អន្តរជាតិ
ទី​ម័​រ​ខាងកើត អាច​ក្លាយជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅ​ឆ្នាំ​២០១៧ ?
01, Jan 2017 , 8:00 pm        
រូបភាព
នាយករដ្ឋមន្ត្រីទីម័រខាងកើត (ខាងស្តាំ) និងអគ្គលេខាធិការអាស៊ាន (ខាងឆ្វេង)
នាយករដ្ឋមន្ត្រីទីម័រខាងកើត (ខាងស្តាំ) និងអគ្គលេខាធិការអាស៊ាន (ខាងឆ្វេង)
ដោយ:
​រយៈពេល​ជាង​កន្លះ​ទសវត្ស​រ៍ហើយ​ដែល​រដ្ឋ​ក្មេងខ្ចី ទី​ម័​រ​ខាងកើត បាននិងកំពុង​តែ​រង់​ចាំ​ការសម្រេច​ជា​ឯកច្ឆន្ទ​ពី​បណ្តា​សមាជិក​អាស៊ាន​ទាំង​ដប់​ក្នុងការ​ក្លាយជា​សមាជិក​ពេញអង្គ​របស់​អាស៊ាន​ជា​ផ្លូវការ​។ កាលពី​ប៉ុន្មាន​ខែ​មុននេះ ឥណ្ឌូនេស៊ី ក៏​ហ៊ាន​អះអាងថា មិនយូរ​នោះទេ​ទី​ម័​រ​ខាងកើត​នឹង​ក្លាយជា​សមាជិក​អាស៊ាន​ជា​ផ្លូវការ​ហើយ​។

 
​លោក Rahmat Pramono អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​អាស៊ាន នៅ​ខែឧសភា​កន្លងទៅ ធា្ល​ប់​បាន​អះអាង ថា «​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ ឬ​ទី​ម័​រ​ខាងកើត នឹង​ក្លាយជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៧​ហើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន TEMPO.CO​។​
 
​លោក​អគ្គរដ្ឋទូត​បាន​រម្លឹកថា នៅ​ឆ្នាំ​២០១១ នៅពេលដែល​ឥណ្ឌូណេស៊ី ធ្វើជា​ប្រធាន​នៃ​អាស៊ាន ទី​ម័​រ ខាងកើត បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​អាស៊ាន ហើយ​សមាជិក​អាស៊ាន ក៏បាន​យល់ព្រម​ក្នុង ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​រដ្ឋ​ថ្មី​ផងដែរ​។ ការសិក្សា​ពី​លទ្ធភាព​នោះ ទាក់ទង​នឹង​សរស​ស្តម្ភ​ទាំង បី​របស់​អាស៊ាន​ដើម្បី​វាយតម្លៃ​រួមមាន សរ​ស្តម្ភ នយោបាយ និង​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ។ តែ​លោក ក៏បាន​បញ្ជាក់ថា «​ការសិក្សា​ពី​នយោបាយ និង​សេដ្ឋកិច្ច កំពុងតែ​ត្រូវបាន​វាយតម្លៃ ខណៈ សង្គម​-​សេដ្ឋកិច្ច គ្រោង​នឹង​បញ្ចប់​នៅក្នុង​ចុងឆ្នាំ​២០១៦​។ 
 
​នាពេលនោះ អគ្គរដ្ឋទូត​ដដែល​នោះ ក៏បាន​បន្ថែម​ដែរ​ថា « នាពេលខាងមុខ​ដ៏​ខ្លី​នេះ តំណាង​របស់​អាស៊ាន​ទាំងអស់ នឹង​ប្រជុំ​ដើម្បី​ពិភាក្សា​ពី​ការចូលរួម​របស់​ទី​ម័​រ​ខាងកើត ហើយ​ប្រសិន ទទួលបាន​ការយល់ព្រម នោះ ទី​ម័​រ ខាងកើត នឹង​ក្លាយជា​សមាជិក​ទី​១១​របស់​អាស៊ាន​។ សមាជិក​ទាំងអស់​រប​ស់អា​ស៊ាន​បច្ចុប្បន្ន មាន ដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ 
 
​អ្វី​ដែលជា​ពន្លឺ​បន្ទាប់ពី​ការលើកឡើង​របស់​មន្ត្រី​ការទូត​ជាន់ខ្ពស់​ឥណ្ឌូនេស៊ី​រូបនេះ​គឺ ការបង្ហាញ​ពី​តម្រុយ​វិជ្ជមាន​ពី​សមាជិក​អាស៊ាន​ទាំង​ដប់​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ឡាវ​កន្លងមក​។  ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​ដប់ បានកត់សម្គាល់​ពី​ការបញ្ចប់​ការសិក្សា​ឯករាជ្យ​ចំនួន​បី លើ​ផលប៉ះពាល់​នៃ​ការដាក់​ពាក្យសុំ​ចូល​រប​ស់​ទី​ម័​រ​ខាងកើត នៅក្នុង​សសរស្ដម្ភ​ទាំងបី​របស់​អាស៊ាន​។ សសរស្ដម្ភ​ទាំងបី​របស់​អាស៊ាន រួមមាន​សហគម​ន៍ស​ន្តិ​សុខ​និង​នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​។​
 
​បន្ថែម​លើ​នេះ សេចក្ដីថ្លែងការណ៍​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ក៏បាន​បញ្ជាក់ដែរថា ស្ថាប័ន​តាម​វិស័យ​មួយចំនួន​របស់​អាស៊ាន ក៏បាន​ចាប់ផ្ដើម​ការស្វែងរក​លទ្ធភាព​នៃ​ការចូលរួម​របស់​ទី​ម័​រ​ខាងកើត​ទៅក្នុង​សកម្មភាព​របស់ខ្លួន សំដៅ​កសាង​សមត្ថភាព​ផងដែរ​។ ការសិក្សា​នេះ គឺ​ស្របតាម​ការសម្រេច​រប​ស់​កិច្ចប្រជុំ​លើក​ទី​៥ នៃ​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។ ហើយ​ឆ្នាំនេះ កិច្ចប្រជុំ​នៃ​ក្រុមការងារ​នេះ នឹង​ប្រជុំ​លើ​លទ្ធផល​នៃ​ការសិក្សា​ទាំងនោះ​។​
 
១. មាន​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​អាច​ក្លាយជា​សមាជិក​អាស៊ាន​?
​ដូចដែល​បាន​បញ្ញត្តិ​ក្នុង​ជំពូក​ទី​៣ មាត្រា​៦ នៃ​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយជា​សមាជិក​របស់​អា​ស៊ាន រដ្ឋ​ដែល​បានដាក់​ស្នើ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​។ ក្នុងនោះ​រួមមាន ត្រូវមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការទទួលស្គាល់​ពីរ​ដ្ឋ​អាស៊ាន​ទាំងអស់ គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជាពិសេស​នោះ​ត្រូវ​ទទួលបាន​ការយល់ព្រម​ជា​ឯក​ច្ឆ័​ន​ពី​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​ផងដែរ​។​
 
​ក្នុង​ឆ្នាំ​២០១១ ដែលជា​ពេល​ទី​ម័​រ​ខាងកើត បានដាក់​សំណើសុំ​ចូល​ជា​សមាជិក ២០១១ សិង្ហ​បុរី ធា្ល​ប់​បាន​ជំទាស់​រួចទៅហើយ ចំពោះ​ការសុំ​ចូល​ជា​សមាជិកភាព ដ្បិត​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ទី​ម័​រ​ខាងកើត និង​សេដ្ឋកិច្ច​នៅមាន​លក្ខណៈ​ផុយស្រួយ​នៅឡើយ​។ ក្រោយមកទៀត​របៀបវារៈ​នៃ​ការពិភាក្សា​ពី​សមាជិកភាព មិនត្រូវ​បាន លើក​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ទៀត​នោះទេ​។​
 
២. អ្វី​ជា​កត្តា​ប្រឈម​របស់​ទី​ម័​រ​ខាងកើត​? 
​តាមពិតទៅ ទី​ម័​រ​ខាងកើត​ទើបតែ​ទទួលបាន​ឯករាជ្យ​ពេញលេញ​នៅក្នុង​២០០២​ប៉ុណ្ណោះ​។ មុនពេល នៃ​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ ប្រទេស​កោះ​មួយ​នេះ បាន​ឆ្លងកាត់​បទពិសោធន៍​ល្វីង​ជូរចត់​ជាច្រើន ក្រោម​ម្ចាស់​អាណានិគម ជាពិសេស​នោះ ការធ្វើ​ទុក​បុក​ម្នេញ​ពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី​។ យ៉ាង​ក៏ដោយ ក្រោយ​ទទួលបាន​ឯករាជ្យ និង​ក្លាយជា​សមាជិក​របស់​អង្គការ​សហ​ប្រជា​តិ ទី​ម័​រ​ខាងកើត បាន​ព្យាយាម អភិវឌ្ឍន៍ និង​ស្តារ​ប្រទេស​ឡើងវិញ​។ 
 
​ដោយឡែក សម្រាប់​ការប៉ុនប៉ង​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន ទី​ម័​រ​ខាងកើត​ហាក់​មាន​បញ្ហា​ប្រឈម​ដែល​អាចធ្វើ​ឲ្យ​ដំណើរការ​នៃ​ការទទួលយក​សម្រាប់​អាស៊ាន​ត្រូវការ​ប្រើពេល​យូរ​។ 
 
​ក​. គម្លាត​សេដ្ឋកិច្ច​?
​បើ​យើង​តាម​របាយការណ៍​របស់ ADB និង World Bank ក្នុង​ឆ្នាំ​២០១៤ កំណើនសេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរកត់សម្គាល់​។ យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​ពី ផលិតផល​ក្នុងស្រុក​សរុប (GDP) ចុងក្រោយ របស់​រដ្ឋ​នេះ  ទី​ម័​រ​ខាងកើត សម្រេចបាន​ត្រឹម ១.៤១៧(២០១៤) ពាន់​លាន​ដុល្លារ តែប៉ុណ្ណោះ ដែល​តួលេខ​នេះ ទាប​ជាង​ប្រទេស​អាស៊ាន​ចាស់ ច្រើនដង​។ 
 
​អ្វីដែល​គួរកត់សម្គាល់​នោះ អាស៊ាន កំពុងតែ​ក្លាយជា​សហគមន៍​តែមួយ និង​ចាប់ផ្តើម​ដំណើរ ការ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៀត ដែល​បញ្ហា​នេះ កាន់តែ​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ការ​ក្លាយជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​កាន់តែ​ទាប​។ 
 
​ខ​. បញ្ហា​អធិបតេយ្យ​?
​ក្រោយ​ប្រកាស​ឯករាជ្យ​បញ្ហា​សន្តិសុខ​ក្នុងស្រុក​របស់​ទី​ម័​រ​ខាងកើត គឺជា​បញ្ហា​ចោទ​មួយ​ដ៏​ចម្បង​។ នោះ ក៏​ព្រោះតែ​បញ្ហា​បោះ​បោរ​ពី​ក្រុម​ឧទ្ទាម​នៅតែ​បន្ត​កើតមាន និង​ជារឿយៗ​តែងមាន​ការប៉ះទង្គិច​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ផងដែរ​។ បញ្ហា​នេះ បាន​ធូរស្រាល​មកវិញហើយ តែ វា​បែរជា​ត្រូវ​មក​ជំនួស​នឹង​បញ្ហា​ជម្លោះ​អធិបតេយ្យ​ថ្មី​ដែល​វា នឹង​បង្ក​ភាពស្មុគស្មាញ​ចំពោះ​អាស៊ាន​ដែល​កំពុង​តែមាន រឿងចម្រូងចម្រាស​អធិបតេយ្យ​ដោះស្រាយ​មិន​ចេញ​ស្រាប់​នោះ​។​
 
​បញ្ហា​អធិបតេយ្យ​របស់​ទី​ម័​រ​ខាងកើត​នោះ​គឺ ការកំណត់​ព្រំដែន​ជាមួយនឹង​អូស្ត្រាលី​។ បើទោះបី​ទី​ម័​រ​ខាងកើត គឺជា​ប្រទេស​ឯករាជ្យ​មួយ​ក៏ដោយ មកទល់ពេលនេះ ប្រទេស​កោះ​នេះ មិនទាន់មាន​ព្រំដែន អចិន្ត្រៃយ៍​មួយ​នៅឡើយ​នោះទេ​។ ហើយ​បញ្ហា​នេះ កំពុងតែ​បង្ក​ភាពស្មុគស្មាញ​រវាង​រដ្ឋា​ភិ​បាល​ទី​ម័​រ​ខាងកើត​ដែល​កំពុងតែ​ទទួល​សម្ពាធ​ប្រជាជន​ខ្លួន​ប្រឆាំងនឹង​ការគ្រប់គ្រង​ខុសច្បាប់​របស់​អូស្ត្រាលី​លើ​សមុទ្រ​ទី​ម័​រ​ខាងកើត​ដែល​សំបូរ​ទៅដោយ​ប្រេង​នោះ​។​
 
​នេះ មានន័យថា បើ​ទី​ម័​រ​ខាងកើត ក្លាយជា​សមាជិក​អាស៊ាន​នៅពេលនេះ អាស៊ាន ត្រូវមាន​តួនាទី​ជួយ ស្វែងរក​ដំណោះស្រាយ​ដែលមាន​ករណី​ស្រដៀង​គ្នា​ដ៏​ចម្រូងចម្រាស​។ បច្ចុប្បន្ន គ្រាន់តែ​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង អាស៊ាន​ស្ទើរតែ​បែង​ចែកជា​ក្រុម​ទៅហើយ ចុះ​ទម្រាំ​បូក​បន្ថែម​បញ្ហា​អធិបតេយ្យ​ផ្សេងទៀត តើ​អាស៊ាន​ដែល​អង្គការ​ក្នុង​តំបន់​មួយ នឹងត្រូវ​ទៅជា​យ៉ាងណា​? 
 

Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com