អន្តរជាតិ
ទោះ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ចិន​ចាត់ទុកជា​«​ក្រដាស​សំរាម​» វា​នៅតែ​ជា​លិ​ខិ​តូ​បក​រណ៍​ប្រវត្តិសាស្ត្រ​
02, Jan 2017 , 9:39 am        
រូបភាព
រូបភាពយោធាចិន ធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង
រូបភាពយោធាចិន ធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង
ដោយ:
តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុងឡាអេ នៅ​ថ្ងៃទី​១២ កក្កដា​ ឆ្នាំមុន បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន ដោយបាន​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន និង​ថែម​អះអាងថា​ចិន បាន​បំពាន​ច្បាប់​អន្តរជាតិ​តាមរយៈ​សកម្មភាព​វាទទី​ដោយ​សកម្មភាព​ឯក​ភាគី​នៅ​តំបន់​មិនទាន់​ដោះស្រាយ​ចប់​នោះ​។ ចិន មិន​ត្រឹមតែ​ប្រកាស​មោឃភាព​សាលក្រម​នោះ​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ថែម​មើល​សាលក្រម​នោះ ប្រៀបប្រដូច​ទៅនឹង​«​ក្រដាស​ដែល​ចោល​»​យ៉ាង​ដូច្នេះ​ឯង​។


​បើទោះបីជា​ចិន មិន​ឲ្យ​តម្លៃ​ចំពោះ​ការសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុងឡាអេ​ក៏ដោយ សាលក្រម​នេះ នៅតែ​ត្រូវបាន​មើលឃើញថា​ជា​លិ​ខិ​តូ​បក​រណ៍​មួយ​ដ៏​សំខាន់​។ ហេតុដែល​សំខាន់​នោះ​គឺ កន្លងមក​បើទោះបីជា​អាស៊ាន​ដែលមាន​សមាជិក​ខ្លួន​រហូតដល់​បួន​ប្រទេស​ជា​ភាគី​ជម្លោះ​ជាមួយនឹង​ចិន​ក៏ដោយ អាស៊ាន មិនដែល​ហ៊ាន​ចេញ​សេចក្តីថ្លែងការណ៍​បន្ទោស​ពី​សកម្មភាព​របស់​ចិន​ម្តងណា​ឡើយ​។ ក៏ប៉ុន្តែ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង បាន​និយាយ​ចំៗ​ដោយ​ផ្អែក​មូលដ្ឋាន​ផ្នែក​ច្បាប់​។

អ្វី​ជា​ចំណុច​ស្នូល​នៃ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​?

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ តុលាការ​បានប្រកាស​សាលក្រម​ស្ថាពរ និង​លក្ខណៈ​ចាប់បង្ខំ​ដូចដែល​បានកំណត់​ក្នុង​មាត្រា ២៩៦ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ និង​មាត្រា​១១ នៃ​ឧបសម្ព័ន្ធ​៧​។ តុលាការ បកស្រាយ​លើ​ចំណុច​សំខាន់​ចំនួន​ប្រាំ​។​

ទីមួយ គឺ​សិទ្ធិ​ប្រវត្តិសាស្ត្រ និង​ចំណុច​ប្រាំបួន​ត្រេ​(nine-dash line) ។ ក្នុង​ចំណុច​នេះ តុលាការ​សម្រេច​ថា ការទាមទារ​របស់​ចិន​លើ​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​គ្រប់គ្រង​ធនធាន​នៅក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង មិន​ស្របតាម​បទបញ្ញត្តិ​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ដែល​ផ្តល់​ដោយ​ច្បាប់​សមុទ្រ​ឡើយ​។ តុលាការ បានកំណត់​សម្គាល់ថា នាវិក និង​អ្នកនេសាទ​ចិន ក៏ដូចជា​រដ្ឋ​ដទៃ​ផ្សេងទៀត បាន​ប្រើប្រាស់​ប្រវត្តិសាស្ត្រ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ថា មិនមាន​ភស្តុតាង​តាម​ប្រវត្តិសាស្ត្រ​ណា​បង្ហាញថា ចិន បាន​អនុវត្ត​សិទ្ធិ​គ្រប់គ្រង​ផ្តាច់មុខ​លើ​ដែនទឹក និង​ធនធាន​នៅ​ទី​នោះឡើយ​។ ដូច្នេះ តុលាការ​សម្រេច​ថា ចិន មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ដើម្បី​ទាមទារ​សិទ្ធិ​ប្រវត្តិសាស្ត្រ​ដើម្បី​គ្រប់គ្រង​នៅក្នុង​តំបន់​ចំណុច​ប្រាំបួន​ត្រេ​(Nine-dash line) ឡើយ​។​

ទី​ពីរ គឺ​ការបកស្រាយ​ពី​ឋានៈ​នៃ​តំបន់​។ តុលាការ បាន​ពិចារណា និង​វាយតម្លៃ​លើ​ការទាមទារ​របស់​ចិន​លើ​ដែនទឹក​តំបន់​លំនាច​។ ចំណុច​នេះ តុលាការ បានសម្រេច​ថា មិនមាន​កោះ​ណាមួយ​នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី​ដែល​ទាមទារ​ដោយ​ចិន ស្របទៅនឹង​បទបញ្ញត្តិ​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ឡើយ​។ ផ្ទុយទៅវិញ តុលាការ​បាន​រកឃើញ​ថា តំបន់​ទាំងនោះ ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន​។​
​ទី​បី គឺ​ទាក់ទង​នឹង​សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។  តុលាការ​រកឃើញថា ចិន បាន​បំពាន​លើ​សិទ្ធិ​អធិបតេយ្យ​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន ដោយ​ចិន បាន​រំខាន​លើ​ការនេសាទ និង ចូល​ការរុករក​ប្រេង​របស់​ហ្វីលីពីន , សាងសង់​កោះ​សិប្បនិម្មិត  និង​បាន​បរាជ័យ​ក្នុង​ការរារាំង​អ្នកនេសាទ​ចិន​ឲ្យ​ចូលទៅក្នុង​តំបន់​នេសាទ​របស់​ហ្វីលីពីន​។ តុលាការ ក៏បាន​សម្រេច​ដែលថា អ្នកនេសាទ​ពី​ហ្វីលីពីន មាន​សិទ្ធិ​នេសាទ​បែប​ប្រពៃណី​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal​។​

ទី​បួន គឺពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​លើ​បរិស្ថាន​ដែនសមុទ្រ​។ ចំណុច​នេះ តុលាការ​បាន​រកឃើញ​ថា សម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រា​ត​លី​ដែល​រួមមាន​ទាំង​ការ​វាតទី និង​ការសាងសង់​កោះ​សិប្បនិម្មិត បាន​បណ្តាល​ឲ្យ​មានការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បរិស្ថាន និង បំពាន​ទៅនឹង​កាតព្វកិច្ច​ក្នុងការ​អភិរក្ស និង​ប្រព័ន្ធ​ការពារ​អេកូឡូស៊ី​។​

​ចំណុច​ចុងក្រោយ គឺ​ទាក់ទង​នឹង​ការធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​។ ក្នុង​ចំណុច​នេះ តុលាការ បាន​រកឃើញថា ការ​វាតទី​ដ៏​ធំធេង និង​ការសាងសង់​កោះ​សិប្បនិម្មិត​របស់​ចិន មិន​ស្របច្បាប់ និង​បាន​បំផ្លាញ​ភស្តុតាង​ដែលជា​លក្ខខណ្ឌ​ធម្មជាតិ​នៃ​តំបន់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្នែក​នៃ​ភាគី​ជម្លោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ហ្វីលីពីន បានដាក់​បណ្តឹង​សមុទ្រ​ចិន​ខាងត្បូង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់​ប្រឆាំង​ចិន​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ចិន បាន​បដិសេធ​មិន​ចូលរួម​នីតិវិធី​ឯកតោភាគី​នេះឡើយ និង​ថែមទាំង​ប្រកាសថា តុលាការ​មិនមាន​យុត្តាធិការ​លើ​សំណុំ​រឿងនេះ​ទៀតផង​។​

ជំហរ​ចិន ក្រោយ​តុលាការ​សម្រេច​ថា​ខ្លួន បំពាន​ច្បាប់​អន្តរជាតិ និង​ប្រើប្រាស់​ភស្តុតាង​គ្មាន​មូលដ្ឋាន​

ភ្លាមៗ​នឹង​ការប្រកាស​សាលក្រម​នោះ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែង​បញ្ជាក់ថា ចិន នឹងមិន​ទទួលស្គាល់​រាល់​សេចក្តី​អះអាង ឬ​សកម្មភាព ដោយ​ផ្អែក​តាម​សាលក្រម​ដែល​ប្រកាស​ដោយ​សាលាក្តី​ម​ជ្ឈ​ត្ត​កម្ម​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​បង្កើតឡើង​ដោយ​ឯកតោភាគី​ដោយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​គឺ លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​។ ប្រមុខរដ្ឋ​ចិន ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា អធិបតេយ្យ​របស់​ចិន និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​មិនអាច​ប៉ះពាល់​បាន​ដោយ​គ្រាន់តែ​សាលក្រម​នោះ​ក្នុងស្ថានភាព​ណាក៏ដោយ​។​

ជាងនេះទៅទៀត​នោះ នៅក្រោយ​នៃ​ការប្រកាស​សាលក្រម​មួយថ្ងៃ ក្រុង​ប៉េកាំង ក៏បាន​ចេញផ្សាយ​«​សៀវភៅ​ស​»​ដែលមាន​កម្រាស់​ជាង​៤០​ទំព័រ​ដើម្បី​បញ្ជាក់​ជំហរ​ខ្លួន​ជាថ្មី​ម្តងទៀត​។ សៀវភៅ​ស​នោះ មាន​ឈ្មោះថា «​ចិន ប្រកាន់​ជំហ​មិន​ប្រែប្រួល​លើ​ការដោះស្រាយ​តាមរយៈ​ការចរចា លើ​ជម្លោះ​ពាក់ព័ន្ធ​រវាង​ចិន និង​ហ្វីលីពីន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​» និង​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Liu Zhenmin ។​

នៅក្នុង​ការធ្វើ​បទ​បង្ហាញ​នោះ លោក​អនុរដ្ឋមន្ត្រី បាន​ពណ៌នា​សាលក្រមរ​បស់​តុលាការ គឺ​ប្រៀបប្រដូច​ទៅនឹង​«​ក្រដាស​សម្រាម​មួយ​ដូច្នោះ​ឯង​»​។ នេះ​បើ​យោងតាម​ការផ្សាយ​ទូរទស្សន៍​ចិន CCTV ដែល​បាន​ដកស្រង់​ការព្រមាន​របស់លោក​អនុរដ្ឋមន្ត្រី​ដែរ​ថា «​ប្រទេស​ដទៃ​កុំ​ឆ្លៀតឱកាស​នេះ​មក​គំរាម​ចិន​ឲ្យ​សោះ​»​។ មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​បង្ហាញ​ក្តីសង្ឃឹម រួម​ជាមួយនឹង​ការព្រមាន​ចុងក្រោយ​ដែរ​ថា ប្រទេស​ដទៃ អាចធ្វើ​ការរួម​គ្នា​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាងត្បូង និង​កុំ​បណ្តោយ​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយជា​ដើមទង​នៃ​សង្គ្រាម​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com