អន្តរជាតិ
២០១៦៖ បា​រ៉ា​ក់ អូ​បា​ម៉ា ជា​ប្រធានាធិបតី​ដំបូង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​
01, Jan 2017 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
លោក បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ជនជាតិ​ជប៉ុន​ដែល​បាន​ស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់​អាមេរិក​នៅ ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​មួយ​សម្រាប់​ឆ្នាំ ២០១៦​នេះ​។


 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជាជន​ជប៉ុន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​កាលពី​ខែឧសភា​ឆ្នាំ ២០១៦ កន្លងទៅ​។​
 
​ក្នុងពេល​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ លោក​បាន​ឆ្លៀត​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​ឯទៀត​ជាពិសេស​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​សាយភាយ ឬ​ឈានដល់​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នេះ​ជាថ្មីទៀត​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រធានាធិបតី​អាមេរិក​រូបនេះ មិនបាន​ប្រកាស​សុំ​អភ័យទោស​ចំពោះ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ប្រឆាំង​ជប៉ុន​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​នោះឡើយ​។​
 
​ថ្វីបើ​គ្មាន​ការសុំ​អភ័យទោស​ពី​សំណាក់​មេដឹកនាំ​អាមេរិក​ក៏ដោយ ប្រជាជន​ជប៉ុន​សង្ឃឹមថា បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​នឹងធ្វើ​តាម​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ជប៉ុន​ក៏​ប្តេជ្ញា​បន្ត​តួនាទី​ជាត​ស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​ពិភព​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀតផង​។ ជប៉ុន​បញ្ជាក់ថា ខ្លួន​ឆ្អែតឆ្អន់​នឹង​សង្គ្រាម ហើយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ក៏​ចង់​ឲ្យ​ពិភពលោក​ទប់ស្កាត់​ឲ្យ​បាន​នូវ​សង្គ្រាម​បង្ហូរឈាម​គ្នា​ផងដែរ​។​
 
 សូម​រម្លឹក​ផងដែរ​ថា ថ្ងៃ ៦ សីហា ឆ្នាំ​១៩៤៥ នៅ​ម៉ោង​ប្រហែល ២ ៖ ៤៥​នាទី​ព្រឹក (​ម៉ោង​ប្រទេស​ជប៉ុន​) យន្តហោះ​ទម្លាក់​គ្រាប់បែក B-29 អាមេរិក​មួយគ្រឿង​ឈ្មោះ Enola Gay បាន​ហោះ​ចេញពី​កោះ Tinian ដើម្បី​កម្ទេច​ទីក្រុង​ជប៉ុន ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ យន្តហោះ​នេះ​បានធ្វើ​ដំណើរ​មកដល់​ទី​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima) និង​ដាច់ចិត្ត​ទម្លាក់​គ្រាប់​នៅ​ម៉ោង​៨៖១៦​នាទី​ព្រឹក​។ រឿង​ដែល​រន្ធត់​បំផុត​នោះ​គ្រាន់តែ​គ្រាប់បែកបរមាណូ​ធ្លាក់​ដល់​ដី​ភ្លាម ទីក្រុង​ទាំងមូល​ខ្ទេច​ស្ទើរ​គ្មាន​សល់ ហើយ​មនុស្ស​ប្រហែល ៨​ម៉ឺន​នាក់​ស្លាប់​ភ្លាមៗ និង​មនុស្ស​ប្រហែល​៣៥០០០​នាក់​ទៀត​រងរបួស​ផងដែរ ។​
 
​អ្វី​គួរកត់សម្គាល់​នោះ គ្រាប់បែកបរមាណូ​ដែល​សម្លាប់​មនុស្ស​រាប់សែន​នាក់​នៅ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា​ត្រឹម​ជា​គ្រាប់បែក​ទីមួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា  Little Boy ។ បី​ថ្ងៃក្រោយ​ការទម្លាក់​គ្រាប់​នេះ គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​ត្រូវបាន​ទាហានជើងអាកាស​អាមេរិក​ទម្លាក់​កម្ទេច​ទីក្រុង​ជប៉ុន​មួយទៀត គឺ ណា​កា​សា​គី (Nagasaki)  ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ស្លាប់​យ៉ាង​អាណោច​អាធ​ម​៕

Tag:
 ហ៊ី​រ៉ូ​ស៊ី​ម៉ា​
 ​ជប៉ុន​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com