កីឡាជាតិ
ជាតិ
សហព័ន្ធ​ប្រដាល់​គ្រោង​បង្កើត​ការប្រកួត​ប្រចាំខែ​នៅ​ព្រះសីហនុ ​បើសិន​មានការ​គាំទ្រ​ច្រើន​
02, Jan 2017 , 10:19 am        
រូបភាព
ដោយ:
ប្រសិនបើ​ទទួលបាន​ការសហការ​ពី​អភិបាលខេត្ត​ព្រះសីហនុ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា គ្រោង​នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​ដណ្តើម​ជើងឯក​ប្រចាំខែ និង​សប្តាហ៍​នៅ​ខេត្ត​ព្រះសីហនុ​។ គម្រោង​បង្កើត​ឲ្យ​មាន​ប្រកួត​នេះ បន្ទាប់ពី​ប្រដាល់​គុន​ខ្មែរ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​នា​ព្រឹ​តិ្ត​ការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៥​នៅ​ខេត្ត​នេះ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៥ ខែធ្នូ កន្លងទៅ​។


​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍​ដែលមាន​សម្បត្តិ​ធម្មជាតិ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​មួយ​នេះ​យ៉ាងច្រើន​កុះករ​។ ដូច្នេះ​ដើម្បី​រួមចំណែក​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​នៅ​កម្ពុជា ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​អន្តរជាតិ​ជាច្រើន​នៅ​ខេត្ត​មួយ​នេះ​។


​ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍​ជាប់​ចំណាត់ថ្នាក់​លេខ​១​ដែលមាន​ឆ្នេរ​ខ្សាច់​ល្អ​ដាច់​គេ​នៅលើ​ពិភពលោក និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​ដែល​ដាក់ចេញ​ដោយ​ក្រសួងទេសចរណ៍​«​កីឡា​ទេសចរណ៍​»​។ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា គ្រោង​នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​ជ្រើសរើស​ជើងឯក​ប្រចាំខែ​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​បាន​បញ្ជាក់ថា គម្រោង​នេះ​អាច​ដំណើរការ​ទៅបាន​លុះត្រា​មានការ​សហ​ពី​អភិបាលខេត្ត​មួយ​នេះ​។



​ការគ្រោង​នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​ដែលជា​កេ​រិ៍​តំណែល​របស់​បុព្វបុរស​ខ្មែរ​នេះ ដោយសារ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​មើលឃើញ​ពី​សន្ទុះ​នៃ​ការគាំទ្រ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៥ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៥ ខែធ្នូ​។ ម្យ៉ាងទៀត លោក​គិតថា ខេត្ត​នេះ​ជា​តំបន់​ទេសចរណ៍​សក្តានុពល​ដ៏​សំខាន់​សម្រាប់​វិស័យ​កីឡាប្រដាល់​។ 

​លោក តែម ម៉ឹ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ឃើញថា ខេត្ត​នេះ​ជា​ខេត្ត​សក្តានុពល​ទេសចរណ៍​មួយ​ដ៏​ល្អ ជាពិសេស​ជា​ទិសដៅ​ដ៏​ល្អ​សម្រាប់​វិស័យ​កីឡាប្រដាល់​របស់​យើង ហើយ​កន្លងមក​យើង​បានរៀបចំ​ពីរ​បី​ដង​រួចមកហើយ​នៅ​ខេត្ត​មួយ​នេះ​ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​។ បើសិនជា​មានការ​គាំទ្រ​ពី​អភិបាលខេត្ត យើង​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ប្រចាំខែ ប្រចាំ​សប្តាហ៍​របស់​យើង​»​។



​ទោះបី​ការប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​មិនមាន​ការប្រកួត​លក្ខណ​អន្តរជាតិ​ក៏ដោយ ប៉ុន្តែ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែល​ទស្សនាការ​ប្រកួត​បា​ន​វាយតម្លៃ​ខ្ពស់​ថា ការប្រកួត​មាន​លក្ខណ​ស្វិតស្វាញ និង​ល្អ​បំផុត ព្រោះ​កីឡាករ​ប្រកួត​អស់ពី​សមត្ថភាព គោរព​វិន័យ​បានល្អ ជាពិសេស​គោរព​គោលការណ៍ Fair Play៕


© រក្សាសិទ្ធិដោយ thmeythmey.com