អន្តរជាតិ
រុស្ស៊ី រិះគន់​អាមេរិក​ដែល​ផ្គត់ផ្គង់​មី​ស៊ី​ល​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ី​រី​
28, Dec 2016 , 11:59 pm        
រូបភាព
​រដ្ឋបាល​ក្រុង​មូ​ស្គូ ហាក់​មិន​សប្បាយ​ចិត្តនឹង​ច្បាប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០១៧ របស់​អាមេរិក ដែល​លុបចោល​ការហាមឃាត់​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​ស៊ី​រី​។ ក្រុង​មូ​ស្គូ ចាត់ទុក​ការសម្រេចចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ជា​សកម្មភាព​បង្កហេតុ និង​បាន​គំរាមកំហែង​ដោយផ្ទាល់​លើ​កងកម្លាំង​រុស្ស៊ី ដែល​កំពុង​ជួយ​ប្រយុទ្ធ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​ហៅ​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​អនុញ្ញាត​ឲ្យ​មាន​ការលក់​អាវុធ​ឡើងវិញ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម ជា​គោលនយោបាយ​បង្ក​សត្រូវ និង​មាន​គោលដៅ​លើ​កងទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​។ សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត​លក់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម ក្រោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​បាន​បរាជ័យ​ក្នុង​សមរភូមិ Aleppo និង​បាន​បាត់បង់​ការគ្រប់គ្រង​ក្រុង​នេះ​កាលពី​សប្ដាហ៍​មុន​។​

​លោកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ថា ការផ្លាស់ប្ដូរ​នយោបាយ​ស្ដីពី​ការលក់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មានចែង​ក្នុង​ច្បាប់​ថវិកា​ការពារជាតិ​ថ្មី នឹង​នាំ​ឲ្យ​អាវុធ​ទាំងនោះ​ធ្លាក់​ទៅក្នុង​ដៃ​ក្រុម​ជ្រុលនិយម ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​ក្រុម​ឧទ្ទាម​។ នេះ ក៏​ព្រោះតែ​រុស្ស៊ី និង​អាមេរិក នៅ​មិនទាន់​ឯកភាព​លើ​ក្រុម​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​នៅ​ស៊ី​រី​នៅឡើយ​ទេ​។​

​កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​ច្បាប់​ថវិកា​លើ​ការពារជាតិ​សម្រាប់​ឆ្នាំ​២០១៧ ។ តាមរយៈ​ច្បាប់​នេះ អាមេរិក​នឹង​ចាប់ផ្ដើម​លក់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​គាំទ្រ​នៅ​ស៊ី​រី​។ សារព័ត៌មាន Al Jazeera ផ្សាយ​ថា ច្បាប់​ដដែល​នេះ នឹង​ផ្ដល់​អំណាច​ឲ្យ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជូន​មី​ស៊ី​ល​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ផងដែរ​។​

​អ្នកនាំពាក្យ​ខាងលើនេះ​សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​របស់​អាមេរិក គឺជា​ការ​គំរាម​ដោយផ្ទាល់​ដល់​កងកម្លាំង​អាកាស​រុស្ស៊ី ស្ថានទូត​រុស្ស៊ី​ប្រចាំ​ស៊ី​រី ដែល​ធ្លាប់​ត្រូវបាន​វាយប្រហារ​ជាច្រើនលើក​មកហើយ​។ មិនតែប៉ុណ្ណោះ រុស្ស៊ី​ចាត់ទុក​ចំណាត់ការ​របស់​អាមេរិក ជាការ​បង្កហេតុ​ទៀតផង​។​

​សូមបញ្ជាក់ថា រយៈពេល​៦​ឆ្នាំ​នៃ​ជម្លោះ​ស៊ី​រី អាមេរិក និង​រុស្ស៊ី ជួយ​គូបដិបក្ខ​សងខាង ដោយ​អាមេរិក​ជួយ​ក្រុម​ឧទ្ទាម​ប្រឆាំង ប្រយុទ្ធ​តទល់​នឹង​កងទ័ព​រដ្ឋា​ភិ​បាល​ស៊ី​រី ដែលមាន​រុស្ស៊ី​នៅ​ជួយ​ពីក្រោយ​។ អន្តរាគមន៍​ផ្លូវអាកាស​របស់​រុស្ស៊ី បាន​ជួយ​របប​ស៊ី​រី​ដណ្ដើម​ទឹកដី​បាន​យ៉ាងច្រើន ដ្បិត​ក្រុម​ឧទ្ទាម​មិនសូវមាន​យុទ្ធោបករណ៍​ប្រឆាំង​យន្តហោះ​ឡើយ​។ ដូច្នេះហើយ​បានជា​រុស្ស៊ី មិន​សប្បាយចិត្ត ក្រោយ​លឺថា អាមេរិក​នឹង​លក់​មី​ស៊ី​ល​ឲ្យ​ក្រុម​ឧទ្ទាម​នោះ​៕


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  ជម្លោះ​ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com