អតីត​កីឡាករ​អូឡាំពិក​។ លោក ណ​យ ផា​ណា បាន​វាយតម្លៃថា វគ្គ​បំប៉ន​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​បង្កើន​ការយល់ដឹង​ដល់​គ្រូ​ជំនាញ​ទាំង​លើ​ទ្រឹស្តី និង​អនុវត្តន៍​។ ជាពិសេស​សិក្ខាកាម​ទទួលបាន​បទពិសោធន៍​ល្អៗ​ក្នុងការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​របស់​ខ្លូន​កាន់តែខ្លាំង​ថែមទៀត​។

​ជាមួយគ្នានេះ លោក Yasunori Tachibana បាន​វាយតម្លៃ​ផងដែរ​ថា ក្នុង​ចំ​ណោ​សិក្ខាកាម​ទាំង​២៥​នាក់​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ក្នុងនោះ​សិក្ខា​១០​នាក់​និទ្ទេស​ល្អ រីឯ​១០​នាក់​ផ្សេងទៀត​ទទួលបាន​និទ្ទេស​ល្អ​បង្គួរ និង​៥​នាក់​ទទួលបាន​និទ្ទេស​មធ្យម​។ លោក​រំពឹងថា សិក្ខាកាម​ទាំង​២៥​នាក់​នឹង​យកចំណេះ​ដឹង និង​ជំនាញ​ដ៏​មានតម្លៃ​នេះ​ទៅ​បង្ហាត់បង្ហាញ​តាម​ក្លិប​របស់ខ្លួន​នៅតាម​ខេត្ត​-​ក្រុង​រៀងៗ​ខ្លួន​ដើម្បី​បណ្តុះ​ថ្នាល​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។


 
​គួរ​បញ្ជាក់ថា វគ្គ​បំប៉ន​បច្ចេកទេស​គ្រូបង្វឹក​ជំនាញ និង​ការអភិវឌ្ឍ​រចនាសម្ព័ន្ធ​កីឡា​ជាតិ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥​នាក់​ក្នុងនោះ​មកពី​រាជធានី​ភ្នំពេញ​១១​នាក់​, ក្រចេះ​៤​នាក់​, កំពង់ឆ្នាំង​៥​នាក់​, តាកែវ​៤​នាក់ និង​កំពង់ចាម​១​នាក់​។ ក្រៅពីនេះ​ក៏មាន​ការចូលរួម​ពី​កីឡាករ​កីឡាការិនី​១៨​នាក់​ផ្សេងទៀត​ផងដែរ​។ វគ្គ​បំប៉ន​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ម្សិលមិញ​ធ្វើឡើង​២​វគ្គ​ដាច់ពីគ្នា​គឺ​វគ្គ​ទី​១​ចាប់ពី​ថ្ងៃទី​១០​ដល់ទី​១៦ ខែតុលា និង​វគ្គ​ទី​២​ចាប់ពី​ថ្ងៃទី​២២ ខែធ្នូ ដល់​ថ្ងៃទី​២៧ ដោយមាន លោក Yasunori Tachibana ជនជាតិ​ជប៉ុន​មកពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាយសម្ព័ន្ធ​ប្រទេស​ជប៉ុន និង​ជា​អតីត​គ្រូបង្វឹក​កីឡា​អូឡាំពិក​ជា​គ្រូឧទ្ទេស​៕


Tag:
 ​កាយសម្ព័ន្ធ​
  សុខ ហុង​
  ណ​យ ផា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com