កីឡាជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម ប្តេជ្ញា​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ឲ្យ​ស្គាល់​រដូវ​កាល​ជោគជ័យ​នៅ​ឆ្នាំ​២០១៧
01, Jan 2017 , 2:00 pm        
រូបភាព
ដោយ:
​រដូវ​កាល​ឆ្នាំ​២០១៦ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ចំណាត់ថ្នាក់​លេខ​៤​នៅ​ក្របខណ្ឌ​កំពូល និង​លេខ​២​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ សម្រាប់​រដូវ​កាល​ថ្មី ខ្សែប្រយុទ្ធ​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​តាំងចិត្ត​ជួយ​ក្រុម​ឲ្យ​បាន​លទ្ធផល​ល្អប្រសើរ​ជាង​នេះ ហើយ​រូបគេ​ក៏​ព្យាយាម​ពង្រឹងសមត្ថភាព​របស់​ខ្លួន​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ផងដែរ​។​

 
​ប្រាក់ មុន្នី​ឧ​ត្ត​ម ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ប្តេជ្ញា​ថា នឹង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឲ្យ​រីកចម្រើន​ថែមទៀត តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​ខ្លួនឯង ក៏ដូចជា​ជាមួយ​ក្លិប និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ការ​ប្តេ​ជា្ញ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការប្រកួតប្រជែង​នៅក្នុង​ស្រុក និង​ក្រុម​ជម្រើសជាតិ ជាពិសេស​ដើម្បី​ជួយ​ក្លិប​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ប្រាក់ មុន្នី​ឧ​ត្ត​ម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឆ្នាំ​២០១៧ សំខាន់​គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់ អ៊ីចឹង​ខ្ញុំ​គិតថា ខ្ញុំ​នឹង​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ជាដំបូង បន្ទាប់មក​ការហ្វឹកហាត់​នៅក្នុង​ក្លិប​ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត បន្ទាប់មក​យើង​ត្រូវខិតខំ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង​មុន ព្រោះ​អី​ការប្រកួត​ជម្រើសជាតិ និង​ក្លិប​ចេះតែ​កើនឡើងៗ​ទៅមុខ តែបើ​យើង​នៅតែ​ដដែលៗ អ៊ីចឹង​យើង​មិនអាច​អភិវឌ្ឍន៍​ខ្លួនឯងបាន​នោះទេ ដូច្នេះ​យើង​ត្រូវ​អភិវឌ្ឍន៍​ខ្លួនឯង​ឲ្យ​បាន​ច្រើនជាង​មុន​»​។ 
 
​កាលពី​រដូវ​កាល​ឆ្នាំ​២០១៦ ព្រះខ័ន​រាជ​ស្វាយរៀង បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​នៅក្នុង​ក្របខណ្ឌ​កំពូល ហើយ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន មុននឹង​ចាញ់​ក្រសួងការពារជាតិ​ដោយ​ការសម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ស្មើ ១-១ នៅ​ម៉ោង​ធម្មតា​។​
«​ខ្ញុំ​ប្តេជ្ញា​ថា ឆ្នាំ​២០១៧ នេះ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​អី​ឆ្នាំមុន​យើង​បាន​បរាជ័យ​ក្នុង​ពានរង្វាន់​សម្តេច​ផង និង​ពានរង្វាន់​លី​ក​ផង​។ អ៊ីចឹង​ឆ្នាំនេះ​(២០១៧) មិន​ត្រឹមតែ​ខ្ញុំ​នោះទេ គឺ​ក្រុម​ទាំងមូល​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ជាង​ឆ្នាំមុន​ទៀត​»​។ នេះ​ជា​សំដី​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។​
 
​នៅពេល​សួរ​ពាក់ព័ន្ធ​ពី​គម្រោង​ចេញទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​៖«​រឿង​នឹង​មិនទាន់​ដឹង​ដែរ​បង មិនទាន់​សម្រេចចិត្ត​ច្បាស់​»៕    

Tag:
 ប្រាក់ មុន្នី​ឧ​ត្ត​ម​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com