កីឡាជាតិ
ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់ ប៉ាល់ ជី​វ័​ន្ត ប្តេជ្ញា​បង្កើន​ការហ្វឹកហាត់​ដើម្បី​ប្រជែង​ជើងឯក​ពិភពលោក​
30, Dec 2016 , 7:59 pm        
រូបភាព
ដោយ:
 
​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ប៉ាល់ ជី​វ័​ន្ត ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​អាយ​ធី​អែ​ហ្វ​(ITF)​ក្លិប​យុវជន​បាន​ប្តេជ្ញា​ថា នឹង​បង្កើន​ការហ្វឹកហាត់​របស់ខ្លួន​ទ្វេដង ដើម្បី​ត្រៀម​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េ នា​ឆ្នាំ​២០១៧​ខាងមុខ​។ ជាមួយគ្នានេះ​កីឡាការិនី ប៉ាល់ ឆរ​ស្មី ដែលជា​ប្អូនបង្កើត​ក៏បាន​ប្តេជ្ញា​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ត្រៀម​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

 
​ក្រោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១ បានធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​កីឡា​តេ​ក្វាន់​ដូ ITF ប៉ាល់ ជី​វ័​ន្ត ព្រមទាំង​កីឡាការិនី ប៉ាល់ ឆរ​ស្មី ដែលជា​ប្អូនបង្កើត​មានការ​ប្តេ​ជា្ញ​រៀងៗ​ខ្លួន​សម្រាប់​ផែនការ​ក្នុង​ឆ្នាំ​២០១៧​។ លើសពីនេះ បងប្អូន​បង្កើត​ទាំងពីរ​ផ្តោត​សំខាន់​លើ​ការស្វែងរក​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​កូរ៉េខាងជើង នា​ខែកញ្ញា​។ 
 
​ជាមួយគ្នានេះ កីឡាករ ប៉ាល់ ជី​វ័​ន្ត ដែល​ដណ្តើមបាន​មេដាយមាស​៤​ម្នាក់ឯង​ពី​ការធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​បានដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៧​ថា ខ្លួន​នឹង​បង្កើន​ការហ្វឹកហាត់​ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​នៅ​ដើមឆ្នាំ​តែម្តង ដោយ​សម្រួច​ទៅលើ​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។​
 
​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​កីឡា​តេ​ក្វាន់​ដូ ITF រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ការប្តេជ្ញា​របស់ខ្ញុំ គឺ​ឆ្នាំ​២០១៧​ដើមឆ្នាំ គឺ​យើង​នឹង​ប្រឹងប្រែង​ហ្វឹកហាត់ ដោយ​ទិសដៅ​របស់ខ្ញុំ​ផ្តោតទៅលើ​ការប្រកួត​ជើងឯក​ពិភពលោក​នា​ខែកញ្ញា នៅ​ទីក្រុង​ព្យុងយ៉ាង​។ ហើយ​យើង​នឹង​បន្ត​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ជាតិ​កម្ពុជា​»​។ 
 
​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​លំដាប់​ពិភពលោក​នេះ មិនមែនជា​លើក​ទី​១​សម្រាប់​ម្ចាស់​មេដាយមាស​៤​កម្រិត​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ នោះទេ ពោលគឺ​រូបគេ​ធ្លាប់​ចូលរួម​ប្រកួត​ជាច្រើនលើក​រួចមកហើយ ប៉ុន្តែ​មិន​ធ្លាប់​ទទួលបាន​មេដាយមាស​នោះឡើយ គឺ​បាន​ត្រឹម​ប្រាក់ និង​សំរឹទ្ធ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​ក្លិប​យុវជន​រូបនេះ​រំពឹងថា ប្រសិនបើ​បាន​ចូលរួម​ប្រកួត​លើក​នេះ រូបគេ​នឹង​ដណ្តើម​មេដាយ​ជូន​ជាតិ​កម្ពុជា​ឲ្យ​បាន ជាពិសេស​រំពឹង​លើ​វិញ្ញាសា​សម្តែង​មេគុន​។ 
 
​ទន្ទឹមនឹងនេះ កីឡាការិនី ប៉ាល់ ឆរ​ស្មី ដែល​ដណ្តើមបាន​មេ​មាស​៣​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ីអាគ្នេយ៍​បាន​ប្តេជ្ញា នាង​នឹង​ខិតខំ​ប្រឹង​ប្រែ​អ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា ជាពិសេស​ការប្រកួត​ជើងឯក​ពិភពលោក​តែម្តង​។​
 
«​សម្រាប់​ខ្ញុំ​ផ្ទាល់ ទោះបី​ការប្រកួត​មាន​លក្ខណ​តូច​ឬ​ធំ​យ៉ាងណាក៏ដោយ ខ្ញុំ​តែងតែ​មានការ​តាំងចិត្ត និង​ត្រៀមខ្លួន​ជានិច្ច ដោយ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​មិន​ចង់​ឲ្យ​មានការ​ធ្វេសប្រហែស ព្រោះ​យើង​មិនអាច​មើលឃើញ​ពី​សមត្ថភាព​ដៃគូ​យ៉ាងណា​នោះទេ សំខាន់​ប្រឹងប្រែង​ឲ្យ​អស់​នូវ​អ្វីដែល​យើង​មាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាការិនី ប៉ាល់ ឆរ​ស្មី​។ 
 
​គួរ​បញ្ជាក់ថា កីឡាការិនី ប៉ាល់ ឆរ​ស្មី បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF តាំងពី​ឆ្នាំ​១៩៩៧ ប៉ុន្តែ​ដោយសារ​បញ្ហា​សុខភាព ឆរ​ស្មី បានសម្រេច​ឈប់​នៅ​ឆ្នាំ​២០០៨​។ ទោះបី នាង​បាន​ឈប់​ពី​កីឡា​តេ​ក្វាន់​ដូ ITF ក៏ដោយ ប៉ុន្តែ​នាង​នៅតែ​បន្ត​ហ្វឹកហាត់​។ មិន​ត្រឹមតែ​ជា​កីឡាការិនី​តេ​ក្វាន់​ដូ​ប៉ុណ្ណោះ​ទេ រស្មី ថែមទាំង​ជា​កីឡាការិនី​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​ដ៏​ឆ្នើម​មួយរូប​ទៀតផង ដោយ​នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​តាំងពី​២០១១ រហូតដល់​បច្ចុប្បន្ន​។ 
 
​តាមរយៈ​បទពិសោធន៍​នៃ​ការ​ប្រ​ឡូ​ក្នុង​វិស័យ​កីឡា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ប៉ាល់ ឆរ​ស្មី ធ្លាប់​ទទួលបាន​មេដាយប្រាក់​២ មាស​៣ ផ្នែក​កីឡា​តេ​ក្វាន់​ដូ ITF​។ ហើយ​កាលពីពេល​ថ្មី​កន្លងទៅនេះ នាង​ដណ្តើមបាន​មេដាយមាស​១ ពី​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម​ផ្នែក​វ៉ូ​វី​ណា​ម​។ 
 
​ទោះបី​បច្ចុប្បន្ន​ម្ចាស់​មេដាយមាស​អាស៊ី​ផ្នែក​វ៉ូ​វី​ណា​ម កំពុង​មមា​ញឺ​ក​ជាមួយ​ការហ្វឹកហាត់​ត្រៀម​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤ និង​ការប្រកួត​លំដាប់​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ក៏ដោយ ប៉ុន្តែ​នាង​បាន​បញ្ជាក់ថា មិន​បោះបង់​កីឡា​តេ​ក្វាន់​ដូ ITF នោះឡើយ​ព្រោះ​វា​ជា​កីឡា​កំណើត​៕    
 
 
 


Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជី​វ័​ន្ត​
  ប៉ាល់ ឆរ​ស្មី​
© រក្សាសិទ្ធិដោយ thmeythmey.com