អន្តរជាតិ
ចិន ប្រដូច​អ្នកគាំទ្រ​ឯករាជ្យ​របស់​ហុងកុង​និង​តៃវ៉ាន់ ជាស​ត្វ «​រុយ​»
28, Dec 2016 , 9:39 pm        
រូបភាព
លោក An Fengshan អ្នកនាំពាក្យ​ការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន
លោក An Fengshan អ្នកនាំពាក្យ​ការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន
​មួយរយៈ​ពេល​ចុង​ក្រោយនេះ រលក​នៃ​ការទាមទារ​ឯករាជ្យរ​បស់​ហុងកុង និង​តៃវ៉ាន់ បាន​កើនឡើង​ខ្លាំង​។ នៅ​ហុងកុង មាន​ចលនា​ប្រជាជន​ទាមទារ​ឲ្យ​បញ្ឈប់​ឥទ្ធិពល​ចិន​លើ​ដែន​កោះ​នេះ ខណៈ​នៅ​តៃវ៉ាន់​វិញ រដ្ឋាភិបាល​ថ្មី​ក៏មាន​និន្នាការ​ងាក​ទៅរក​ឯករាជ្យ​ដែរ​។ ប៉ុន្តែ​ក្រុង​ប៉េកាំង​អះអាងថា ការប៉ុនប៉ង​ទាមទារ​ឯករាជ្យ​ណាមួយ នឹងមិន​ជោគជ័យ​ឡើយ គឺ​ប្រៀបបាន​សត្វ​រុយ​ដែល​នឹងត្រូវ​បោក​កម្ទេច​ទៅនឹង​ដី​។



​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៨ ខែធ្នូ បាន​និយាយថា ការព្យាយាម​ចងសម្ព័ន្ធភាព​របស់​អ្នកគាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់ និង​ហុងកុង នឹង​បរាជ័យ ដ្បិត​ពួកគេ​នឹងត្រូវ​ទះ​កម្ទេច​ដូចជា​សត្វ​រុយ​អ៊ីចឹង​។ ក្រុង​ប៉េកាំង​ព្រមាន​ដូចនេះ ខណៈដែល​ចលនា​ទាមទារ​ឯករាជ្យ​នៅ​តំបន់​ទាំងពីរ ហាក់​ពុះកញ្ជ្រោល​ខ្លាំង​។​

​ក្ដី​ព្រួយបារម្ភ​របស់​មេដឹកនាំ​ក្រុង​ប៉េកាំង បាន​កើនឡើង​យ៉ាងខ្លាំង​ជុំវិញ​និន្នាការ​ទាមទារ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ និង​ហុងកុង​។ នៅ​ក្រុង​ហុងកុង ចលនា​ទាមទារ​ឯករាជ្យ បាន​ពុះកញ្ជ្រោល​ខ្លាំង​នា​រយៈពេល​ចុងក្រោយ ជាពិសេស​ការតវ៉ា​ពី​សំណាក់​ក្រុមគាំទ្រ​ប្រជា​ធិ​តេ​យ្យ​។ ហុងកុង ត្រូវបាន​ផ្ទេរ​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​ចិន ក៏​ប្រកាស​ប្រព័ន្ធ​នយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដើម្បី​គ្រប់គ្រង​ក្រុង​នេះ​។​

​ទន្ទឹមគ្នា​នោះ ក្រុង​ប៉េកាំង ក៏​ចាប់ផ្ដើម​សង្ស័យ​សកម្មភាព​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ដែល​ជាប់ឆ្នោត​ជា​ប្រមុខ​ដឹកនាំ​តៃវ៉ាន់​នៅ​ដើមឆ្នាំ​នេះ​។ លោកស្រី Tsai Ing-wen មាន​ប្រភព​មកពី​គណបក្សប្រឆាំង និង​មាន​និន្នាការ​ងាក​ទៅរក​ការប្រកាស​ឯករាជ្យ​រប​ស់កោះ​មួយ​នេះ​។ ចិន តែង​ចាត់ទុក​កោះ​នេះ​ជា​ដែនដី​មួយ​របស់ខ្លួន ហើយក៏​ធ្លាប់​គំរាម​ប្រើ​ទ័ព​ដើម្បី​ដណ្ដើម​ទឹកដី​នេះ​មកវិញ​ដែរ​។​

​ចុងក្រោយ​នេះ ក្រុម​អ្នកគាំទ្រ​ឯករាជ្យ​របស់​តំបន់​ទាំងពីរ បាន​បង្កើន​ទំនាក់ទំនង​ជាមួយគ្នា ដោយ​សកម្មជន​ហុងកុង​បាន​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុងឆ្នាំនេះ​ដែរ​។ យ៉ាងណាក្ដី ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​របស់ខ្លួន ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​រដ្ឋាភិបាល​ចិន បាន​ចេញមក​ព្រមាន​ការទាក់ទង​គ្នា​នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ក្នុង​សន្និសីទកាសែត​ខាងលើ An Fengshan ជា​អ្នកនាំពាក្យ​និយាយថា អ្នកគាំទ្រ​ឯករាជ្យ​តៃវ៉ាន់​មួយក្រុម កំពុង​ព្យាយាម​ដោយ​អត់​បានការ​ក្នុងការ​ទាក់ទង​ជាមួយ​កម្លាំង​គាំទ្រ​ឯករាជ្យ​របស់​ក្រុង​ហុងកុង ដើម្បី​បំបែក​ចិន តែ​ការព្យាយាម​នេះ​មិន​ជោគជ័យ​ឡើយ​។ ដោយ​ហៅ​ក្រុម​អ្នកគាំទ្រ​ឯករាជ្យ​ទាំងនោះ ជា​សត្វ​រុយ អ្នកនាំពាក្យ​ដដែល​នេះ​បាន​ស្រង់​កំណាព្យ​របស់​ប្រធាន ម៉ៅ សេទុង ថា​៖ «​លើ​ផែនដី​ដ៏​តូច​នេះ សត្វ​រុយ​ខ្លះ តែងតែ​ហើរ​បំ​បុក​ខ្លួនឯង​នឹង​ជញ្ជាំង​។ ចុងក្រោយ បានត្រឹមតែ​បាក់ដៃ​ជើង និង​ហូរឈាម​ប៉ុណ្ណោះ​»៕


Tag:
 ​ចិន​
  តៃវ៉ាន់​
  ហុងកុង​
  ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com